សម្ដេចក្រឡាហោម ស ខេង អញ្ជើញជួបសំណេះសំណាល និងដឹកនាំយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅស្រុកកំរៀង ខេត្តបាត់ដំបង
នៅព្រឹកថ្ងៃអាទិត្យ ៧រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ប្រធានស្ដីទីគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានខេត្តបាត់ដំបង និងព្រៃវែង បានអញ្ជើញជួបសំណេះសំណាល និងដឹកនាំយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅស្រុកកំរៀង ខេត្តបាត់ដំបង។
អញ្ជើញមានប្រសាសន៍នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ថាគុណតម្លៃនៃសន្តិភាពគឺមិនអាចមានអ្វីប្រៀបផ្ទឹមបាននោះទេ ដ្បិតកត្តានេះជាឱកាសមាស ឱកាសប្រាក់នៃការធ្វើសកម្មភាពគ្រប់បែបយ៉ាងដើម្បីបុព្វហេតុនៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។ សម្ដេចថាបច្ចុប្បន្ន ទន្ទឹមនឹងការរក្សាបានសុខសន្តិភាព កម្ពុជាក៏អាចរក្សាបាននូវសាមគ្គីភាពជាតិ ឯកភាពទឹកដី ដែលមកដល់ពេលនេះមិនមានកម្លាំងឧទ្ទាមក្រៅច្បាប់ប្រឆាំងនឹងរាជរដ្ឋាភិបាលដែលកើតចេញពីការបោះឆ្នោតនោះឡើយ។
សម្ដេចក្រឡាហោមបានបន្តថាជាការពិត ពីអតីតកាល កម្ពុជាមានការបែកបាក់គ្នា ហើយការបែកបាក់គ្នានាអតីតកាលនោះគឺដោយសារមជ្ឈដ្ឋានខាងក្រៅផង រួមផ្សុំនឹងកំហុសរបស់មេដឹកនាំខ្មែរពីអតីតកាល ផងដែលបានធ្វើឱ្យមានការបែកបាក់ជាតិ បង្កើតសង្គ្រាមផ្ទៃក្នុង។ យ៉ាងណាក៏ដោយ បញ្ហានេះត្រូវបានបញ្ចប់ជាស្ថាពរ ក្រោមការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលនៃគណបក្សប្រជាជនកម្ពុជាដែលកើតចេញពីការបោះឆ្នោតគាំទ្ររបស់ប្រជាពលរដ្ឋតាមយន្តការប្រជាធិបតេយ្យសេរីពហបក្ស។
ពាក់ព័ន្ធនឹងការបោះឆ្នោតនេះ សម្ដេចក្រឡាហោម បានមានប្រសាសន៍ថាការបោះឆ្នោតនេះគឺជាការបោះឆ្នោតមូលដ្ឋានមួយដែលពិតជាមានចំណែកយ៉ាងសំខាន់ដើម្បីពង្រឹងស្ថិរភាពមូលដ្ឋាន ពង្រឹង ពង្រីកប្រជាធិបតេយ្យនៅមូលដ្ឋាន និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់ពលរដ្ឋនៅមូលដ្ឋាន តាមរយៈការដាក់ចេញការគ្រប់គ្រងដែលមានការផ្លាស់ប្ដូរយ៉ាងស៊ីជម្រៅខុសពីរបបមុនៗដែលអំណាចត្រូវប្រមូលផ្ដុំនៅថ្នាក់ជាតិ តែពេលនេះសិទ្ធិអំណាច ទទួលនាទី ការទទួលខុសត្រូវ និងធនធានត្រូវបានផ្ទេរមកថ្នាក់ក្រោមជាតិ។
សម្ដេចក៏បានយកឱកាសនេះ ថ្លែងកោតសរសើរ និងអរគុណចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមប្រឹក្សាឃុំទាំង៦នៅស្រុកកំរៀង ដែលក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ បានបំពេញតួនាទី ជាកាតព្វកិច្ច ភារកិច្ច ដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋក្នុងស្រុកកំរៀង និងផលប្រយោជន៍ប្រទេសជាតិ។ សម្ដេចបន្តថាក្រុមប្រឹក្សាឃុំ បានខិតខំរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈនៅគ្រប់ឃុំ តាមរយៈសកម្មភាពប្រឆាំងបទល្មើសនានា និងបានខិតខំបំពេញតួនាទីតាមច្បាប់កំណត់ដើម្បីអភិវឌ្ឍន៍មូលដ្ឋាន ដូចជាការកសាងហេដ្ឋារចនាសម្ព័ន្ធនានាជាដើម។
ពីវេទិកាអធិបតីនេះដែរ សម្ដេចក្រឡាហោម ស ខេង ក៏បានគូសបញ្ជាក់ជាថ្មីទៀតអំពីប្រសិទ្ធភាពនៃការគ្រប់គ្រងការឆ្លងរីករាលដាលជំងឺកូវីដ-១៩ នៅកម្ពុជារបស់រាជរដ្ឋាភិបាល ពិសេសការជួយសង្គ្រោះអាយុជីវិតពលរដ្ឋដែលបានឆ្លងជំងឺនេះ ការចាក់វ៉ាក់សាំងយ៉ាងលឿនរហ័សរហូតបង្កើតបានភាពសាំសហគមន៍ធ្វើឱ្យកម្ពុជាមានលទ្ធភាពក្នុងការបើកដំណើរការសកម្មភាពសេដ្ឋកិច្ច និងសង្គមឡើងវិញលើគ្រប់វិស័យ។ សម្ដេចបានសង្កត់ធ្ងន់ថាការងារនេះអាចសម្រេចទៅបានគឺដោយសារការចូលរួមគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ប្រជាពលរដ្ឋ ពិសេសការអញ្ជើញទៅចាក់វ៉ាក់សាំង។
ពាក់ព័ន្ធនឹងមុខសញ្ញាសំខាន់ដែលត្រូវយកចិត្តទុកដាក់បំពេញភារកិច្ចបំរើប្រជាពលរដ្ឋឱ្យបានល្អ សម្ដេចក្រឡាហោម បានគូសបញ្ជាក់អំពីតួអង្គសំខាន់៥នៅក្នុងការងារនេះ រួមមានមេឃុំ ចៅសង្កាត់ មេប៉ុស្តិ៍រដ្ឋបាលឃុំ សង្កាត់ ស្មៀនឃុំ សង្កាត់ មេភូមិ អនុភូមិ និងប៉ុសិ៍សុខភាព។ បើតាមសម្ដេច ប្រសិនបើតួអង្គទាំង៥បំពេញភារកិច្ចបានល្អជូនប្រជាពលរដ្ឋនោះគណបក្សប្រជាជនកម្ពុជានិងទទួលបានគាំទ្រពីប្រជាពលរដ្ឋជាក់ជាពុំខានឡើយ។ សម្ដេចក៏បានណែនាំឱ្យក្រុមការងារទាំងអស់ផ្ដល់គាំទ្រដល់តួអង្គទាំង៥នេះបំពេញភារកិច្ចឱ្យបានល្អដើម្បីផលប្រយោជន៍ជាតិ និងប្រជាជននៅមូលដ្ឋាន៕