សម្តេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀនឆ្នាំ២០២១ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២២ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន
នារសៀលថ្ងៃពុធ ១៣រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀនឆ្នាំ២០២១ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២២ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ប្រារព្ធនៅសណ្ឋាគារ រ៉េងស៊ីដង់ សុខាភ្នំពេញ។
អញ្ជើញចូលរួមពិធីបិទសន្និបាតនាឱកាសនោះ រួមមានឯកឧត្តមឧបនាយករដ្ឋមន្រ្តី កែ កឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ឯឧត្តមរដ្ឋមន្រ្តី ឯកឧត្តមអនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ឯកឧត្តមឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ីប្រចាំនៅកម្ពុជា ឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ ព្រមទាំងភ្ញៀវកិត្តិយសជាតិ អន្តរជាតិ និងសមាជិកសមាជិការនៃអង្គសន្និបាតមកពីស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី កែ កឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានធ្វើរបាយការណ៍ជូនសម្ដេចក្រឡាហោម និងអង្គពិធី ដោយជាកិច្ចផ្ដើមឯកឧត្តមបានថ្លែងអំណរគុណជូនសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានដឹកនាំ និងគាំទ្រជាប្រចាំចំពោះការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន និងវិស័យមនុស្សធម៌ ដើម្បីមើលថែជនរងគ្រោះប្រកបដោយព្រហ្មវិហារធម៌ ជាកាយវិការថ្លៃថ្លា និងជាកម្លាំងជំនួយមិនអាចខ្វះបានក្នុងការគាំទ្រសកម្មភាពប្រយុទ្ធប្រឆាំងគ្រឿងញៀន។
ឯកឧត្តមបានឱ្យដឹងទោះបីពិភពលោកមានការរាតត្បាតដោយជំងឺកូវីដ-19ក៏ដោយ ក៏ស្ថានភាពគ្រឿងញៀនមិនមានធូរស្បើយដែរ ហើយក្រុមឧក្រិដ្ឋជនបានប្រើវិធីសាស្រ្តថ្មីៗ និងប្លែកៗកាន់តែមានភាពស្មុគស្មាញ ក្នុងការលួចលាក់ផលិតគ្រឿងញៀនខុសច្បាប់ ធ្វើឱ្យសមត្ថកិច្ចជួបការលំបាក ជាក់ស្ដែងបទល្មើសគ្រឿងធំៗត្រូវបានបង្ក្រាបបានជាបន្តបន្ទាប់។
ឯកឧត្តមឧនាយករដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់បន្ថែមនូវក្រុមគោលដៅប្រឈមដែលត្រូវយកចិត្តទុកដាក់ ដូចជាក្រុមកម្មករចល័ត កម្មករកម្មការនីរោងចក្រ សិប្បកម្ម ជនអានាថា យុវជនគ្មានការងារធ្វើ សិស្សគេចសាលា អ្នកបើកបររថយន្តដឹកជញ្ជូន និងអ្នកបំរើការងារតាមគោលដៅប្រឈម ដូចជាសណ្ឋាគារ ផ្ទះសំណាក់ ផ្ទះជួល កន្លែងកំសាន្តសប្បាយ សិប្បកម្ម ការដ្ឋាន និងសំណង់ ដោយសារក្រុមទាំងនេះនៅតែជាក្រុមដែលពិបាកជួប និងផ្ដល់ការអប់រំ។
ឯកឧត្តមបានឱ្យដឹងថា អាជ្ញាធរជាតិក៏ទើបដាក់សម្ពោធឱ្យដំណើរការជាផ្លូវការនៅមជ្ឈមណ្ឌលស្ដារនីតិសម្បទា មានសមត្ថភាពទទួលជនរងគ្រោះបានប្រមាណ២ពាន់នាក់ ពិសេសជនរងគ្រោះធ្ងន់ធ្ងរដែលមណ្ឌលបណ្ដោះអាសន្នមិនមានលទ្ធភាពព្យាបាល។ ឯកឧត្តមមានប្រសាសន៍ទៀតថានៅឆ្នាំ២០២១ សមត្ថកិច្ចបង្ក្រាបបានបទល្មើសគ្រឿងញៀន៦៣០៨ករណី ឃាត់ខ្លួនជនសង្ស័យជាង១ម៉ឺននាក់ ក្នុងនោះករណីធំៗមាន៧៣ករណី ខណៈសមត្ថភាពមន្រ្តីអនុវត្តច្បាប់ត្រូវបានពង្រឹង និងលើកកម្ពស់។
អញ្ជើញមានប្រសាសន៍នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្ដែងការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញភារកិច្ចរបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានរួមចរំណែករក្សាសន្តិសុខសាធារណៈ លើកម្ពស់សុខមាលភាព សុភមង្គលគ្រួសារប្រជាពលរដ្ឋ និងរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច ពិសេសការកសាងសង្គមយុត្តិធម៌នៅកម្ពុជា។
