ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់រដ្ឋបាលសាលារាជធានីភ្នំពេញ

នាព្រឹកថ្ងៃព្រហស្បតិ៍ ១កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២នេះសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់រដ្ឋបាលសាលារាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីលោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងារាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានីភ្នំពេញ។

ជាកិច្ចចាប់ផ្ដើម ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានធ្វើរបាយការណ៍ស្វាគមន៍ជូនសម្ដេចក្រឡាហោម ព្រមទាំងអង្គពិធីអំពីលទ្ធផលសំខាន់ៗដែលរដ្ឋបាលរាជធានីសម្រេចបានក្នុងឆ្នាំ២០២១ រួមមានការបង្ការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ទប់ស្កាត់ការប៉ុនប៉ុងធ្វើសកម្មភាពខុសច្បាប់ពីក្រុមប្រឆាំងជ្រុលនិយម ការថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ការកែលម្អរអនាម័យបរិស្ថាន និងការចូលរួមក្នុងសកម្មភាពមនុស្សធម៌ជួយប្រជាពលរដ្ឋគ្រប់ដំណាក់កាល ព្រមទាំងបានធ្វើរាយការណ៍សង្ខេបអំពីលទ្ធផលដែលសន្និបាតរបស់រដ្ឋបាលសាលារាជធានីភ្នំពេញសម្រេចបានផងដែរ។

អញ្ជើញមានប្រសាសន៍នាឱកាសនោះ សម្ដេចក្រឡាហោម ក្នុងនាមរាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ បានសម្ដែងការសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងរបស់រដ្ឋបាលរាជធានីភ្នំពេញ ព្រមទាំងសមត្ថកិច្ចពាក់ព័ន្ធ រួមជាមួយក្រុមការងាររាជរដ្ឋាភិបាល ដែលបានសហការគ្នាបំពេញការងារជាច្រើននៅឆ្នាំ២០២១ ក្នុងការបំរើសេវាសាធារណៈជូនប្រជាពលរដ្ឋ ការខិតខំរួមចំណែកថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្ដាប់សាធារណៈនៅក្នុងរាជធានីភ្នំពេញបានយ៉ាងល្អប្រសើរ រួមទាំងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ទៅតាមកម្មវិធីនយោបាយ គោលនយោបាយរាជរដ្ឋាភិបាលសំដៅលើកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

សម្ដេចក្រឡាហោមក៏បានសម្ដែងការកោតសរសើរ និងអបអរសាទរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលរាជធានីភ្នំពេញ ពិសេសក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ឱ្យទទួលបានជោគជ័យ ធ្វើឱ្យប្រជាពលរដ្ឋមានជំនឿទុកចិត្តដោយសារការអនុវត្តបាននូវយុទ្ធសាស្រ្តចាក់វ៉ាក់សាំងតាមការដឹកនាំដ៏មុតស្រួចរបស់សម្ដេចតេជោនាយករដ្ឋមន្រ្តី។ យ៉ាងណាក៏ដោយទន្ទឹមនឹងលទ្ធផលទទួលបាននេះ សម្ដេចឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថាក៏មានការកើតឡើងនូវបញ្ហាប្រឈមជាច្រើនដែលទាមទារឱ្យមានការខិតខំប្រឹងប្រែងដោះស្រាយនៅឆ្នាំ២០២២ និងនៅឆ្នាំបន្តបន្ទាប់។

នៅក្នុងឱកាសនោះដែរ សម្ដេចក្រឡាហោមឧបនាយករដ្ឋមន្រ្តី បានផ្ដល់អនុសាសន៍មួយចំនួន ដើម្បីបំពេញបន្ថែមដល់អង្គសន្និបាត រួមមានការបន្តចូលរួមពង្រឹងសន្តិភាព ស្ថិរភាពនយោបាយនៅតែជាភារកិច្ចគន្លឹះរបស់រដ្ឋបាលរាជធានីភ្នំពេញក៏ដូចជារដ្ឋបាលថ្នាក់ក្រោមជាតិនៅទូទាំងប្រទេស ព្រោះជាកត្តាចំបងអាចនាំមកនូវអ្វីៗដែលជាការអភិវឌ្ឍ និងរីកចំរើនរបស់ប្រទេសជាតិ។ ជាមួយគ្នានេះការការពារឯករាជ្យ អធិបតេយ្យភាពជាតិ ក៏ជាកាតព្វកិច្ច និងភារកិច្ចរួម សំដៅធានាប្រក្រតីភាពនៃស្ថាប័នជាតិ ស្ថាប័នព្រះមហាក្សត្រ ការពាររបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ លើកកម្ពស់លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និងការរក្សា ការគោរពរដ្ឋធម្មនុញ្ញ និងច្បាប់នានាជាធរមាននៅកម្ពុជា។

