សម្ដេចក្រឡាហោម ស ខេង អញ្ជើញទទួលដំណើរមាតុភូមិនិវត្តន៍សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ២០២២
នៅព្រឹកថ្ងៃព្រហស្បតិ៍ ១១រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញទទួលដំណើរមាតុភូមិនិវត្តន៍សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ២០២២ របស់វេទិកាសេដ្ឋកិច្ចពិភពលោក(WEF) នៅទីក្រុងដាវ៉ូស (Davos) ប្រទេសស្វីស។
សូមជម្រាបថាកិច្ចប្រជុំវេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុងដាវ៉ូស ប្រទេសស្វីស ទទួលបានលទ្ធផលជោគជ័យយ៉ាងត្រចះត្រចង់ ដោយក្នុងនោះសម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី បានអញ្ជើញថ្លែងសុន្ទរកថា ប្រកបដោយអត្ថន័យខ្លឹមសារនៅក្នុងពិធីបិទកិច្ចពិភាក្សាជាមួយភាគីពាក់ព័ន្ធក្រោមប្រធានបទ «ទស្សនវិស័យយុទ្ធសាស្ត្រលើអាស៊ាន» និងប្រធានបទ «ការស្តារសន្តិភាព និងសណ្តាប់ធ្នាប់ឡើងវិញ»។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក៏បានជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំវេទិកាសេដ្ឋកិច្ចពិភពលោក ឥស្សរជននយោបាយ និងធុរជនពិភពលោកជាច្រើនទៀត។ សម្ដេចក៏បានជួបសំណេះសំណាលជាមួយបងប្អូនជនរួមជាតិខ្មែរដែលរស់នៅប្រទេសស្វីស និងបណ្តាប្រទេសក្នុងតំបន់អឺរ៉ុបជាច្រើននាក់ក្នុងបរិយាកាសប្រកបដោយមនោសញ្ចេតនាខ្មែរស្រលាញ់ខ្មែរយ៉ាងជ្រាលជ្រៅបំផុត ៕