សម្ដេចបានគូសបញ្ជាក់អំពីភាពខ្វះចន្លោះនៃការបំពេញភារកិច្ច និងកិច្ចសហការប្រតិបត្តិការរបស់មន្រ្តីពាក់ព័ន្ធដែលធ្វើឱ្យក្រុមឧក្រិដ្ឋជនមានលទ្ធភាពនាំចូលសាធាតុគីមីផ្សុំទាំងស្របច្បាប់ និងមិនស្របច្បាប់ដើម្បីផលិតគ្រឿងញៀន។ សម្ដេចបន្តថាការផលិតនេះ អាចចែកចាយទាំងនៅកម្ពុជា និងនាំទៅប្រទេសទី៣ និងគោលដៅផ្សេងៗ ហើយកិច្ចប្រជុំខាងមុខនេះ នឹងមានការពិនិត្យឡើងវិញនូវវិធានការ និងគោលការណ៍ដើម្បីធានាគ្រប់គ្រងការនាំចូលសារធាតុទាំងឡាយណាដែលបំរើឱ្យការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម និងទប់ស្កាត់ឱ្យបានការនាំសាធាតុទាំងនោះមកផលិតគ្រឿងញៀន។
ពីវេទិកាអធិបតីនេះ សម្ដេចក្រឡាហោម ស ខេង ក៏បានផ្ដល់អនុសាសន៍ឱ្យក្រសួងស្ថាប័ន វិស័យឯកជន មជ្ឈដ្ឋានសាសនា បន្តលើកកម្ពស់សកម្មភាពអប់រំ ផ្សព្វផ្សាយពីផលប៉ះពាល់នៃគ្រឿងញៀនឱ្យគ្រប់ទីកន្លែង ពិសេសការរួមចំណែកផ្សព្វផ្សាយលើបណ្ដាញផ្សព្វផ្សាយព័ត៌មាន និងបណ្ដាញទំនាក់ទំនងសង្គម គ្រប់ក្រសួងស្ថាប័ន ពិសេសកងកម្លាំងប្រដាប់វុធគ្រប់ប្រភេទបន្តសកម្មភាពប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងវិស័យជំនាញរបស់ខ្លួន។
សម្ដេចក្រឡាហោមក៏បានណែនាំឱ្យបង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិ ទាំងទ្វេភាគី ពហុភាគី និងការផ្លាស់ប្ដូរព័ត៌មាន ដើម្បីត្រួតពិនិត្យ តាមដាន សើបអង្កេត ស្រាវជ្រាវ មុខសញ្ញាចរាចរណ៍ជួញដូរគ្រឿងញៀន និងសារធាតុផ្សុំខុសច្បាប់ឆ្លងកាត់តំបន់ព្រំដែន និងសហការរួមគ្នាបង្ក្រាបឱ្យបានទាន់ពេលវេលា និងចំគោលដៅ។ សម្ដេចក៏បានណែនាំអភិបាលរាជធានីខេត្តម្ចាស់ការអនុវត្តគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព ពិសេសពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀន។
សម្ដេចបានណែនាំសហការជួយជាបច្ចេកទេសនៃការអនុវត្តយន្តការប្រយុទ្ធប្រឆាំងគ្រឿងញឿនក្នុងករណីមានសំណើរពីរាជធានីខេត្ត និងបន្តមានម្ចាស់ការអនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន ព្រមទាំងផ្ដល់ការលើកទឹកចិត្តចំពោះមន្រ្តីឆ្នើម បគ្គលឆ្នើម និងស្ថាប័នឆ្នើមក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន។ សម្ដេចក៏បានជំរុញឱ្យពង្រឹងយន្តការនៃការបញ្ជូនអ្នកញៀនគ្រឿងញៀនទៅទទួលសេវាព្យាបាលបន្សាបគ្រឿងញៀន ហើយខេត្តជាប់ព្រំដែនត្រូវបន្តកិច្ចសហការល្អដើម្បីជំរុញការបង្ក្រាបគ្រឿងញៀន និងបទល្មើសផ្សេងៗ។
ដើម្បីអនុវត្តទិសដៅការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនឱ្យកាន់តែទទួលបានលទ្ធផលល្អប្រសើរថែមទៀតនោះ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សម្ដេចក្រឡាហោម ស ខេង បានអំពាវនាវសប្បុរសជន អង្គការ សមាគម វិស័យឯកជន និងដៃគូអភិវឌ្ឍន៍ជាតិ អន្តរជាតិ ចូលរួមផ្ដល់ការគាំទ្រតាមគ្រប់លទ្ធភាព មធ្យោបាយ សម្ភារៈ បច្ចេកទេស ថវិកា ដើម្បីរួមចំណែកដោះស្រាយបញ្ហាគ្រឿងញៀននៅកម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាពទាំងក្នុងក្របខណ្ឌជាតិ និងអន្តរជាតិ។ សម្ដេចក៏បានបង្ហាញជំនឿចិត្តថាអង្គសន្និបាតនឹងរួមគ្នាអនុវត្តឱ្យបានជោគជ័យតាមទិសដៅការងារ៕