សម្ដេចបន្ថែមថាការគ្រងសភាពការណ៍នៅមូលដ្ឋានជាប្រចាំ ដោយទប់ស្កាត់ការប៉ុនប៉ងបង្កភាពចលាចលក្នុងសង្គមដើម្បីផ្ដួលរំលំរាជរដ្ឋាភិបាលក៏ជាកិច្ចការដែលចាំបាច់ត្រូវយកចិត្តទុកដាក់។ សម្ដេចបន្តថាការដោះស្រាយជម្លោះនៅមូលដ្ឋានដោយផ្អែកលើច្បាប់ និងប្រកបដោយយុត្តិធម៌ និងការចៀសវាងអំពើហិង្សាក៏ជាបទពិសោធន៍ និងជាគោលការណ៍ដែលត្រូវបន្តអនុវត្តឱ្យបានជាប់ជាប្រចាំ ចំណែកបញ្ហាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមវិញ សម្ដេចបានគូសបញ្ជាក់ថាការពាររាល់កិច្ចប្រជុំនានាដែលកម្ពុជាធ្វើម្ចាស់ផ្ទះក្នុងនាមជាប្រធានអាស៊ានប្ដូរវេន និងកិច្ចប្រជុំអន្តរជាតិផ្សេងទៀតនៅឆ្នាំនេះ និងឆ្នាំបន្តបន្ទាប់ក៏ជាភារកិច្ចស្នូល។

សម្ដេចក៏បានផ្ដល់អនុសាសន៍ជូនរដ្ឋបាលរាជធានីភ្នំពេញ និងសមត្ថកិច្ចពាក់ព័ន្ធអំពីដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ផងដែរ។ ដោយឡែកក្នុងស្ថានភាពសង្គ្រាមនៅអ៊ុយក្រែនកំពុងមានភាពតានតឹង សម្ដេចបានណែនាំឱ្យយកចិត្តទុកដាក់ធានាដល់សុវត្ថិភាពស្ថានទូត ស្ថានតំណាងដែលមានការពាក់ព័ន្ធ និងដែលមាននិវេសនដ្ឋាននៅក្នុងព្រះរាជាណាចក្រកម្ពុជាឱ្យបានជាដាច់ខាត ដោយមិនត្រូវមើលស្រាលចំពោះជនឱកាសនិយម ឬឧក្រិដ្ឋជនអាចប្រើប្រាស់ឱកាសនេះបង្កបញ្ហាបានឡើយ។ សម្ដេចបន្ថែមថាបញ្ហាអ៊ុយក្រែនបានជះឥទ្ធពលមកដល់កម្ពុជាជាបឋមនេះគឺការឡើងថ្លៃប្រេង ខណៈប្រទេសផ្សេងៗទៀតក៏បានជួបប្រទះបញ្ហានេះដូចគ្នា។

សម្ដេចក៏បានណែនាំរដ្ឋបាលរាជធានីភ្នំពេញខិតខំយកចិត្តទុកដាក់អនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ដែលជាយន្តការពាក់ព័ន្ធដោយផ្ទាល់ទៅនឹងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋតាមមូលដ្ឋាន និងទាមទារការចូលរួមពីគ្រប់តួអង្គពាក់ព័ន្ធនៅក្នុងលក្ខណៈសម្បត្តិនៃគោលនយោបាយទាំង៧ចំណុច។ សម្ដេចក៏បានជំរុញឱ្យខិតខំយកចិត្តទុកដាក់ក្នុងកិច្ចការបង្ការ និងសង្គ្រោះករណីគ្រោះអគ្គិភ័យនៅក្នុងរាជធានីភ្នំពេញដែលជាបញ្ហាប្រឈមមួយ ពិសេសការចូលរួមគាំទ្រពីប្រជាពលរដ្ឋក្នុងការបង្ការទប់ស្កាត់គ្រោះអគ្គិភ័យ និងការចូលរួមពីក្រុមស្ម័គ្រចិត្តបន្ថែមលើកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរ និងកម្លាំងពន្លត់អគ្គិភ័យ។

