សម្ដេចក្រឡាហោម ស ខេង អញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខសមាជិក សមាជិការ សកម្មជន និងប្រជាពលរដ្ឋគាំទ្រគណបក្សប្រជាជនកម្ពុជាក្នុងឃុំស្មោងខាងជើង-ត្បូង និងឃុំក្រញូង នៃស្រុកកំចាយមារ ខេត្តព្រៃវែង
នាព្រឹកថ្ងៃសៅរ៍ ១៣រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ខេត្តព្រៃវែង និងបាត់ដំបង បានអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខសមាជិក សមាជិការ សកម្មជន និងប្រជាពលរដ្ឋគាំទ្រគណបក្សប្រជាជនកម្ពុជាក្នុងឃុំស្មោងខាងជើង-ត្បូង និងឃុំក្រញូង នៃស្រុកកំចាយមារ ខេត្តព្រៃវែង។
អញ្ជើញអមដំណើរសម្ដេចក្រឡាហោម ស ខេង នាឱកាសនោះ រួមមានសមាជិកសភា ថ្នាក់ដឹកនាំនិងក្រុមការងារចុះមូលដ្ឋានខេត្តព្រៃវែង ស្រុក និងឃុំនៃស្រុកកំចាយមារ ខេត្តព្រៃវែង។ បេក្ខជនក្រុមប្រឹក្សាឃុំ សមាជិក សមាជិការ និងប្រជាពលរដ្ឋអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា បានង្ហាញក្ដីរីករាយយ៉ាងក្រៃលែងចំពោះវត្តមានរបស់សម្ដេចក្រឡាហោម ស ខេង និងបានប្ដេជ្ញាចិត្តយកជ័យជម្នះជូនគណបក្សសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២នេះ។
សម្ដេចក្រឡាហោម ស ខេង ក៏បានថ្លែងអំណរគុណចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្ដៅពីអង្គពិធីនាឱកាសនោះ ព្រមទាំងបានមានប្រសាសន៍គូសបញ្ជាក់អំពីគុណតម្លៃនៃសន្តិភាព និងជ័យជម្នះរបស់គណបក្សប្រជាជនកម្ពុជា។ សម្ដេចបានអំពាវនាវប្រជាពលរដ្ឋអញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា និងរួមគ្នាចូលរួមធ្វើឱ្យការបោះឆ្នោតនេះបានប្រព្រឹត្តទៅក្នុងបរិយាកាសសុខសន្តិភាព គ្មានអំពើហិង្សា និងជោគជ័យ៕