សម្ដេចក្រឡាហោម ស ខេង អញ្ជើញចូលរួមសម្ពោធដាក់ឱ្យប្រើប្រាស់ «ភូមិកុមារ SOS ព្រៃវែង»
នាព្រឹកថ្ងៃព្រហស្បតិ៍ ១៥កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹង ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង និងបាត់ដំបង បានអញ្ជើញចូលរួមសម្ពោធដាក់ឱ្យប្រើប្រាស់ «ភូមិកុមារ SOS ព្រៃវែង» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
«ភូមិកុមារ SOS ព្រៃវែង» មានទីតាំងស្ថិតនៅភូមិលេខ១ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង សាងសង់លើផ្ទៃដីសរុបជាង១ម៉ឺនម៉ែត្រក្រឡាដែលជាអំណោយផ្ដល់ជូនដោយសម្តេចក្រឡាហោម ស ខេង និងលោកជំទាវ។ «ភូមិកុមារ SOS ព្រៃវែង» បានចាប់ផ្តើមដំណើរការសាងសង់នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៨ និងបានបញ្ចប់ការសាងសង់នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២០ ដោយចំណាយថវិកាសរុប ១,៥៣១,២៤៨ដុល្លារអាមេរិក។
សម្តេចតេជោ ហ៊ុន សែន បានសម្ដែងក្ដីរីករាយដែលបានអញ្ជើញសម្ពោធដាក់អោយប្រើប្រាស់ភូមិកុមារ SOS ព្រៃវែងនាពេលនេះ ជាពិសេសក្រោមភាពជាដៃគូរវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការអន្តរជាតិ SOS ដើម្បីជាទីពឹង និងក្តីសង្ឃឹមរបស់កុមារកម្ពុជា។ សម្តេចបន្តថានៅលើពិភពលោកមានកុមាររងគ្រោះជាច្រើនដោយហេតុការណ៍ផ្សេងៗ ហើយថាសម្រាប់កម្ពុជា របបប្រល័យពូជសាសន៍ ប៉ុល ពត បានបន្សល់នូវកុមារកំព្រាជាច្រើនផងដែរ ហើយក្រោយពីសង្គ្រាមបានបញ្ចប់ កម្ពុជាមានមោទនភាពចំពោះកិច្ចប្រឹងប្រែងជួយដល់កុមារដោយមិនទុកកុមាររងគ្រោះជាបន្តទៀតឡើយ។
សម្តេចតេជោបានមានប្រសាន៍បន្តទៀតថា កុមារដែលចិញ្ចឹមបីបាច់ដោយអង្គការកុមារ SOS ប្រមាណ៤នាក់ បានក្លាយទៅជាវេជ្ជបណ្ឌិត ៦នាក់ ក្លាយជាវិស្វករ ៧នាក់បានក្លាយជាអ្នកបម្រើការនៅធនាគារ ៣នាក់ ក្លាយជាស្ថាបត្យករ ២នាក់ បានក្លាយជាអ្នករចនា និងជាច្រើននាក់ទៀត បានក្លាយជាអ្នកបម្រើការងារក្នុងវិស័យអាជីវកម្ម សេវាបម្រើអតិថិជន និងបម្រើការងារក្នុងជួររាជរដ្ឋាភិបាលផងដែរ។ សម្តេចតេជោនាយករដ្ឋមន្ត្រី សង្ឃឹមថា អង្គការ SOS នឹងបន្តកិច្ចខិតខំជាមួយកម្ពុជាជាបន្តទៀត ក្នុងការជួយដល់កុមារកំព្រា និងកុមារដែលខ្វះការថែទាំ៕