សម្ដេចក្រឡាហោម ស ខេង អញ្ជើញជួបសំណេះសំណាល និងដឹកនាំយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅស្រុកសំពៅលូន ខេត្តបាត់ដំបង
នៅរសៀលថ្ងៃអាទិត្យ ៧រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ប្រធានស្ដីទីគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានខេត្តបាត់ដំបង និងព្រៃវែង បានអញ្ជើញជួបសំណេះសំណាល និងដឹកនាំយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅស្រុកសំពៅលូន ខេត្តបាត់ដំបង ។
អញ្ជើញមានប្រសាសន៍នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ថានៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ កម្ពុជានឹងចាត់តាំងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ដែលជាព្រឹត្តិការណ៍មានសារៈសំខាន់ថ្មីទៀតនៃការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ជាមូលដ្ឋានគ្រឹះនៃការថែរក្សាសុខសន្តិភាព ស្ថិរភាពជាតិ និងការអភិវឌ្ឍដូចសព្វថ្ងៃ។ សម្ដេចបានចាត់ទុកការបោះឆ្នោតឃុំ សង្កាត់ នេះក៏ជាការបោះឆ្នោតមានសារៈសំខាន់ដូចការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តដែរ។
សម្ដេចបន្ថែមថាការបោះឆ្នោតនេះ គឺជាផ្នែកមួយនៃការពង្រឹងស្ថិរភាពនៅមូលដ្ឋាន កាត់បន្ថយភាពក្រីក្ររបស់ពលរដ្ឋ និងជំរុញការកែទម្រង់ឱការគ្រប់គ្រងតាមបែបប្រជាធិបតេយ្យ គឺការផ្ទេរសិទ្ធិអំណាចមកឱ្យប្រជាពលរដ្ឋដែលជាម្ចាស់ទឹកម្ចាស់ដីនៅមូលដ្ឋាន អាចមានសិទ្ធិជ្រើសរើសមេដឹកនាំមូលដ្ឋានផ្ទាល់ ដែលជាមេដឹកនាំមានឧត្តមគតិ មានទឹកចិត្តគោរពស្រលាញ់ប្រជាពលរដ្ឋ បំរើផលប្រយោជន៍ប្រជាពលរដ្ឋ និងមានសមត្ថភាពអភិវឌ្ឍសេដ្ឋកិច្ច សង្គមនៅមូលដ្ឋាន ។
សម្ដេចបានបន្តថាកម្ពុជាជាប្រទេសមួយដែលបានឆ្លងកាត់នូវស្ថានការណ៍បត់បែន ស្មុគស្មាញចាប់តាំងពីក្រោយសម័យអាណានិគមនិយមបារាំង ឆ្លងកាត់សង្គ្រាម ជម្លោះរាំរៃ រហូតដល់ឆ្នាំ១៩៩៨ ទើបមានសុខសន្តិភាពពេញទីដែលជាមោទកភាព និងជាស្នាដៃរបស់គណបក្សប្រជាជនកម្ពុជាដែលគ្មានគណបក្សណាអាចយកសុខសន្តិភាព និងនាំមកនូវការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមជូនប្រជាជនដូចគណបក្សប្រជាជនកម្ពុជាឡើយ ។
សម្ដេចបន្តថារបបដែលកម្ពុជាប្រកាន់យកសព្វថ្ងៃនេះ គឺជារបបនយោបាយប្រជាធិបតេយ្យសេរីពហុបក្ស យកប្រជាជនជាធំ អំណាចទាំងឡាយបានមកពីប្រជាពលរដ្ឋ ដូច្នេះចាប់តាំងពីក្រោយការបោះឆ្នោតឆ្នាំ១៩៩៣ គណបក្សបានទទួលខុសត្រូវជាប្រ វត្តិសាស្រ្តលើជោគវាសនាប្រទេសជាតិ និងទទួលបានសញ្ចធម៌ មានឱកាសបន្តដឹកនាំគ្រប់គ្រងប្រទេសជាតិ នាំងមកនូវសុខសន្តិភាពដល់សព្វថ្ងៃ។ សម្ដេចបានបង្ហាញមោទកភាពដែលស្រុកសំពៅលូនជាដំបន់ព្រំដែនដាច់ស្រយាលបានស្គាល់ការប្រែប្រួលគួរជាទីចាប់អារម្មណ៍ ពោលគឺពលរដ្ឋមានផ្ទះសំបែងសមរម្យ មានម៉ូតូឡាន មានមធ្យោបាយកសិកម្មទំនើបជាដើម។
ទន្ទឹមនឹងការទទួលបានសមិទ្ធផលដូចពលរដ្ឋបានឃើញដោយផ្ទាល់ភ្នែកនេះ សម្ដេចក្រឡាហោម ស ខេង បានទាញចំណាប់អារម្មណ៍អង្គពិធី និងប្រជាពលរដ្ឋជាម្ចាស់ឆ្នោតនៅស្រុកសំពៅលូនថាឥលូវនេះ គណបក្សប្រជាជនកម្ពុជាបានប្ដេជ្ញាយកជោគជ័យការបោះឆ្នោតនេះឱ្យបានដាច់ខាតជាបន្តទៀត ដើម្បីបន្តអភិវឌ្ឍន៍មូលដ្ឋាន និងបំពេញសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋ។ សម្ដេចបានអះអាងថាការប្ដេជ្ញាចិត្តនេះគឺទាមទារការចូលរួមគាំទ្រពីពលរដ្ឋ និងការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្រ្តីគណបក្សគ្រប់លំដាប់ថ្នាក់។
