ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធអគារសាលប្រជុំ និងសមិទ្ធផលនានា ក្នុងទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកបវេល ខេត្តបាត់ដំបង

នាព្រឹកថ្ងៃសៅរ៍ ៣កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី៥ ខែមីនា ឆ្នាំ២០២២ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានខេត្តបាត់ដំបង និងព្រៃវែង បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធអគារសាលប្រជុំ និងសមិទ្ធផលនានា ក្នុងទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកបវេល ខេត្តបាត់ដំបង។ 

ជាកិច្ចចាប់ផ្ដើមលោក នូ ប៊ុនយ៉ាន ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ស្រុកបវេលបានរាយការណ៍ជូនសម្ដេចក្រឡាហោម ព្រមទាំងអង្គពិធីអំពីប្រវត្តិសង្ខេបនៃទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកបវេល ដំណើរការសាងសង់ និងការប្រើប្រាស់អគារសាលប្រជុំ និងសមិទ្ធផលនានាដែលសម្ពោធនាថ្ងៃនេះ ព្រមទាំងការងារគ្រប់គ្រងសមាជិកសមាជិការគណបក្សស្រុកបវេល។ 

អញ្ជើញមានប្រសាសន៍នាឱកាសនោះ ក្នុងនាមគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្ដាល និងក្នុងនាមសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា សម្ដេចក្រឡាហោម បានវាយតម្លៃខ្ពស់ចំពោះក្រុមការងារចុះមូលដ្ឋានស្រុក គណៈកម្មាធិការគណបក្សស្រុក ឃុំ ភូមិ និងសមាជិក សមាជិការគណបក្ស ព្រមទាំងអ្នកគាំទ្រគណបក្សទាំងអស់ដែលបានរួមសាមគ្គីសហការគ្នាកសាងសមិទ្ធផលជាច្រើន។ 

សម្ដេចក្រឡាហោម មានប្រសាសន៍បន្តថា សមិទ្ធផលប្រារព្ធពិធីសម្ពោធនាឱកាសនេះជាសមិទ្ធផលកើតចេញពីកម្លាំងសាមគ្គីប្រកបដោយទឹកចិត្តជ្រះថ្លា និងស្មារតីជឿជាក់របស់សប្បុរសជនមកលើការដឹកនាំ គ្រប់គ្រងប្រទេសជាតិរបស់គណបក្សប្រជាជនកម្ពុជា និងជំនឿទុកចិត្តមកលើក្រុមការងារគណបក្សខេត្តបាត់ដំបង និងស្រុកបវេល ក្នុងការគ្រប់គ្រង ចាត់ចែងធនធាននេះប្រកបដោយតម្លាភាព និងគុណភាព។ 

នាឱកាសនោះដែរ សម្ដេចក្រឡាហោម មានប្រសាសន៍រម្លឹកជូនអង្គពិធីអំពីស្ថានភាពភូមិសាស្រ្តស្រុកបវេល កាលពីអតីតកាល ជាពិសេសនៅក្នុងអំឡុងពេលសង្គ្រាមស៊ីវិលជាមួយកងទ័ពខ្មែរក្រហម រហូតមានការដាក់ចេញនយោបាយឈ្នះៗ ទើបស្រុកបវេលនិយាយដោយឡែក និងទូទាំងប្រទេសនិយាយជារួមបានស្គាល់នូវសុខសន្តិភាពទូទាំងប្រទេស ដែលជាកត្តានាំមកនូវការអភិវឌ្ឍ និងរីកចំរើន ក្នុងនោះក៏មានស្រុកបវេលនេះដែរ។ 

សម្ដេចមានប្រសាសន៍ បន្តថាការរម្លឹកដល់អតីតកាលដ៏ឈឺចាប់ខ្លោចផ្សាពីអតីតកាល និងការខិតខំក្រោកឈរឡើងរួមគ្នាជម្នះដោះស្រាយបញ្ហាប្រឈម និងផលវិបាកនានាជាច្រើនរាប់មិនអស់រហូតធ្វើឱ្យមានការអភិវឌ្ឍស្រុកភូមិ និងប្រទេសជាតិដូចបច្ចុប្បន្ននេះ គឺអាស្រ័យដោយសារយើងទាំងអស់គ្នាបានសម្រេចចិត្តជ្រើសរើស បានត្រឹមត្រូវនូវគណបក្សនយោបាយ ដើម្បីដឹកនាំ និងគ្រប់គ្រងប្រទេសជាតិ គឺគណបក្សប្រជាជនកម្ពុជា។ 

គណបក្សប្រជាជនកម្ពុជា ដែលសម្ដេចក្រឡាហោម អនុប្រធានគណបក្ស បានសង្កត់ធ្ងន់ថាជាគណបក្សកើតចេញពីប្រជាជន ដើម្បីប្រជាជន ជាគណបក្សនយោបាយដែលមានឧត្តមគតិស្នេហាជាតិ និងប្រជាជនយ៉ាងពិតប្រាកដ ជាគណបក្សនយោបាយមួយ ដែលមានវ័យចំណាស់ជាងគេ ជាគណបក្សមានអាទិភាពជាងគេក្នុងសង្គមកម្ពុជា នារយៈពេលជាង៧០ឆ្នាំមកហើយ និងក៏ជាគណបក្សដែលសម្រេចបានស្នាដៃធំៗជាច្រើនជូនជាតិ និងប្រជាជនកម្ពុជា។ 

សម្ដេច មានប្រសាសន៍សង្កត់ធ្ងន់ថាស្នាដៃធំៗទាំងនោះរួមមាន ការចូលរួមដណ្ដើមឯករាជ្យពីបារាំង ការរំដោះប្រទេសពីរបបប្រល័យពូជសាសន៍ ការកសាងប្រទេសពីបាតដៃទទេ ការចរចាស្វែងរកការបង្រួបបង្រួមជាតិ និងការគាំទ្រដំណើរការបោះឆ្នោតឆ្នាំ១៩៩៣ ដែលនាំមកនូវលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ការផ្ដួចផ្ដើមនិងអនុវត្តនយោបាយឈ្នះៗនាំមកនូវសុខសន្តិភាព ឯកភាពជាតិ និងទឹកដី ការបន្តថែរក្សាការពារសុខសន្តិភាព ស្ថិរភាពនយោបាយ និងសង្គម ដើម្បីបង្កឱកាសដល់ការអភិវឌ្ឍជាតិដូចបច្ចុប្បន្ន។ 

ពីវេទិកាអធិបតីនេះដែរ សម្ដេចក្រឡាហោម ស ខេង បានសម្ដែងក្ដីសង្ឃឹមជឿជាក់ថាគណបក្សប្រជាជនកម្ពុជាស្រុកបវេល ក្រោមការចាត់ចែងរបស់ក្រុមការងារ និងគណបក្សនៅនឹងកន្លែង ព្រមទាំងការគាំទ្រពីក្រុមការងារ និងគណបក្សខេត្តបាត់ដំបង នឹងបន្តរួមគ្នាខិតខំប្រឹងប្រែងបន្ថែមទៀតនូវកិច្ចការទាំងអស់ដែលមានផលប្រយោជន៍ដល់ប្រជាពលរដ្ឋ និងគណបក្ស ដោយសម្ដេចផ្ទាល់ក៏នឹងចូលរួមចំណែកគាំទ្រអស់ពីលទ្ធភាពដែរ៕ 

អត្ថបទដែលជាប់ទាក់ទង