ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

សម្តេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការអន្តរស្ថាប័ន ស្តីពី កិច្ចការពារការពិនិត្យបញ្ជីឈ្មោះការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ និងការបោះឆ្នោតថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ ចាប់ពីឆ្នាំ២០២២-២០២៤

នាព្រឹកថ្ងៃសុក្រ ១៣រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការអន្តរស្ថាប័ន ស្តីពី កិច្ចការពារការពិនិត្យបញ្ជីឈ្មោះការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ និងការបោះឆ្នោតថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ ចាប់ពីឆ្នាំ២០២២-២០២៤ ប្រារព្ធនៅសណ្ឋាគារសុខាភ្នំពេញ។ 

ក្រោមអធិបតីភាពសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីឯកឧត្តម ប្រាជ្ញា ច័ន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តមរដ្ឋមន្រ្តី រដ្ឋមន្រ្តីប្រតិភូអម រដ្ឋលេខាធិការ ឯកឧត្តមនាយឧត្តមសេនីយ៍ និងថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិមួយចំនួនទៀត។ 

ជាកិច្ចចាប់ផ្ដើម ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ និងជាសមាជិក គ.ស.អ. បានអានជូនអង្គពិធីនូវអនុក្រឹត្យស្ដីពីការបង្កើតគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោត។ បន្ទាប់មក ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងជាប្រធានលេខាធិការដ្ឋានគ.ស.អ ក៏បានរាយការណ៍ពីគោលបំណង សំណូមពរ មុខសញ្ញានិងគោលដៅដែលត្រូវការពារ យន្តការរចនាសម្ព័ន្ធសន្តិសុខបោះឆ្នោត ការកំណត់លក្ខណ្ឌប្រើប្រាស់ភ្នាក់ងារសន្តិសុខបោះឆ្នោត និងគោលការណ៍សំខាន់ៗនៃការចាត់តាំងអនុវត្តផែនការអន្តរស្ថាប័ន។ 

ឯកឧត្តម ប្រាជ្ញ ច័ន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក៏បានថ្លែងជូនអង្គអំពិធីថាការបោះឆ្នោតចាប់តាំងពីឆ្នាំ១៩៩៨មក ជាទូទៅបានទទួលការគាំទ្រពីសាធារណៈមតិជាតិ និងអន្តរជាតិ និងថាលទ្ធផលនេះបានមកពីការចូលរួមសហការគ្នាពីស្ថាប័នជាតិទាំងអស់ អាជ្ញាធរដែនដី គណបក្សនយោបាយ សមាគម អង្គការក្រៅរដ្ឋាភិបាល និងប្រជាពលរដ្ឋ ពិសេសការបំពេញតួនាទីរបស់គណៈបញ្ជាការសន្តិសុខអចិន្រ្តៃយ៍សម្រាប់ការបោះឆ្នោត និងការជួយគាំទ្រពីដៃគូអន្តរជាតិ។ ឯកឧត្តម ក៏បានថ្លែងជូនអំពីផែនការនៃដំណើរការរៀបចំការបោះឆ្នោតខាមុខផងដែរ។ 

អញ្ជើញមានប្រសាសន៍នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ថាគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោត ត្រូវបានបង្កើតឡើដោយអនុក្រឹត្យរបស់រាជរដ្ឋាភិបាលដែលបំពេញតួនាទីជាយន្តការដឹកនាំធានាសុវត្ថិភាព និងសន្តិសុខបំរើឱ្យកិច្ចដំណើរការបោះឆ្នោតទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដោយមានលេខាធិការដ្ឋានមួយជាសេនាធិការ។ 

សម្ដេចឧបនាយករដ្ឋមន្រ្តី បានមានប្រសាសន៍ថាអាស្រ័យដោយផែនការនេះ មានសុពលភាពអនុវត្តចាប់តាំងពីឆ្នាំ២០២២ដល់ឆ្នាំ២០២៤ និងមានវិសាលភាពគ្របដណ្ដប់លើការងារធានាសន្តិសុខបំរើឱ្យព្រឹត្តិការណ៍នយោបាយទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ រយៈពេល៣ឆ្នាំជាបន្តបន្ទាប់នោះ គ.ស.អ. ក៏បានសម្រេចរៀបចំកិច្ចប្រជុំនាពេលនេះឱ្យមានលក្ខណៈទូលំទូលាយ ដើម្បីផ្ដល់ជូនសាធារណៈជនគ្រប់មជ្ឈដ្ឋានបានជ្រាប និងមានស្មារតីចូលរួមក្នុងកិច្ចការពារ ថែរក្សាបរិស្ថាន សន្តិសុខសម្រាប់កិច្ចដំណើរការបោះឆ្នោតនាគ្រប់សម័យកាលសំដៅពង្រឹងនីតិរដ្ឋតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ។

