ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតី សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារសិក្សា១ខ្នង នៅអនុវិទ្យាល័យខ្នាចរមាស ស្ថិតនៅស្រុកបរវេល ខេត្តបាត់ដំបង

នៅព្រឹកថ្ងៃចន្ទ ៨រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្រ្តីស្ដីទី នៃរាជរដ្ឋាភិបាលកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង និងព្រៃវែង បានអញ្ជើញជាអធិបតី សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារសិក្សា១ខ្នង នៅអនុវិទ្យាល័យខ្នាចរមាស ស្ថិតនៅស្រុកបរវេល ខេត្តបាត់ដំបង។

លោក លួត សាលី អភិបាលនៃគណៈអភិបាលស្រុកបរវេល បានធ្វើរបាយការណ៍ស្វាគមន៍ជូនសម្ដេចក្រឡាហោម និងអង្គពិធី ដោយជាកិច្ចចាប់ផ្ដើម លោកបានគូសបញ្ជាក់អំពីស្ថានភាពទូទៅក្នុស្រុកបរវេល ការផ្ដល់សេវាសាធារណៈ បញ្ហាសន្តិសុខ សមិទ្ធផលក្នុងវិស័យនានាដែលសម្រេចបាន លទ្ធផលនៃការបង្ការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ការធ្វើវេទិកាសាធារណៈ និងកិច្ចអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋ។

លោកអភិបាលស្រុកបានឱ្យដឹងថាអគារសិក្សាមួយខ្នងកម្ពស់ពីរជាន់ស្មើនឹង១០បន្ទប់ ដែលប្រារព្ធពិធីសម្ពោធនាឱកាសនេះ គឺជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចក្រឡាហោម ស ខេង កាលពីឆ្នាំសិក្សា ២០១៩-២០២០។ ក្នុងនាមរដ្ឋបាលស្រុក មន្រ្តីរាជការ អាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងស្រុកបវេល លោកអភិបាលបានថ្លែងអំណរគុណសម្ដេចក្រឡាហោម ថ្នាក់ដឹកនាំ ក្រុមការងារ និងសប្បុរសជនដែលបានផ្ដល់ជូនសមិទ្ធផលដ៏មានសារៈសំខាន់នេះ។

អញ្ជើញមានប្រសាសន៍សំណេះសំណាលនាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្រ្តីស្ដីទី បានសង្កត់ធ្ងន់អំពីពាក្យអរគុណសន្តិភាព ដោយសម្ដេចបានថ្លែងពន្យល់បន្ថែមថាមូលហេតុនៃការអរគុណសន្តិភាព គឺដោយសារទម្រាំមានសុខសន្តិភាពនេះ កម្ពុជាបានឆ្លងកាត់ការលំបាកច្រើនណាស់ ដូច្នេះកម្ពូជាត្រូវចងចាំប្រវត្តិដ៏ជូរចត់ ការដណ្ដើមបានសន្តិភាពដោយលះបង់សាច់ស្រស់ ឈាមស្រស់ ការធ្វើពលីកម្មគ្រប់បែបយ៉ាង របស់ប្រជាពលរដ្ឋ កងយោធពលខេមរភូមិន្ទ នគរបាលជាតិ មន្រ្តីរាជការ និងរាជរដ្ឋាភិបាលនៃគណបក្សប្រជាជនកម្ពុជាដែលកើតចេញពីការបោះឆ្នោតរបស់ប្រជាពលរដ្ឋ។

