ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

សម្តេចក្រឡាហោម ស ខេង អនុញ្ញាតជូនលោកជំទាវបណ្ឌិត Sarah Taylor ឯកអគ្គរដ្ឋទូតកាណាដា ប្រចាំប្រទេសកម្ពុជា ឡាវ និងថៃ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងា

នារសៀលថ្ងៃពុធ ៣រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតជូនលោកជំទាវបណ្ឌិត Sarah Taylor ឯកអគ្គរដ្ឋទូតកាណាដា ប្រចាំប្រទេសកម្ពុជា ឡាវ និងថៃ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

ជាកិច្ចចាប់ផ្ដើមសម្ដេចក្រឡាហោម ស ខេង បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជារួមរវាងកម្ពុជា និងកាណាដា និងថាថ្វីដ្បិតតែភាគីទាំងពីរពុំមានកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនក៏ពិតមែន ក៏ប៉ុន្តែប្រទេសទាំងពីរ មានទំនាក់ទំនងជាមួយគ្នាដ៏ល្អ។ 

សម្ដេចក៏បានថ្លែងអំណរគុណចំពោះ កាណាដា ដែលបានរួមចំណែកដល់ដំណើរការស្វែងរកសន្តិភាព ការអភិវឌ្ឍរបស់ប្រទេសកម្ពុជា រួមទាំងការទទួលយកនូវជនភៀសខ្លួននៅកម្ពុជាទៅកាន់ប្រទេសកាណាដានៅក្នុងសម័យដែលប្រទេសកម្ពុជាធ្លាក់ក្នុងភ្លើងសង្គ្រាម។

សម្ដេចក្រឡាហោម ក៏បានថ្លែងអំណរគុណចំពោះការគាំទ្ររបស់កាណាដា មកដល់សហគមន៍អាស៊ាននៅក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ សម្ដេច ក៏សង្ឃឹមនិងជឿជាក់ថាភាគីទាំងពីរនឹងខិតខំរកស្វែងរកនូវវិធីក៏ដូចជាឱកាសក្នុងការបង្កើននូវកិច្ចសហប្របត្តិការលើវិស័យទទួលខុសត្រូវរបស់ក្រសួងមហាផ្ទៃ រួមមានវិស័យសន្តិសុខ និងការងារកំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិ។

ជាការឆ្លើយតបលោកជំទាវបណ្ឌិត Sarah Taylor ឯកអគ្គរដ្ឋទូតកាណាដា បានជម្រាបជូនសម្ដេចថាលោកជំទាវ ត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពប្រចាំនៅកម្ពុជា ថៃ និងឡាវប៉ុន្មានឆ្នាំមកហើយ ប៉ុន្តែដោយសារការរីករាលដាលជំងឺកូវីដ-១៩ ទើបពេលនេះលោកជំទាវមានឱកាសជួបជាមួយនឹងសម្ដេច។

លោកជំទាវក៏បានយកឱកាសនេះ សម្ដែងនូវការអបអរសាទរចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលគ្រប់គ្រងបានល្អប្រសើរនូវជំងឺឆ្លងនេះ ជាពិសេសគឺយុទ្ធនាការចាក់វ៉ាក់សាំង ព្រមទាំងការផ្ដល់នូវការចាក់វ៉ាក់សាំងនេះទៅដល់ជនបរទេសដែលស្នាក់នៅ និងបំពេញការងារនៅក្នុងរាជាណាចក្រកម្ពុជាផងដែរ។

លោកជំទាវក៏បានថ្លែងអំណរគុណក្រសួងមហាផ្ទៃដែលបានយកចិត្តទុកដាក់ចំពោះសំណើក៏ដូចជាជួយសម្រួលដល់ជនបរទេស រួមទាំងពលរដ្ឋកាណាដានៅក្នុងអំឡុងពេលនៃការរាតត្បាតជំងឺកូវីដ-១៩ ពិសេសបានទទួលការលើកលែងការផាកពិន័យចំពោះការស្នាក់នៅហួសទិដ្ឋាការក្នុងរយៈពេលនៃការផ្ទុះឡើងនៃជំងឺឆ្លងនេះ។

លោកជំទាវក៏សង្ឃឹមជឿជាក់ថា ខណៈពេលដែលជំងឺកូវី-១៩ មានស្ថានភាពធូរស្រាលនេះ ការផ្លាស់ប្តូររវាងប្រជាពលរដ្ឋនៃប្រទេសទាំងពីរ ក៏ដូចជាពលរដ្ឋខ្មែរដែលមានសញ្ជាតិកាណាដាផងនោះ នឹងមានការធ្វើដំណើរទៅមកប្រទេសទាំងពីរកើនឡើងវិញ។

ឆ្លើយតបចំពោះប្រសាសន៍របស់សម្ដេចក្រឡាហោម ដែលបានលើកឡើងថា ភាគីទាំងពីរនឹងបន្តខិតខំស្វែងរកនូវវិធីដូចជាឱកាសក្នុងការពង្រីកនូវកិច្ចសហប្រតិបត្តិការលើវិស័យដែលស្ថិតក្រោមការទទួលខុសត្រូវរបស់ក្រសួងមហាផ្ទៃ លោកជំទាវបានបង្ហាញគាំទ្រ និងអះអាងថានឹងខិតខំធ្វើយ៉ាងណាបង្កើនកិច្ចសហការលើការងារដ៏មានសារៈសំខាន់ទាំងពីរនេះសំដៅធ្វើយ៉ាងណាខិតខំរួមចំណែកទប់ស្កាត់នូវបទល្មើសឆ្លងដែនគ្រប់ប្រភេទជាពិសេសគឺបទល្មើសគ្រឿងញៀន ដែលជាបទល្មើសមួយមានចរិតដ៏ស្មុគស្មាញ។

លោកជំទាវក៏បានជម្រាបជូនសម្ដេចអំពីការខិតខំស្វែងរកឱកាសក្នុងការផ្លាស់ប្តូរបទពិសោធពាក់ព័ន្ធទៅនឹងការងារកំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិដែល កាណាដាក៏ជាប្រទេសមួយដែលមានបទពិសោធយូរឆ្នាំនៅលើការងារនេះ៕ 

អត្ថបទដែលជាប់ទាក់ទង