សម្ដេចបានបន្ថែមថា«ការបោះឆ្នោតនៅថ្នាក់ជាតិ ថ្នាក់ក្រោមជាតិជាច្រើនលើកច្រើនសារនាពេលកន្លមក រួមទាំងការបោះឆ្នោតជាបន្តបន្ទាប់នាពេលខាងមុខនេះគឺជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តប្រកបដោយមោទនភាពជាតិដែលជាសក្ខីភាពនៃឆន្ទៈនយោបាយ និងការប្ដេជ្ញាចិត្តយ៉ាងមុតមាំរបស់ស្ថាប័នរដ្ឋសភា ព្រឹទ្ធសភា រាជរដ្ឋាភិបាល រួមទាំងឥស្សរជននៃបណ្ដាគណបក្សនយោបាយ ក្នុងការពង្រឹងលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ការគោរពសិទ្ធិមនុស្ស ការពង្រឹងនីតិរដ្ឋ និងការអភិវឌ្ឍប្រទេសជាតិ ដើម្បីភាពសុខក្សេមក្សាន្ត សម្បូររុងរឿង ប្រកបដោយសេចក្ដីថ្លៃថ្នូររបស់ពលរដ្ឋ ព្រមទាំងការលើកកកម្ពស់កិត្យានុភាពជាតិនៅលើឆាកអន្តរជាតិ»។ 

ទោះបីស្ថានការណ៍ជាទូទៅមានលក្ខណៈល្អប្រសើរ ហើយការរៀបចំមូលដ្ឋានគ្រឹះសម្រាប់ធានាសន្តិសុខត្រូវបានរៀបចំប្រកបដោយភាពម្ចាស់ការ និងមានស្មារតីទទួលខុសត្រូវខ្ពស់ពីគ្រប់ក្រសួង ស្ថាប័ន និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ក៏ប៉ុន្តែសម្ដេចបានសង្កត់ធ្ងន់ថាកិច្ចដំណើរការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នាពេលខាងមុខនេះ គឺជាដំណាក់កាលតស៊ូប្រកបដោយការប្រកួតប្រជែងយ៉ាងតឹងតែង និងក្ដៅគគុករបស់គណបក្សនយោបាយដែលបានចូលរួម ហើយក៏ជាដំណាក់កាលដែលងាយនឹងកើតឡើងនូវទំនាស់ ឬបទល្មើសផ្សេងៗអាចបង្កជាឧបសគ្គរារាំង ឬបន្ទុចបង្អាក់ដល់កិច្ចដំណើរការទៀតផង។ 

សម្ដេចបានផ្ដល់ការណែនាំឱ្យប្រគល់តួនាទីជូនគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីខេត្តដែលជាគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍រាជធានីខេត្ត ទទួលខុសត្រូវដឹកនាំដោយផ្ទាល់ក្នុងកិច្ចការធានាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមក្នុងភូមិសាស្រ្តរបស់ខ្លួន។ សម្ដេចបន្តថា«គ្រប់ហេតុការណ៍ ទំនាស់ផ្សេងៗដែលកើតឡើងក្នុងមូលដ្ឋាន ត្រូវខិតខំដោះស្រាយពីដើមទី ដោយមិនត្រូវទុកឱ្យក្លាយជាទំនាស់រ៉ាំរ៉ៃដែលអាចបង្កឱ្យមានចលាចលសង្គម ក្លាយជាឧបករណ៍នៃការកេងចំណេញផ្នែកនយោបាយឡើយ»។ 

ភ្ជាប់នឹងការណែនាំមួយចំនួនទៀតនោះ សម្ដេចក៏ស្នើឱ្យកងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធជាពិសេសភ្នាក់ងារសន្តិសុខបោះឆ្នោតទាំងអស់មានជំហរអព្យាក្រឹត្យ គោរពច្បាប់ស្ដី បទបញ្ជា នីតិវិធីនៃការបោះឆ្នោត និងក្រមសីលធម៌ ដោយត្រូវបង្កភាពងាយស្រួល និងផ្ដល់សេវាសន្តិសុខដល់គ្រប់គណបក្សនយោបាយ បេក្ខជនទាំងអស់ តំណាងគណបក្សនយោបាយ វាគ្មិន អ្នកសង្កេតការណ៍ជាតិ អន្តរជាតិ និងប្រជាពលរដ្ឋគ្រប់រូបប្រកបដោយតម្លាភាព និងដោយគ្មានការរើសអើង។ 

សម្ដេចក៏បានអំពាវនាវគ្រប់គណបក្សនយោបាយ ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន អង្គការសង្គមស៊ីវិល និងអ្នកសង្កេតការណ៍ជាតិ អន្តរជាតិ ចូលរួមចំណែកថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ពិសេសក្នុងដំណើរការបោះឆ្នោត ដើម្បីឱ្យដំណើរការបោះឆ្នោតឃុំ សង្កាត់ និងការបោះឆ្នោតបន្តបន្ទាប់ប្រព្រឹត្តទៅដោយភាពស្ងប់ស្ងាត់ គ្មានអំពើហិង្សា គ្មានការគំរាមកំហែង សេរី ត្រឹមត្រូវ យុត្តិធម៌ និងមានតម្លាភាព ៕ 

 

អត្ថបទដែលជាប់ទាក់ទង