ពីវេទិកាអធិបតីនេះដែរ សម្ដេចនៅតែបន្តសង្កត់ធ្ងន់អំពីបញ្ហាគ្រឿញៀន ដោយសម្ដេចបន្ថែមថាមកដល់ពេលនេះមានសារធាតុគីមីដែលគេអាចផ្សុំជាគ្រឿងញៀនសំយោគប្រមាណជាង៣០០តោនកំពុងត្រូវបានឃាត់ទុកក្នុងឃ្លាំង និងកំពុងរកសារធាតុផ្សេងទៀតមកបន្សាបសារធាតគីមីនោះមុនពេលយកវាទៅកម្ទេចចោល។ សម្ដេចបន្តថារាជរដ្ឋាភិបាលនៅតែចាត់ទុកការងារបង្ក្រាបគ្រឿងញៀននេះជាកិច្ចការអាទិភាព ពីព្រោះវាប៉ះពាល់ដល់ជីវភាពសង្គម និងសេដ្ឋកិច្ច ពិសេសអនាគតយុវជន ខណៈបញ្ហានេះក៏នឹងមិនងាយបញ្ចប់ និងកាន់តែមានភាពស្មុគស្មាញបន្ថែមទៀតនាពេលអនាគត។

ជាមួយគ្នានេះ សម្ដេចបានផ្ដល់អនុសាសន៍ឱ្យខិតខំរឹតបន្តឹងការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ក្នុងនោះមន្រ្តីនគរបាលត្រូវប្រកាន់ខ្ជាប់វិជ្ជាជីវៈការងារ ចំណែកការខិតខំប្រឹងប្រែងរបស់មន្រ្តីមុខងារសាធារណៈពាក់ព័ន្ធ ដូចជាការគ្រប់គ្រងយានយន្តគ្រប់ប្រភេទ ការលើកស្លាកសញ្ញា និងគំនូសផ្លូវនៅក្នុងរាជធានីភ្នំពេញក៏ជាការចាំបាច់។ សម្ដេចថាគំនូសផ្លូវមិនមែនគ្រាន់តែលម្អរផ្លូវប៉ុណ្ណោះទេ ប៉ុន្តែជាគន្លឹះនៃការប្រើប្រាស់ផ្លូវ និងការអនុវត្តច្បាប់របស់មន្រ្តីនគរបាលចរាចរណ៍។ សម្ដេចថានគរបាលចរាចរណ៍នឹងជួបការលំបាកក្នុងការអនុវត្តការងារប្រសិនបើផ្លូវធ្វើដំណើរក្នុងរាជធានីភ្នំពេញមិនមានគំនូសច្បាស់លាស់ទៅតាមច្បាប់។

ដោយឡែកប្រធានបទពាក់ព័ន្ធនឹងកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការក៏នៅតែរបៀបវារៈនៃការផ្ដល់អនុសាសន៍ណែនាំបន្ថែមរបស់សម្ដេចក្រឡាហោមឧបនាយករដ្ឋមន្រ្តីដែរ ដោយសម្ដេចបានបន្តគូសបញ្ជាក់អំពីការបន្តផ្ទេរមុខងារ តួនាទី ភារកិច្ច និងការទទួលខុសត្រូវពីថ្នាក់ជាតិទៅឱ្យថ្នាក់ក្រោមជាតិ។ សម្ដេចថាការងារនេះចាំបាច់ត្រូវការមន្ត្រីរដ្ឋបាលថ្នាក់ក្រោមជាតិខិតខំបំពេញការងារដែលបានផ្ទេរមកនោះឱ្យបានល្អដើម្បីបំរើផលប្រយោជន៍ជាតិ និងប្រជាជន ពិសេសស្របតាមសេចក្ដីប្រាថ្នា និងឆន្ទៈធ្វើកំណែទម្រង់របស់រាជរដ្ឋាភិបាល។

ដោយឡែកពាក់ព័ន្ធនឹងសំណើរវិសោធនកម្មច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលឃុំសង្កាត់ ពិសេសពាក់ព័ន្ធនឹងតួនាទីស្មៀន និងក្រុមប្រឹក្សា ឃុំសង្កាត់ ព្រមទាំងសំណើរមួយចំនួនទៀតរបស់រដ្ឋបាលរាជធានីភ្នំពេញនោះសម្ដេចក្រឡាហោមបានសម្ដែងការស្វាគមន៍ទទួលយកមកសិក្សា។ ទន្ទឹមគ្នានេះ សម្ដេចក៏បានផ្ដល់ការណែនាំជាថ្មីទៀតឱ្យរដ្ឋបាលគ្រប់ថ្នាក់នៅថ្នាក់ក្រោមជាតិ ពិសេសរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ត្រូវបំពេញតួនាទីភារកិច្ចប្រកបដោយការទទួលខុសត្រូវ ពិសេសត្រូវពង្រឹងប្រព័ន្ធទំនាក់ទំនងការងាររវាងក្រុមប្រឹក្សា និងគណៈអភិបាល ក្នុងការសម្រេចកិច្ចការផ្សេងៗក្នុងដែនដីរដ្ឋបាលរបស់ខ្លួន៕

អត្ថបទដែលជាប់ទាក់ទង