សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីនៃពិធីជួបសំណេះសំណាលជាមួយសមាជិកសមាជិការគណបក្សប្រជាជនកម្ពុជា មានសមាសភាពមកពីក្រុមគ្រូបង្រៀន គ្រូពេទ្យ និវត្តជន និងអតីតយុទ្ធជន ខេត្តព្រៃវែង ប្រារព្ធនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ខេត្តព្រៃវែង
នារសៀលថ្ងៃសុក្រ ១៣កើត ខែពិសាខ ឆ្នាំខាលចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង និងបាត់ដំបង បានអញ្ជើញជាអធិបតីនៃពិធីជួបសំណេះសំណាលជាមួយសមាជិកសមាជិការគណបក្សប្រជាជនកម្ពុជា មានសមាសភាពមកពីក្រុមគ្រូបង្រៀន គ្រូពេទ្យ និវត្តជន និងអតីតយុទ្ធជន ខេត្តព្រៃវែង ប្រារព្ធនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ខេត្តព្រៃវែង។
ពិធីសំណេះសំណាលនេះ មានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំគណៈកម្មាធិការគណបក្សខេត្ត ប្រធានក្រុមការងារចលនាគ្រូបង្រៀន ប្រធានក្រុមការងារចលនាគ្រូពេទ្យ សមាជិកអចិន្រ្តៃយ៍គណៈកម្មាធិការគណបក្សខេត្ត ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុង ស្រុក ប្រធាននិងអនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត គ្រូបង្រៀន គ្រូពេទ្យ និវត្តជន និងអតីតយុទ្ធជនក្នុងក្រុងព្រៃវែង សរុបចំនួន១២៦៧នាក់។
ឯកឧត្តម យក់ ង៉ុយ ប្រធានក្រុមការងារចលនាគ្រូបង្រៀន បានធ្វើរបាយការណ៍សង្ខេបស្ដីពីសមាជិកសមាជិការគណបក្សខេត្ត ដែលមានសមាសភាពមកពីគ្រូបង្រៀន គ្រូពេទ្យ និវត្តជន និងអតីតយុទ្ធជនខេត្តព្រៃវែង ដោយបានគូសបញ្ជាក់អំពីការខិតខំប្រឹងប្រែងបំពេញភារកិច្ចរបស់ក្រុមគ្រូបង្រៀន និងគ្រូពេទ្យក្នុងខេត្តព្រៃវែងដើម្បីចូលរួមលើកកម្ពស់គុណភាពនៃការបំរើសេវាអប់រំ និងសុខាភិបាល របស់រាជរដ្ឋាភិបាល។
អញ្ជើញមានប្រសាសន៍នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តព្រៃវែង និងបាត់ដំបង បានគូសបញ្ជាក់ថានៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២នេះ កម្ពុជានឹងដំណើរការយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ បន្ទាប់ពីបានចាប់ផ្ដើមការបោះឆ្នោតនេះលើកដំបូងកាលពីឆ្នាំ២០០២ ជាមួយនឹងការរៀបចំប្រកបដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងលទ្ធផលអាចទទួលយកបាន។
សម្ដេចក្រឡាហោម ស ខេង ក៏បានបន្តថាការបោះឆ្នោតនេះជាផ្នែកមួយនៃការពង្រឹងស្ថិរភាពនយោបាយនៅមូលដ្ឋានទូទាំងប្រទេស ក្នុងគោលដៅលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច សង្គម កាត់បន្ថយភាពក្រីក្រ តាមរយៈការផ្ដល់សិទ្ធិអំណាចជ្រើសរើសក្បាលម៉ាស៊ីនដឹកនាំឃុំ សង្កាត់ តាមរយៈការបោះឆ្នោតដោយផ្ទាល់ពីប្រជាពលរដ្ឋនៅមូលដ្ឋានរបស់ពួកគាត់។
សម្ដេចបានអំពាវនាវឱ្យគ្រប់ភាគីពាក់ព័ន្ធបន្តរួមគ្នាគាំទ្រ និងរួមចំណែកធ្វើឱ្យការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥នេះ បានប្រព្រឹត្តទៅដោយជោគជ័យ បញ្ចៀសឱ្យបាននូវការបំពានច្បាប់ បទបញ្ជា នីតិវិធី និងក្រមសីលធម៌នៃការបោះឆ្នោត ពិសេសគឺបញ្ចៀសអំពើហិង្សានានា ហើយប្រជាពលរដ្ឋទាំងមានឈ្មោះក្នុងបញ្ជីបោះឆ្នោតសូមត្រៀមអញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា។
ជាមួយនឹងការមានប្រសាសន៍សំណេះសំណាលក្នុងបរិយាសកាសប្រកបដោយភាពស្និតស្នាលនោះដែរ សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា ក៏បានអំពាវនាវក្រុមគ្រូបង្រៀន គ្រូពេទ្យ និវត្តជន និងអតីតយុទ្ធជន នៃខេត្តព្រៃវែងទាំងអស់ បន្តបេសកកម្ម និងចូលរួមគាំទ្រដល់ដំណើរការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម រួមចំណែកគាំទ្រការកសាងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាឱ្យកាន់តែមានភាពរឹងមាំ៕