សម្ដេចក្រឡាហោម ស ខេង អញ្ជើញប្រារព្ធពិធីបួងសួងសុំសេចក្ដីសុខនៅប្រាសាទភ្នំបាណន់ ស្ថិតក្នុងស្រុកបាណន់ ខេត្តបាត់ដំបង
រសៀលសៅរ៍ ៦រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ប្រធានស្ដីទីគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបាត់ដំបង និងព្រៃវែង បានអញ្ជើញប្រារព្ធពិធីបួងសួងសុំសេចក្ដីសុខនៅប្រាសាទភ្នំបាណន់ ស្ថិតក្នុងស្រុកបាណន់ ខេត្តបាត់ដំបង។
អញ្ជើញអមដំណើរសម្ដេចក្រឡាហោម ស ខេង ចូលរួមក្នុងពិធីប្រកបដោយមង្គលសួស្ដីនាឱកាសនោះ រួមមានឯកឧត្តម ឈាង វុន តំណាងមណ្ឌលបាត់ដំបង ឯកឧត្តម សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ចាន់ថារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ថ្នាក់ដឹកនាំក្រុមប្រឹក្សា និងគណៈអភិបាលខេត្តបាត់ដំបង រួមទាំងមន្ត្រីជាន់ខ្ពស់មួយចំនួនទៀត។
ពិធីបួងសួងសុំសេចក្ដីសុខនៅប្រាសាទភ្នំបាណន់នេះ បានប្រារព្ធបន្ទាប់ពីសម្ដេចក្រឡាហោម ស ខេង ប្រធានស្ដីទីគណបក្សប្រជាជនកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅក្រុងបាត់ដំបង ខេត្តបាត់ដំបង នាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២។
សូមបញ្ជាក់ថានៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២នេះ គឺជាថ្ងៃទី១នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តទី៥ ដែលមានរយៈពេលឃោសនាចំនួន១៤ថ្ងៃ ៕