ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតី ពិធីសម្ពោធសមិទ្ធផលនានានៅវត្ត ពោធិគុម្ព ហៅវត្តជ្រៃមាន់ ស្ថិតក្នុងភូមិជ្រៃមាន់ ឃុំឬស្សីស្រុក ស្រុកពាមជរ ខេត្តព្រៃវែង

នាព្រឹកថ្ងៃចន្ទ ១០កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតី ពិធីសម្ពោធសមិទ្ធផលនានានៅវត្ត ពោធិគុម្ព ហៅវត្តជ្រៃមាន់ ស្ថិតក្នុងភូមិជ្រៃមាន់ ឃុំឬស្សីស្រុក ស្រុកពាមជរ ខេត្តព្រៃវែង។

ជាកិច្ចចាប់ផ្ដើម លោក សេង ធា អភិបាលនៃគណៈអភិបាលស្រុកពាមជរ ខេត្តព្រៃវែង បានធ្វើរបាយការណ៍ជូនសម្ដេច ព្រមទាំងអង្គពិធី ក្នុងនោះពាក់ព័ន្ធនឹងវិស័យសាសនា ស្រុកពាមជរមានវត្តចំនួន៣០វត្ត មានព្រះសង្ឃសរុប៣១០អង្គ និងសាលាពុទ្ធិកបឋមសិក្សាមាន៣កន្លែង។

ដោយឡែកនៅ វត្តពោធិគុម្ព ហៅវត្តព្រៃមាន់ បានសាងសង់សមិទ្ធិផលនានាមានដូចជា កុដិ១ខ្នងក្លោងទ្វារវត្តចំនួន៤ របងវត្តចំនួន៩៦ប្លង់ ចាក់សាបទីធ្លាវត្ត១,២១០ម៉ែត្រការ៉េ រៀបឥដ្ឋកន្សែង ២៦៥ម៉ែត្រការ៉េ ដាក់បង្គោលភ្លើង៦០ដើម ទេព្យប្រណមចំនួន៣០រូប ប្រកនាគ១អង្គ ព្រះអង្គចេញសាងភ្នោះ១ព្រះអង្គ សត្វតំណាងឆ្នាំទាំង១២ រោងបាយ១ខ្នង សាលាឆទាន១ ខ្នង បន្ទប់អនាម័យ៦បន្ទប់ ចាក់ដីបំពេញ

ទីធ្លាចំនួន៤១៥ឡាន។

លោកអភិបាលបន្តថា សរុបចំណាយការសាងសង់ សមិទ្ធិផលទាំងអស់ក្នុងវត្ត រួមទាំងសមិទ្ធផលសម្ពោធដាក់ឱ្យប្រើប្រាស់នាឱកាសនេះ អស់ថវិកាចំនួន ១៣៤,០៦២,០០០រៀល និងថវិកាដុល្លាចំនួន ១៤៩,៥៥៣ដុល្លា។

អញ្ជើញមានប្រសាសន៍នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង បានថ្លែងអំណរព្រះគុណ និងអរគុណ ព្រមទាំងកោតសរសើរកិច្ចខំខំប្រឹងប្រែងរបស់ព្រះតេជគុណចៅអធិការវត្ត អាចា្យគណៈកម្មការវត្ត ពុទ្ធបរិស័ទចំណុះជើងវត្ត ថ្នាក់ដឹកនាំក្រុមការងាររាជរដ្ឋាភិបាល ក្រុមការងារគណបក្សប្រជាជនកម្ពុជា និងថ្នាក់ដឹកនាំរដ្ឋបាលស្រុក ឃុំ ដែលបានរួមគ្នាកសាងសមិទ្ធផលនានាក្នុងស្រុកពាមជរនិយាយជារួម និងដោយឡែកក្នុងវត្តពោធិគុម្ពនាថ្ងៃនេះ។

សម្ដេចបន្តថាសមិទ្ធផលនេះ កើតចេញពីសាមគ្គីភាពនិងជាសមិទ្ធផលសម្រាប់បំរើផលប្រយោជន៍សាធារណៈ មិនមែនសម្រាប់បុគ្គល បក្ស ឬក្រុមណានោះទេ។ សម្ដេចក៏បានប្រគេននិងជម្រាបជូនអង្គពីធីថាវត្តមានសម្ដេចនាពេលនេះ ជាការរួមចំណែកលើកទឹកចិត្ត ផ្សារភ្ជាប់ទំនាក់ទំនង និងចូលរួមស្វែងយល់អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ដោយមិនចាំបាច់ទាល់តែសមិទ្ធផលធំ ឬតូចនោះទេ។