សម្ដេចក្រឡាហោម ស ខេង ក៏បានបង្ហាញការប្រតិកម្មទៅនឹងទស្សនៈដែលថាកម្ពុជាកំពុងដើរថយក្រោយផ្នែកប្រជាធិបតេយ្យ ដោយសម្ដេចបានគូសបញ្ជាក់ថាអ្នកទាំងឡាយណាដែលធ្វើកំហុសចំពោះច្បាប់ អ្នកនោះត្រូវទទួលកំហុស ទទួលផលកម្មរបស់ខ្លួនដែលខ្លួនបានធ្វើ និងសូមកុំចោទប្រកាន់មកលើរាជរដ្ឋាភិបាល និងគណបក្សកាន់អំណាច ខណៈមានគណបក្សនយោបាយចំនួន១៧គណបក្សបានចូលរួមប្រកួតប្រជែងការបោឆ្នោតនេះ ក្នុងពេលដែលដំណើរការឈានទៅរកការបោះឆ្នោតនោះក៏មិនមានអ្វីចោទឡើងគួរឱ្យព្រួយបារម្ភនោះដែរ។
ជាថ្មីម្ដងទៀត សម្ដេចក្រឡាហោមបានមានប្រសាសន៍ថាគណបក្សប្រជាជានកម្ពុជាបានដាក់ចេញការប្ដេជ្ញាចិត្តចំនួន២ សម្រាប់ការបោះឆ្នោតនេះ ទីមួយគឺជោគជ័យលើការបោះឆ្នោតនេះ និងទី២គឺការធានារៀបចំការបោះឆ្នោតឱ្យប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ព្រមទាំងលទ្ធផលអាចទទួលយកបាន។ សម្ដេចបន្តថាមកដល់ពេលនេះ សម្ដេចក៏មិនទាន់ទទួលបានព័ត៌មានពាក់ព័ន្ធនឹងភាពអសកម្មណាមួយកើតឡើងក្នុងដំណើការបោះឆ្នោតនេះដែរ។
ពីវេទិកានេះដែរ សម្ដេចបានបន្តគូសបញ្ជាក់អំពីលទ្ធផលគួរជាទីមោទករបស់រាជរដ្ឋាភិបាល និងអាជ្ញាធររដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងកិច្ចការប្រយុទ្ធប្រឆាំងនឹងការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ក្នុងនោះសម្ដេចបានកត់សម្គាល់ថាតាមរយៈការផ្ទេរមុខងារ សិទ្ធិអំណាច និងធនធានពីថ្នាក់ជាតិ ឃើញថារដ្ឋបាលថ្នាក់ក្រោមជាតិ រួមមានរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ បានខិតខំរួមកម្លាំងសាមគ្គីគ្នាជាមួយនឹងប្រជាពលរដ្ឋប្រយុទ្ធនឹងជំងឺនេះប្រដោយប្រសិទ្ធភាព ពិសេសការចាក់វ៉ាក់សាំងបង្កើតបានភាពសាំសហគមន៍។
សម្ដេចក្រឡាហោម ក៏បានគូសបញ្ជាក់ដែរថាគណបក្សប្រជាជនកម្ពុជា និងដោយឡែករាជរដ្ឋាភិបាលកម្ពុជា បានបង្ហាញកិត្យានុភាពជាតិលើឆាកអន្តរជាតិជាបន្តបន្ទាប់ តាមរយៈឋានៈជាប្រធានអាស៊ាន និងក្នុងនាមជារដ្ឋមួយស្មើមុខស្មើមាត់ជាមួយនឹងបណ្ដារដ្ឋផ្សេងទៀតលើឆាកអន្តរជាតិ មិនថារដ្ឋនោះមានឬក្រ តូចឬធំនោះឡើយ។
ជាមួយគ្នានេះ សម្ដេចបានអះអាងថាគណបក្សបានដាក់ចេញគោលការណ៍ជាក់លាក់ក្នុងការអភិវឌ្ឍមូលដ្ឋាន ដោយមិនមែនឈ្នះឆ្នោតហើយក៏នាំគ្នាសំងំយកសុខនោះឡើយ។ សម្ដេចបន្តថាគណបក្សបានដាក់ចេញការណែនាំឱ្យសរុបលទ្ធផលការងារ៥ឆ្នាំ និងលើកទិសដៅបន្តសម្រាប់ការអភិវឌ្ឍមូលដ្ឋាន។
មុននឹងបញ្ចប់ សម្ដេចក្រឡាហោម បានមានប្រសាសន៍ថ្លែងអំណរគុណថ្នាក់ដឹកនាំ ឥស្សរជន ក្រុមការងារគណបក្ស រួមទាំងមន្រ្តីជាថ្នាក់ដឹកនាំដែលបានខិតខំដឹកនាំគ្រប់គ្រង និងជំរុញការអភិវឌ្ឍមូលដ្ឋានស្រុកសំពៅលូននេះ តាំងពីបាតដៃទទេ រហូតមានសមទ្ធផលជាបន្តបន្ទាប់ដូចសព្វថ្ងៃនេះ។
សម្ដេចក៏បានអំពាវនាវប្រជាពលរដ្ឋស្រុកសំពៅលូនដែលមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត សូមត្រៀមលក្ខណៈអញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់គ្នានៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ និងសូមបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាឱ្យបានគ្រប់គ្នា ដើម្បីធានាការពារសុខសន្តិភាព និងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាបន្តទៀត៕