ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

សម្ដេចក្រឡាហោម ស ខេង អញ្ជើញទទួលស្វាគមន៍វត្តមានដ៏ខ្ពង់ខ្ពស់សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតី ពិធីបិទសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់ក្រសួងមហាផ្ទៃ

នារសៀលថ្ងៃពុធ ៧រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញទទួលស្វាគមន៍វត្តមានដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតី ពិធីបិទសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់ក្រសួងមហាផ្ទៃ ប្រារព្ធនៅសណ្ឋារគាររ៉េស៊ីដង់ សុខាភ្នំពេញ។  

ក្រោមអធិបតីភាពដដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ពិធីបិទសន្និបាតក្រសួងមហាផ្ទៃនាឱកាសនេះ មានការអញ្ជើញចូលរួមជាគណៈអធិបតីពីសំណាក់សម្ដេច លោកជំទាវ ឯកឧត្តម ជាឧបនាយករដ្ឋមន្រ្តី ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តមនាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការកងយុទ្ធពលខេមរភូមិន្ទ ព្រមទាំងមានការអញ្ជើញចូលរួមពីឯកឧត្តមទេសរដ្ឋមន្រ្តី ឯកឧត្តម លោកជំទាវជារដ្ឋមន្រ្តី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងសមាជិកសមាជិការអង្គសន្និបាតមួយចំនួនទៀត។  

អញ្ជើញថ្លែងរបាយការណ៍ស្វាគមន៍ជូនសម្ដេចតេជោនាយករដ្ឋមន្រ្តី និងអង្គសន្និបាតនាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ឧនាយករដ្ឋមន្រ្តី បានមានប្រសាសន៍ថាដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្ដេចតេជោ ក្រសួងមហាផ្ទៃបានរៀបចំសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៣ ខែកុម្ភៈនេះ។ សម្ដេចបានបន្តថាសន្និបាតនេះ បានប្រព្រឹត្តទៅដោយមានការអនុវត្តយាងត្រឹមត្រូវទៅតាមវិធានការសុខាភិបាលដើម្បីបង្ការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩។  

សម្ដេចក្រឡាហោម បានគូសបញ្ជាក់ថាសន្និបាតបានរៀបចំការធ្វើបទបង្ហាញអំពីសេចក្ដីព្រាងរបាយការណ៍ស្ដីពីលទ្ធផលការឆ្នាំ២០២១ និងទិសដៅការងារ២០២២ និងផ្សព្វផ្សាយលទ្ធផលប្រឡងប្រណាំង ការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល ពិសេសលក្ខណៈសម្បត្តិនៃគោលនយោបាយដែលស្ថិតក្នុងសមត្ថកិច្ចក្រសួងមហាផ្ទៃ ព្រមទាំងបានបែងចែកក្រុមពិភាក្សាដើម្បីផ្ដល់ធាតុចូលសំដៅលើកកម្ពស់គុណភាព និងប្រសិទ្ធភាពការងារ ទាំងសម្រាប់ក្រសួងមហាផ្ទៃ និងរដ្ឋបាលថ្នាក់ក្រោមជាតិ។ 

អញ្ជើញមានប្រសាសន៍ទៅកាន់អង្គពិធីនាឱកាសនោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្ដែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ កងកម្លាំងនគរបាលជាតិ មន្រ្តីរដ្ឋបាលស៊ីវិល មន្រ្តីពន្ធនាគារនៃក្រសួងមហាផ្ទៃ និងរដ្ឋបាលថ្នាក់ក្រោមជាតិដែលបានចូលរួមអនុវត្តយ៉ាងសកម្មនូវវិធានការនានារបស់រាជរដ្ឋាភិបាលក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩។ 

សម្ដេចតេជោបានបន្តថាការចូលរួមរបស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល កងកម្លាំងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ មន្រ្តីថ្នាក់ក្រោមជាតិ និងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន បានធ្វើឱ្យកម្ពុជាមានសមត្ថភាពអាចគ្រប់គ្រង និងបើកប្រទេសឡើងវិញ ដើម្បីឱ្យប្រជាពលរដ្ឋបានរស់នៅតាមគន្លងប្រក្រតីភាពថ្មីចាប់តាំងពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១មក ក្នុងនោះក្រសួងមហាផ្ទៃ កងកម្លាំងនគរបាលជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ បានខិតខំអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវ។  