សម្ដេចបានបន្ថែមថាការប្រារព្ធពិធីសម្ពោធអគារសិក្សានាឱកាសនេះ គឺបន្ទាប់ពីស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជាមានភាពធូរស្រាលឡើងវិញក្រោមការដឹកនាំនិងគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពរបស់រាជរដ្ឋាភិបាល។ សម្ដេចក៏បានសម្ដែងក្ដីមោទកភាពចំពោះការរីកចំរើនគ្រប់វិស័យនៅក្នុងស្រុកបវេល ក្នុងនោះរួមទាំងវិស័យអប់រំដែលគ្រប់មូលដ្ឋានប្រជាពលរដ្ឋមានសាលារៀនសម្រាប់កូនចៅសិក្សារៀនសូត្រជាមួយនឹងការបំពាក់នូវមធ្យោបាយរៀន និងបង្រៀនកាន់តែប្រសើរជាងមុន ក្នុងនោះក៏មានការខិតខំបង្រៀន និងរៀនតាមបែបគន្លងថ្មីនៅក្នុងបរិបទនៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩ នារយៈកាលកន្លងមកផងដែរ។

ពាក់ព័ន្ធនឹងវិស័យអប់រំនេះដែរ សម្ដេចក្រឡាហោមនាយករដ្ឋមន្រ្តីស្ដីទីក៏បានបង្ហាញមោទកភាពដែរដែលខេត្តបាត់ដំបងស្ថិតក្នុងចំណោមខេត្តមានអត្រាសិស្សប្រឡងជាប់មធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបបានច្រើនជាងគេ ក្នុងនោះខេត្តមានសិស្សជាប់និទ្ទេសAចំនួន១២៣រូប និងដោយឡែកសិស្សស្រុកបវេលក៏បានជាប់និទ្ទេសAចំនួន៧រូបដែរ។ សម្ដេចបន្ថែមថាអគារសិក្សាមួយខ្នងដែលប្រារព្ធពិធីសម្ពោធនាឱកាសនេះ គឺជាសមិទ្ធផលចំណងដៃមួយទៀតជូនស្រុកបវេល ហើយសម្ដេចមានសេចក្ដីសង្ឃឹមជឿជាក់ថាវិស័យអប់រំក្នុងស្រុកមួយនេះនឹងកាន់តែមានការរីកចំរើន ដើម្បីរួមចំណែកវិនិយោគបន្ថែមទៀតនូវធនធានមនុស្សសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។

សម្ដេចក៏បានមានប្រសាសន៍អំពីការអនុវត្តសាកល្បង ការផ្ទេរមុខងារគ្រប់គ្រង សាលាបឋមសិក្សា មត្តេយ្យសាលា ទាំងក្នុង និងក្រៅប្រព័ន្ធក្នុងខេត្តបាត់ដំបងមកឱ្យរដ្ឋបាលក្រុងស្រុកជាអ្នកគ្រប់គ្រងដែលជាផ្នែកមួយនៃវិមជ្ឈការ និងវិសហមជ្ឈការ។ សម្ដេចក៏បានស្នើអភិបាលស្រុកបវេលឡើងថ្លែងពីស្ថានភាពនៃការគ្រប់គ្រងការអនុវត្តសាកល្បងនេះថាតើមានចំណុចវិជ្ជមាន និងចំណុចប្រឈមអ្វីខ្លះ ហើយក្នុងនោះសម្ដេចក៏បានទទួលនូវព័ត៌មានពាក់ព័ន្ធនឹងកង្វះបន្ទប់សិក្សាប្រមាណ៩០បន្ទប់នៅតាមសាលារៀនក្នងស្រុកបរវេល។ នាយកអនុវិទ្យាល័យខ្នាចរមាសវិញក៏បានថ្លែងអំពីកង្វះបន្ទប់សិក្សា៣បន្ទប់បន្ថែមទៀតដែរ។ សម្ដេចបានទទួលព័ត៌មាននេះ នឹងបានប្រកាសផ្ដល់បន្ទប់សិក្សាបន្ថែម។