សម្ដេចក៏បានគូសបញ្ជាក់អំពីការរីកចំរើនក្នុងស្រុកពាមជរដែលពីអតីតកាលក៏មិនខុសពីបច្ចុប្បន្នដែរ ពោលគឺពាមជរមានចំងាយមិនឆ្ងាយពីរាជធានីភ្នំពេញ នោះទេ ប៉ុន្តែដោយសារកត្តាភូមិសាស្រ្តមានទន្លេតូច មានជំនន់ញឹកញាក់ និងមិនមានផ្លូវល្អ ក៏ធ្វើឱ្យស្រុកពាមជរហាក់នៅឆ្ងាយ។ សម្ដេចបន្តថាព្រោះហេតុដូច្នេះទើបបានរាជរដ្ឋាភិបាល និងក្រុមការងារគណបក្សបានខិតខំគាំទ្រការស្ថាបនាផ្លូវ និងស្ពានជូនប្រជាពលរដ្ឋប្រើប្រាស់។

សម្ដេចបន្តថាបច្ចុប្បន្ន រាជរដ្ឋាភិបាលក៏កំពុងអនុវត្តគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធស្ពាននិងផ្លូវជាច្រើនក្នុងស្រុកពាមជរនេះដែរ។ សម្ដេចន្ថែមថាសមិទ្ធផលដែលកើតមានឡើងជាបន្តបន្ទាប់ដូចដែលប្រជាពលរដ្ឋឃើញសព្វថ្ងៃ គឺដោយសារកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចតេជោនាយករដ្ឋមន្រ្តី និងក៏អាស្រ័យដោយប្រទេសជាតិមានសុខសន្តិភាព និងស្ថិរភាព ដែលធ្វើឱ្យសេដ្ឋកិច្ច និងសង្គមរីកចំរើន។

សម្ដេចបានសង្កត់ធ្ងន់ថាឱកាសដែលកម្ពុជាមានសព្វថ្ងៃនេះ មិនមែនបានមកដោយងាយៗនោះទេ ដ្បិតកម្ពុជាឆ្លងកាត់ការលំបាកច្រើនណាស់ទម្រាំអាចកសាងបានសុខសន្តិភាពដូចពេលនេះ និងបានចំណាយពេលវេលារាប់សិបឆ្នាំ ចំណាយសាច់ស្រស់ឈាមស្រស់ ព្រមទាំងអាយុជីវិតមនុស្សជាច្រើននាក់ ទម្រាំងអាចឈានមកដល់ដំណាក់កាលដូចបច្ចុប្បន្ន។ សម្ដេចបានអំពាវនាវឱ្យប្រជាពលរដ្ឋរួមគ្នាការពារសុខសន្តិភាពជាបន្តទៀត។

សម្ដេចបានបន្តថាមានកិច្ចការច្រើនដែលត្រូវធ្វើដើម្បីថែរក្សាការពារសុខសន្តិភាព ក្នុងនោះក៏មានកិច្ចការដែលបានធ្វើជាបន្តបន្ទាប់មកហើយដែរ ដូចជាការអភិវឌ្ឍវិស័យសេដ្ឋកិច្ច សង្គម កាត់បន្ថយភាពក្រីក្រ កសាងប្រព័ន្ធយុត្តិធម៌សង្គម និងការបង្កើតបរិយាសឱ្យប្រជាពលរដ្ឋទទួលបានផលពីការអភិវឌ្ឍ ដូចជាជាការខិតខំឱ្យកូនចៅប្រជាពលរដ្ឋមានឱកាសទទួលបានការអប់រំស្មើៗគ្នា ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញជាដើម។

សម្ដេចក្រឡាហោមបានមានប្រសាសន៍ថាការខិតខំស្ថាបនាផ្លូវស្ពានគ្រប់មូលដ្ឋានប្រជាពលរដ្ឋនេះក៏ជាផ្នែកមួយនៃការការពារសុខសន្តិភាពដែរ។ សម្ដេចបន្តថាគោលដៅរាជរដ្ឋាភិបាល ធ្វើយ៉ាងណាត្រូវធ្វើផ្លូវបេតុង ឬផ្លូវកៅស៊ូឱ្យដល់ភូមិ ដល់ផ្ទះប្រជាពលរដ្ឋគ្រប់មូលដ្ឋាន។ សម្ដេចបន្ថែមថាមដល់បច្ចុប្បន្ន កម្ពុជាកំពុងធ្វើដំណើរជិតដល់គោលដៅនេះហើយ ដ្បិតបើធៀបនឹងស្ថានភាពពីមុន គោលដៅនេះនៅទាន់មើលឃើញកោះត្រើយនោះទេ។

