សម្ដេចក្រឡាហោម ស ខេង អញ្ជើញគោរពវិញ្ញាណក្ខន្ធសព មហាឧបាសិកា តាន់ រាយ ដែលបានទទួលមរណភាពកាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២ ដោយជរាពាធ ក្នុងជន្មាយុ៩០ឆ្នាំ
នៅព្រឹកថ្ងៃអាទិត្យ ៨រោច ខែចែត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសព មហាឧបាសិកា តាន់ រាយ មាតាបង្កើតឯកឧត្តម កៅ ខុនដារ៉ា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដែលបានទទួលមរណភាពកាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២ ដោយជរាពាធ ក្នុងជន្មាយុ៩០ឆ្នាំ។
សព មហាឧបាសិកា តាន់ រាយ បានប្រារព្ធពិធីបុណ្យចាប់ពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ នៅភូមិវាល ឃុំកំពង់សិលា ស្រុកកំពង់សិលា ខេត្តព្រះសីហនុ ជាទីដែលសពត្រូវបញ្ចុះក្នុងចេតិយ៍ដែលកូនចៅបានសាងសង់ឡើងយ៉ាងល្អប្រពៃតាមគន្លងប្រពៃណីព្រះពុទ្ធសាសនា និងទំនៀមទំលាប់ខ្មែរ។ សពមហាឧបាសិកា នឹងត្រូវបញ្ចុះទន្ទឹមគ្នានឹងសពឧបាសក់ កៅ ខេង ត្រូវជាស្វាមីដែលបានទទួលមរណភាពកាលពីខែកក្កដា ឆ្នាំ២០២០ ក្នុងជន្មាយុ១០៥ឆ្នាំ។
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ញ៉ែម សាខន ស ខេង ព្រមទាំងក្រុមគ្រួសារ និងថ្នាក់ដឹកនាំមន្ត្រីរាជការសុីវិល នគរបាលជាតិ និងមន្ត្រីពន្ធពន្ធនាគារនៃក្រសួងមហាផ្ទៃបានចូលរួមរំលែកមរណទុក្ខដ៏ក្រៀក្រំនេះជាមួយក្រុមគ្រួសារឯកឧត្តម កៅ ខុនដារ៉ា និងបានឧទ្ទិសបួងសួងជូនដួងវិញ្ញាណក្ខន្ធលោកយាយមហាឧបាសិកា តាន់ រ៉ាយ សូមបានចុតិបដិសន្ធិក្នុងទីឋានសុខស្ងប់កុំបីឃ្លៀងឃ្លាតឡើយ៕