ការខិតខំអនុវត្តតួនាទី និងភារកិច្ចនោះ ត្រូវបានសម្ដេចតេជោកត់សម្គាល់រួមមាន កងកម្លាំងនគរបាលជាតិបានសហការជាមួយកងកម្លាំងមានសមត្ថកិច្ចនានា និងគណៈបញ្ជាការឯកភាពរដ្ឋបាលគ្រប់ថ្នាក់នៃថ្នាក់ក្រោមជាតិ ថែរក្សាបានយ៉ាងរឹងមាំនូវសុខសន្តិភាព ឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី សន្តិសុខផ្ទៃក្នុង សណ្ដាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម ទប់ស្កាត់បានទាន់ពេលវេលានូវរាល់សកម្មភាពរបស់ក្រុមប្រឆាំងជ្រុលនិយម និងមជ្ឈដ្ឋានអគតិនានាដែលប៉ុនប៉ងធ្វើសកម្មភាពខុសច្បាប់ ផ្ដួលរំលំរាជរដ្ឋាភិបាល ធ្វើឱ្យបទល្មើសព្រហ្មទណ្ឌឆ្នាំ២០២១ ថយចុះ៦ភាគរយ និងបានបង្រ្កាបបទល្មើសនានាសម្រេចបានរហូតដល់៩៣ភាគរយ។ 

នៅក្នុងឱកាសនោះដែរ សម្ដេចអគ្គមហាសេនាបតីតេជោ បានទាញចំណាប់អារម្មណ៍ថាក្នុងពេលបច្ចុប្បន្ននេះ ពិភពលោកកំពុងបន្តប្រយុទ្ធនឹងជំងឺរាតត្បាតសាកលកូវីដ-១៩ នឹងជំងឺកូវីដបំប្លែងថ្មី និងកំពុងដោះស្រាយបញ្ហាប្រឈមនានាជាមួយនឹងវិបត្តិនយោបាយ និងបញ្ហាសន្តិសុខសាកលដែលកាន់តែស្មុគស្មាញតាមរយៈការប្រកួតប្រជែងភូមិសាស្រ្តនយោបាយ យោធា សេដ្ឋកិច្ច និងបច្ចេកវិទ្យា។  

ដើម្បីរក្សាបាននូវសុខសន្តិភាពទាំងបច្ចុប្បន្ន និងទៅអនាគត ក្នុងនាមរាជរដ្ឋាភិបាល សម្ដេចតេជោបានផ្ដល់គោលការណ៍ណែនាំមួយចំនួន រួមមានការរួមគ្នាថែរក្សាការពារសុខសន្តិភាព ស្ថិរភាពនយោបាយ បូរណភាពទឹកដី អធិបតេយ្យជាតិ ការពារព្រះមហាក្សត្រ របបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ បន្តជំរុញលើកម្ពស់លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ការពារលើកស្ទួយសិទ្ធិសេរីភាពប្រជាពលរដ្ឋជាមួយនឹងការពង្រឹងនីតិរដ្ឋស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន។ 

សម្ដេចតេជោ ក៏បានផ្ដល់អនុសាសន៍ពាក់ព័ន្ធនឹងបញ្ហាតែងតាំងមន្រ្តីរដ្ឋបាលថ្នាក់ក្រោមជាតិជាជនជាតិដើមភាគតិចដែលបានធ្វើប្រកបដោយភាពជោគជ័យជាបន្តបន្ទាប់។ សម្ដេចបានស្នើឱ្យបណ្ដាខេត្តដែលមានបងប្អូនខ្មែរឥស្លាមរស់នៅរៀបចំដើម្បីឱ្យមានហោចណាស់អភិបាលរងមួយនាក់នៅក្នុងខេត្ត ឬបើអាចមានសមត្ថភាពធ្វើអភិបាលស្រុក ឬខណ្ឌដែលមានបងប្អូនឥស្លាមច្រើន។ សម្ដេចបន្តថានេះមិនមែនជាកូតានោះទេ ប៉ុន្តែជាគោលនយោបាយរបស់រាជរដ្ឋាភិបាល និងការសម្រួលដល់ការធ្វើការងារ។  

ពីវេទិការអធិបតីនោះដែរ សម្ដេចតេជោនាយករដ្ឋមន្រ្តី បានផ្ដល់ការណែនាំឱ្យកងកម្លាំងប្រដាប់អាវុធគាំទ្រការប្រមូលចំណូលរបស់ស្ថាប័នគយ និងពន្ធដាជូនរដ្ឋ។ សម្ដេចក៏បានបន្តមានប្រសាសន៍អំពីស្ថានភាពសេដ្ឋកិច្ចជាតិក្នុងបរិការណ៍កូវីដ-១៩ ការខិតខំសន្សំសំចៃថវិកាជាតិ ជំរុញការបន្តចុះមូលដ្ឋានដើម្បីដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ ព្រមទាំងបានគូសបញ្ជាក់អំពីបញ្ហា និងកិច្ចការសំខាន់ៗមួយចំនួនទៀតមុននឹងប្រកាសបិទសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២របស់ក្រសួងមហាផ្ទៃ៕ 


 

អត្ថបទដែលជាប់ទាក់ទង