ពីវេទិកាអធិបតីនេះដែរ សម្ដេចក្រឡាហោម ឧបនាយករដ្ឋមន្រ្តីក៏បានគូសបញ្ជាក់អំពីលទ្ធផលនៃការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលកម្ពុជាសម្រេចបានប្រកបដោយវឌ្ឍនភាព បើធៀបនឹងបណ្ដាប្រទេសជាច្រើនលើពិភពលោក។ សម្ដេចបន្ថែមថាជោគជ័យនៃការគ្រប់គ្រងជំងឺកូវីដ-១៩នេះ បានធ្វើឱ្យកម្ពុជាអាចបើកដំណើរការសកម្មភាពសេដ្ឋកិច្ច និងសង្គមឡើងវិញ ដែលជាបច្ច័យល្អដល់ការរីកចំរើន រួមទាំងជីវភាពប្រជាពលរដ្ឋ។

ភ្ជាប់ទៅនឹងរដូវកាលចូលឆ្នាំថ្មីនេះដែរ សម្ដេចក្រឡាហោមបានអំពាវនាវឱ្យប្រជាពលរដ្ឋបង្កើនការយកចិត្តទុកដាក់គោរពច្បាប់ចរាចរណ៍ ពីព្រោះជាមធ្យមមានមនុស្សស្លាប់ចំនួន៥នាក់រាល់ថ្ងៃ ហើយអាចមានកំណើនថែមទៀតផងនៅក្នុងឱកាសនៃការធ្វើចរាចរណ៍ក្នុងពិធីបុណ្យធំៗដូចជាបុណ្យចូលឆ្នាំថ្មីនេះជាដើម។ សម្ដេចក៏អំពាវនាវឱ្យចៀសវាងការបង្កហិង្សាដាក់គ្នាក្នុងពេលជួបជុំ ដូចជាការរាំងលេងកំសាន្ត នុងទទួលទានគ្រឿងស្រវឹងជាដើម។

សម្ដេចក៏បានអំពាវនាវអាជ្ញាធរ សមត្ថកិច្ច និងប្រជាពលរដ្ឋ ចូលរួមប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ និងបន្តចូលរួមបង្កាទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩បន្តទៀត ទោះបីស្ថានភាពជំងឺមានភាពធូរស្រាលខ្លះក៏ដោយ។ សម្ដេចក៏បានអំពាវនាវប្រជាពលរដ្ឋទទួលការវ៉ាក់សាំងឱ្យបានទៀងទាត់តាមការណាត់របស់ក្រុមគ្រូពេទ្យ ដ្បិតវ៉ាក់សាំងនេះជាបង្អែកដ៏រឹងមាំក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងនេះ។

នាឱកាសនោះដែរ សម្ដេចក្រឡាហោម ក៏បានមានប្រសាសន៍អំពីការវិវត្តន៍ជាវិជ្ជមាននៃស្ថានការណ៍នយោបាយនៅកម្ពុជា ដ្បិតប្រជាពលរដ្ឋ និងអ្នកនយោបាយមានការយល់ដឹងច្រើនជាងមុន មានភាពចាស់ទុំជាងមុនផ្នែកនយោបាយ ដោយមិនមានការបង្កហិង្សា ឬការបង្កើតសត្រូវស្លាប់រស់នៅតាមមូលដ្ឋានដោយសារតែនិន្នាការនយោបាយ ដែលខុសឆ្ងាយបើធៀបនឹងពេលបោះឆ្នោតដំបូងៗនៅកម្ពុជា។

ពាក់ព័ន្ធនឹងការបោះឆ្នោតឃុំ សង្កាត់ខាងមុខនេះដែរ សម្ដេចក្រឡាហោម ក៏បានអំពាវនាវអាជ្ញាធរ សមត្ថកិច្ចពាក់ព័ន្ធ ពិសេសកម្លាំងរក្សាសន្តិសុខសម្រាប់ការបោះឆ្នោត សូមរួមគ្នាគាំទ្រដល់ដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២នេះឱ្យទទួលបានជោគជ័យ ដើម្បីរួមចំណែកលើកកម្ពស់ដំណើរការប្រជាធិបតេយ្យនៅកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង