សម្ដេចក្រឡាហោម ស ខេង អញ្ជើញបន្តដំណើរចូលមកកាន់ក្រុងបាត់ដំបង ដើម្បីចុះពិនិត្យដោយផ្ទាល់នូវស្ថានភាពអគារសិក្សា និងស្វែងយល់ពីតម្រូវការចាំបាច់នៅក្នុងវិទ្យាល័យនេតយ៉ង
បន្ទាប់ពីអញ្ជើញសម្ពោធអគារសិក្សានៅអនុវិទ្យាល័យខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្រ្តីស្ដីទីនៃរាជរដ្ឋាភិបាល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង និងព្រៃវែង នៅថ្ងៃចន្ទ ទី២៣ ខែឧសភា ឆ្នាំ២០២២នេះ បានអញ្ជើញបន្តដំណើរចូលមកកាន់ក្រុងបាត់ដំបង ដើម្បីចុះពិនិត្យដោយផ្ទាល់នូវស្ថានភាពអគារសិក្សា និងស្វែងយល់ពីតម្រូវការចាំបាច់នៅក្នុងវិទ្យាល័យនេតយ៉ង។
អញ្ជើញអមដំណើរសម្ដេចក្រឡាហោម ស ខេង នាឱកាសនោះ រួមមានឥស្សរជនជាសមាជិកសភា ឥស្សរជនជាថ្នាក់ដឹកនាំ និងសមាជិកក្រុមការងាររាជរដ្ឋាភិបាល និងក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តបាត់ដំបង ថ្នាក់ដឹកនាំក្រុមប្រឹក្សា និងរដ្ឋបាលខេត្តបាត់ដំបង ព្រមទាំងមន្រ្តីរាជការជាន់ខ្ពស់ក្រសួងមហាផ្ទៃ អាជ្ញាធរក្រុង និងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត។
វត្តមាននៃការអញ្ជើញចុះទៅកាន់វិទ្យាល័យនេតយ៉ងរបស់សម្ដេចក្រឡាហោម និងប្រតិភូនាឱកាសនោះ ត្រូវបានទទួលស្វាគមន៍ប្រកបដោយសេចក្ដីគោរពស្រលាញ់យ៉ាងជ្រាលជ្រៅ និងក្ដីរំភើបយ៉ាងក្រៃលែងពីសំណាក់ថ្នាក់ដឹកនាំវិទ្យាល័យ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស។ សម្ដេចបានស្វែងយល់ និងទទួលយកសំណើរ និងសំណូមពរមួយចំនួននិងបានសម្ដែងការកោតសរសើរ និងវាយម្លៃខ្ពស់ចំពោះបរិយាកាសសិក្សានៅក្នុងវិទ្យាល័យមួយនេះ ក្នុងនោះសម្ដេចបានជំរុញលើកទឹកចិត្តឱ្យសិស្សានុសិស្សខិតខំសិក្សារៀនសូត្រដើម្បីក្លាយជាធនធានរួមចំណែកបន្តវេនអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ។
ថ្នាក់ដឹកនាំវិទ្យាល័យនេតយ៉ង លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សវិញ បានសម្ដែងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្ដេចតេជោ ហ៊ុន សែនជាប្រមុខ រួមទាំងសម្ដេចក្រឡាហោម ស ខេង ដែលជាឥស្សរជនជាតិមួយរូបបានរួមចំណែករំដោះប្រទេសជាតិ កសាង និងអភិឌ្ឍប្រទេសជាតិតាំងពីចំណុចសូន្យរហូតរីកចំរើនដូចសព្វថ្ងៃនិយាយជារួម និងដោយឡែកសម្ដេចជាឥស្សរជនដែលបានខិតខំប្រឹងប្រែងមិនក្លាយហត់នឿយដើម្បីសេចក្ដីសុខ និងការអភិវឌ្ឍនៅក្នុងខេត្តបាត់ដំបង៕