ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីពិធីសំណេះសំណាលជាមួយបងប្អូនសាសនិកឥស្លាមចំនួន៦០០នាក់ អញ្ជើញមកពីបណ្ដាស្រុក ក្រុង ក្នុងខេត្តបាត់ដំបង

នៅរសៀលថ្ងៃចន្ទ ៨រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៣​ ខែឧសភា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ប្រធានស្ដីទីគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយមូលដ្ឋានខេត្តបាត់ដំបង និងព្រៃវែង បានអញ្ជើញជាអធិបតីពិធីសំណេះសំណាលជាមួយបងប្អូនសាសនិកឥស្លាមចំនួន៦០០នាក់ អញ្ជើញមកពីបណ្ដាស្រុក ក្រុង ក្នុងខេត្តបាត់ដំបង។

ក្រោមអធិបតីភាពសម្ដេចក្រឡាហោម ស ខេង ពិធីសំណេះសំណាលនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវជាសមាជិកព្រឹទ្ធសភា​ សមាជិករដ្ឋសភា​ ឯកឧត្តមប្រធាន អនុប្រធាន និងសមាជិកគណៈចលនាសាសនិកឥស្លាមនៃគណៈកម្មាធិការកណ្ដាល ឯកឧត្តម លោកជំទាវសមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការគណបក្សខេត្ត ឯកឧត្តមប្រធាន អនុប្រធានគណៈកម្មការគណបក្សខេត្ត ឯកឧត្តម លោកជំទាវក្រុមការងារគណបក្ស និងអស់លោក លោកស្រីជាតំណាងសាសនិកឥស្លាមមកពីទូទាំងខេត្តបាត់ដំបង។

លោក ទីន សារ៉ាវុធ ប្រធានគណៈចលនាសាសនិកឥស្លាមនៃគណៈកម្មាធិការគណបក្សខេត្តបាត់ដំបង បានធ្វើបាយការណ៍ជូនសម្ដេច និងអង្គពិធីថានៅក្នុងខេត្តបាត់ដំបង មានប្រជាពលរដ្ឋជាសាសនិកឥស្លាមចំនួន៤០៨១គ្រួសារ ស្មើជាង២ម៉ឺន៤០០នាក់ ក្នុងនោះស្រ្តីជាង១ម៉ឺន៤០០នាក់ និងអ្នកមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោតមានជាង១ម៉ឺន៧ពាន់នាក់។ ដោយខេត្ត មានព្រះវិហារថ្វាយបង្គំចំនួន៣៦កន្លែង សាលារៀនសាសនា២៤ខ្នងស្មើ៨២បន្ទប់ និងគ្រូបង្រៀនខ្មែរឥស្លាមក្របខណ្ឌរដ្ឋចំនួន៦០នាក់។

លោកបន្តថា៦អាណត្តិនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត និង៤អាណត្តិនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់នេះ នៅគ្រប់ភូមិ និងការិយាល័យបោះឆ្នោតដែលមានសាសនិកឥស្លាម គឺលទ្ធផលបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាបានកើនឡើងជារៀងរាល់អាណត្តិ ហើយកត្តាចំបងដែលនាំឱ្យមានការគាំទ្រគឺដោយសារគុណូប្បការៈនៃការរំដោះប្រទេសជាតិ ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម គ្មានការរើសអើង គ្មានជម្លោះសាសនា ការផ្ដល់សិទ្ធិស្មើភាពក្នុងសង្គម និងធ្វើឱ្យមានសុខដុមនីយកម្មក្នុងសង្គម។

អញ្ជើញមានប្រសាសន៍សំណេះសំណាលនាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ប្រធានស្ដីទីគណបក្សប្រជាជនកម្ពុជា បានគូសបញ្ជាក់ជាថ្មីទៀតអំពីគុណតម្លៃនៃសន្តិភាពដែលទាំងអស់គ្នាប្រើពាក្យថា«អរគុណសន្តិភាព!»ដោយសម្ដេចបានអះអាងថាសន្តិភាពដែលកម្ពុជាដណ្ដើមបានមកនេះ គឺបានមកពីការធ្វើពលីកម្មបង្ហូរឈាមស្រស់ សាច់ស្រស់របស់ប្រជាពលរដ្ឋកម្ពុជា ឥស្សរជន ជាពិសេសថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា​ និងជាសុខសន្តិភាពដែលកម្ពុជាកម្របានជួបប្រទះ ដូច្នេះទាំងអស់គ្នាត្រូវរួមគ្នាអរគុណសន្តិភាព និងការពារសន្តិភាពឱ្យបានដាច់ខាត។