ពីវេទិកាអធិបតីនេះដែរ សម្ដេចក្រឡាហោម បានមានប្រសាសន៍ថាការបណ្ដុះបណ្ដាលធនធានមនុស្សត្រូវការពេលច្រើនជាង១០ឆ្នាំ ទម្រាំធនធានមនុស្សនោះអាចចូលរួមបំរើជាតិ បំរើប្រជាពលរដ្ឋបាន។ សម្ដេចបន្ថែមថា«ពួកយើងខ្ញុំនេះ មិនមែនចេះតែកេះកៃបាញ់កាំភ្លើងក្នុងសង្គ្រាមទេ មកដឹកនាំសេដ្ឋកិច្ចក៏បាន មកដឹកនាំវិស័យអប់រំកសាងធនធានមនុស្សក៏បាន ដឹកនាំនយោបាយការបរទេសក៏បាន យើងធ្វើបាន តាំងពីយើងឯកោ គេហុំព័ទ្ធខាងនយោបាយផង សេដ្ឋកិច្ចផង ឥលូវនេះទៅជាកម្ពុជាដើរតួនាទីដើម្បីរួមចំណែកដោះស្រាយវិបត្តិនានានៅលើសាកលោក និងក្នុងតំបន់ យើងធ្វើបាន ដោយសារយើងឆ្លងកាត់បទពិសោធន៍ ហើយការប្ដេជ្ញាចិត្ត និងឆន្ទៈនយោបាយដើម្បីជាតិ ដើម្បីប្រជាពលរដ្ឋ»។

ក្នុងឱកាសនោះដែរ សម្ដេចក្រឡាហោម ស ខេង ក៏បានមានប្រសាសន៍អំពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២នេះ ដោយសម្ដេចបានលើកឡើងពីគុណតម្លៃនៃរដ្ឋបាលឃុំ សង្កាត់ នៅក្នុងបរិបទនៃការផ្ទេរមុខងារ ធនធាន សិទ្ធិអំណាច និងតួនាទី ពីថ្នាក់ជាតិ មកថ្នាក់ក្រោមជាតិ កាន់តែច្រើន ដើម្បីបង្កើនប្រសិទ្ធភាពនៃការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។ សម្ដេចក្រឡាហោមបានបន្តថាចាប់តាំងពីក្រោយសម័យបារាំងមក ទើបតែរបបសព្វថ្ងៃនេះទេដែលថ្នាក់ក្រោមជាតិទទួលបានការផ្ទេរអំណាចយ៉ាងធំធេងដើម្បីបំរើប្រជាពលរដ្ឋ ហើយថាគណបក្សប្រជាជនកម្ពុជាបានដើរតួនាទីសំខាន់ណាស់ក្នុងការសាងលទ្ធិប្រជាធិបតេយ្យ និងការពង្រឹងតួនាទី និងការទទួលខុសត្រូវរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ។

មុននឹងបញ្ចប់ សម្ដេចក្រឡាហោម ស ខេង បានផ្ដល់អនុសាសន៍ជូនមាតាបិតាបន្តយកចិត្តទុកដាក់ចិញ្ចឹមកូនឱ្យបានល្អ ពិសេសការអប់រំទូន្មានឱ្យកូនក្លាយជាកូនល្អ សិស្សល្អ ពលរដ្ឋល្អ ចំណែកសាលារៀនវិញ សម្ដេចបានស្នើឱ្យខិតខំយកចិត្តទុកដាក់ដល់ការបង្រៀន និងអប់រំសិស្ស ទាំងចំណេះដឹង ចរិយា និងសុខភាព រួមទាំងថែទាំបរិស្ថានសាលាឱ្យបានស្អាតជាមួយនឹងការផ្ដល់សេវាអប់រំប្រកបដោយប្រសិទ្ធភាព។ សម្ដេចក៏បានអំពាវនាវប្រជាពលរដ្ឋទទួលការចាក់វ៉ាក់សាំងឱ្យបានគ្រប់ៗគ្នា ហើយអាជ្ញាធរភូមិ ឃុំត្រូវបន្តរក្សាការពារសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ជំរុញការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព បង្កលក្ខណៈងាយស្រួល និងគាំទ្រដល់ដំណើរការបោះឆ្នោតប្រកបដោយសេរី និងស្មើភាព និងបានអំពាវនាវប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោតសូមអញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ៕

អត្ថបទដែលជាប់ទាក់ទង