សម្ដេចក្រឡាហោមក៏បានថ្លែងអំណរគុណគណៈសាសនាឥស្លាមកម្ពុជាដែលបានគាំទ្រ និងចូលរួមអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា និងរបស់គណបក្សប្រជាជនកម្ពជា ដោយសម្ដេចចាត់ទុកថាជោគជ័យ និងស្នាដៃដែលកម្ពុជាសម្រេចបានមកនេះគឺមិនអាចកាត់ផ្ដាច់បានពីការចួលរួមចំណែករបស់សាសនិកឥស្លាមកម្ពុជានោះឡើយ។ សម្ដេចក៏មានសេចក្ដីសង្ឃឹមជឿជាក់ថាសាសនិកឥស្លាមកម្ពុជានិយាយជារួម និងដោយឡែកក្នុងខេត្តបាត់ដំបងនេះនឹងបន្តរួមកម្លាំងសាមគ្គីគ្នាដើម្បីចូលរួមបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជានាថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២ ឱ្យទទួលបានជោគជ័យ។

ពាក់ព័ន្ធនឹងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់នេះដែរ សម្ដេចក្រឡាហោម បានគូសបញ្ជាក់អំពីសារសំខាន់នៃព្រឹត្តិការណ៍នេះដោយសង្កត់ធ្ងន់ក្នុងន័យដើមថា«ឆ្លងតាមការបោះឆ្នោត ប្រជាពលរដ្ឋលោកមានសិទ្ធិសេរីភាពដើម្បីជ្រើសរើសអ្នកដឹកនាំផ្ទាល់ដោយខ្លួនគាត់​។ ដូចយើងដឹងទាំងអស់គ្នាហើយថាក្រុមប្រឹក្សាឃុំ សង្កាត់ ត្រូវបានចង្អុលតែងតាំងដោយប្រជាពលរដ្ឋបោះឆ្នោត មិនមែនដោយស្រុក ក្រុង ឬខណ្ឌតែងតាំងនោះទេ ដូច្នេះហើយនេះជាការលើកស្ទួយសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ។ យើងក៏អាចធ្វើទៅបានដែរនូវការតែងតាំងដោយផ្ទាល់ពីថ្នាក់ដឹកនាំ​ ប៉ុន្តែឆ្លងកាត់បទពិសោធន៍ពីអតីតកាល យើងត្រូវតម្រូវឱ្យមានការបោះឆ្នោតដើម្បីឱ្យពលរដ្ឋគាត់ជ្រើសរើសអ្នកដឹកនាំនៅមូលដ្ឋានដោយខ្លួនគាត់»។

ពីវេទិកាអធិបតីនេះដែរ សម្ដេចក្រឡាហោម បានសង្កត់ធ្ងន់ឱ្យថ្នាក់ដឹកនាំគណបក្សគ្រប់ថ្នាក់ក្នងខេត្តបាត់ដំបង ពិសេសអ្នកដែលកាន់មុខតំណែងក្នុងមុខងារសាធារណៈ ឬជាអាជ្ញាធរដែនដីទាំងអស់ ត្រូវខិតខំធ្វើអំពើល្អជាមួយប្រជាពលរដ្ឋ មិនប្រើអំណាចដោយរំលោភ ត្រូវចាត់ទុកប្រជាពលរដ្ឋជាអ្នកត្រូវយកចិត្តទុកដាក់ខ្ពស់បំផុតជាបន្តទៀត ដ្បិតគណបក្សប្រជាជនកម្ពុជា បានប្រកាន់ឧត្តមគតិស្នេហាជាតិពិតប្រាកដ នៅជាមួយប្រជាពលរដ្ឋគ្រប់កាលៈទេសៈ តស៊ូតាំងពីប្រទេសធ្លាក់ក្នុងចំណុចសូន្យ ស្ថិតក្នុងការហុំព័ទ្ធសេដ្ឋកិច្ច និងនយោបាយ រហូតបង្កើតបានសុខសន្តិភាព និងការអភិវឌ្ឍ ឈរស្មើមុខ ស្មើមាត់នៅលើឆាកអន្តរជាតិ។

មុននឹងបញ្ចប់ សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា បានអំពាវនាវឱ្យសកម្មជនគណបក្សប្រជាជនកម្ពុជាជាខ្មែរឥស្លាមចូលរួមគាំទ្រនិងចូលរួមក្នុងយុទ្ធនាការឃោសនាបោះឆ្នោត និងត្រៀមខ្លួនចលនាសមាជិក សមាជិការ អ្នកគាំទ្រគណបក្សឱ្យអញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់គ្នា ពិសេសបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា។ ជាមួយគ្នានេះសម្ដេចក៏បានអំពាវនាវជាថ្មីទៀតឱ្យអាជ្ញាធរមូលដ្ឋានទាំងអស់ខិតខំរួមចំណែកឱ្យការបោះឆ្នោតនេះបានប្រព្រឹត្តិទៅក្នុងបរិយាកាសសុខសន្តិភាព គ្មានអំពើហិង្សានិងការគំរាមកំហែង ដើម្បីពង្រឹង និងលើកស្ទួយដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង