ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

សម្ដេចក្រឡាហោម ស ខេង បន្តអញ្ជើញជាអធិបតីក្នុងពិធីសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២

នាព្រឹកថ្ងៃពុធ ៧រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបន្តអញ្ជើញជាអធិបតីក្នុងពិធីសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់ក្រសួងមហាផ្ទៃ ប្រារព្ធនៅសណ្ឋាគារ រ៉េស៊ីដង់ សុខាភ្នំពេញ។  

អញ្ជើញមានប្រសាសន៍នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី បានផ្ដល់ការណែនាំអំពីវិធានការ និងគោលការណ៍សំខាន់ៗមួយចំនួនទៅកាន់អង្គសន្និបាត ដើម្បីបន្តអនុវត្តសម្រេចនូវទិសដៅការងារនានារបស់ក្រសួងមហាផ្ទៃ ក្នុងនោះពាក់ព័ន្ធនឹងការរក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម សម្ដេចបានជំរុញលើកទឹកចិត្តកងកម្លាំងនគរបាលជាតិ អាជ្ញាធរនិងកងកម្លាំងមានសមត្ថកិច្ចនានា បន្តខិតខំសម្រេចឱ្យបាននូវស្នាដៃ និងលទ្ធផលនានាបន្ថែមទៀតនៅឆ្នាំ២០២២នេះ។ 

សម្ដេចបានណែនាំឱ្យផ្ដោតអាទិភាពលើការបន្តរួមគ្នាការពារសុខសន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខជាតិឱ្យកាន់តែរឹងមាំ សំដៅធានាប្រក្រតីភាពស្ថាប័នជាតិ ធានាការពារព្រះរាជសុវត្ថិភាពព្រះមហាក្សត្រ ថ្នាក់ដឹកនាំជាន់ខ្ពស់ជាតិ បង្កើនការការពារគោលដៅនយោបាយ ការទូត សេដ្ឋកិច្ច វប្បធម៌ ទេសចរណ៍ ពាណិជ្ជកម្ម និងសកម្មភាពវិនិយោគនានានៅកម្ពុជា។  

សម្ដេចបន្តថាអគ្គស្នងការដ្ឋាននគរបាលជាតិ ត្រូវសហការជាមួយអាជ្ញាធរ និងកងកម្លាំងនានា រក្សាការពារឱ្យបានល្អនូវសុវត្ថិភាពសម្រាប់កិច្ចប្រជុំ និងការរៀបចំព្រឹត្តិការណ៍នានាក្នុងពេលកម្ពុជាទទួលធ្វើជាប្រធានប្ដូរវេនអាស៊ានឆ្នាំ២០២២នេះ និងការពារសុវត្ថិភាពដំណើរទស្សនកិច្ចគណៈប្រតិភូបរទេសនានា ព្រមទាំងកិច្ចប្រជុំអន្តរជាតិនានាដែលរៀបចំធ្វើឡើងនៅកម្ពុជា។  

សម្ដេច បន្តថាអាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវផ្ដល់ការគាំទ្រធានារក្សាសន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពក្នុងដំណើរការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ប្រកបដោយសុវត្ថិភាព សេរី ត្រឹមត្រូវ និងយុត្តិធម៌។  

សម្ដេច ក៏បានណែនាំឱ្យបង្កើនការគ្រប់គ្រងសុវត្ថិភាពនៅមូលដ្ឋានដើម្បីបង្ការទប់ស្កាត់រាល់សកម្មភាពអុចអាល់ បំផុសបំផុល ញុះញង់ បង្កឱ្យមានភាពចលាចលក្នុងសង្គម និងខិតខំដោះស្រាយ សម្របសម្រួលទំនាស់ និងសកម្មភាពទាមទារតវ៉ានានានៅតាមមូលដ្ឋានដោយសន្តិវិធី ព្រមទាំងខិតខំបញ្ចៀសឱ្យបានរាល់អំពើហិង្សាតាមគ្រប់រូបភាព។  

សម្ដេចឧបនាយករដ្ឋមន្រ្តីបានណែនាំ កងកម្លាំងនគរបាលជាតិត្រូវបង្កើនកិច្ចសហការជាមួយកងយុទ្ធពលខេមរភូមិន្ទដើម្បីរក្សាការពារបូរណភាពទឹកដី អធិបតេយ្យជាតិ បង្កើនការរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ នៅតាមព្រំដែន បង្ការទប់ស្កាត់ បង្ក្រាបឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពនូវបទល្មើសឆ្លងដែនខុសច្បាប់គ្រប់ប្រភេទ ពង្រឹងកិច្ចសហការជាមួយអាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ចប្រទេសជិតខាងដើម្បីគ្រប់គ្រងការចេញចូលឆ្លងកាត់ព្រំដែន។  

ពាក់ព័ន្ធនឹងគ្រឿងញៀនខុសច្បាប់ សម្ដេចបានណែនាំឱ្យបង្កើនការយកចិត្តទុកដាក់ពង្រឹងកិច្ចសហការជាមួយក្រសួងស្ថាប័ន អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចនានា ទន្ទឹមនឹងការខិតខំចលនាការចូលរួមទូលំទូលាយ និងការគាំទ្រពីសង្គមទាំងមូល ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៧ ពង្រឹងសមត្ថភាពជំនាញមន្រ្តីមានសមត្ថកិច្ច ក្នុងការស្រាវជ្រាវ បង្ក្រាបគ្រឿងញៀនខុសច្បាប់ បង្កើនការគ្រប់គ្រងមុខសញ្ញាជួញដូរ មុខសញ្ញាប្រើប្រាស់គ្រឿងញៀន ដើម្បីកាត់ផ្ដាច់ចរន្តនៃការជួញដូរ ហើយអាជ្ញាធរកងកម្លាំងមានសមត្ថកិច្ច និងមន្រ្តីគ្រប់ផ្នែក គ្រប់ថ្នាក់ ត្រូវចៀសឱ្យឆ្ងាយពីគ្រឿងញៀនខុសច្បាប់។ 

សម្ដេចបានបន្ថែមថានៅឆ្នាំ២០២១កន្លងទៅនេះ អាជ្ញាធរបានរកឃើញ និងបង្កាបទីតាំងផ្សំ និងផលិតគ្រឿងញៀនខុសច្បាប់ទ្រង់ទ្រាយធំជាបន្តបន្ទាប់ ដែលទាមទារការបន្តពង្រឹងកិច្ចសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីកុំឱ្យសាធាតុគីមីនាំចូលស្របច្បាប់មួយចំនួនធ្លាក់ទៅក្នុងដៃឧក្រិដ្ឋជន យកទៅកែច្នៃផលិតគ្រឿញៀនខុសច្បាប់។ ទន្ទឹមគ្នានេះ សម្ដេចបានណែនាំឱ្យលើកកម្ពស់កិច្ចសហប្រតិបត្តិការកម្រិតតំបន់ និងអន្តរជាតិ ដើម្បីបង្ការទប់ស្កាត់ឱ្យបានដាច់ខាតការប្រើប្រាស់ប្រទេសកម្ពុជាជាគោលដៅផលិតគ្រឿងញៀនខុសច្បាប់ផងដែរ។  សម្ដេចក៏រម្លឹកថាកន្លងមក សមត្ថកិច្ចបានរកឃើញគ្រឿងញៀនខុសច្បាប់ដែលឧក្រិដ្ឋជនបានប្រើប្រាស់បុរី ខុនដូរ និងអាផាតមិនមួយចំនួនលាក់ស្តុកទុកគ្រឿងញៀន ដូច្នេះត្រូវជំរុញសេចក្ដីព្រាងអនុក្រឹត្យស្ដីពីការគ្រប់គ្រងការស្នាក់នៅក្នុងបុរី អាគារខុនដូរ និងអាផាតមិន ដើម្បីបង្កើនការគ្រប់គ្រង ការរក្សាសន្តិសុខ និងសុវត្ថិភាពនៅតាមទីតាំងទាំងនោះ។ 

ចំពោះបញ្ហាចរាចរណ៍ សម្ដេចក្រឡាហោម បានណែនាំកងកម្លាំងនគរបាលចរាចរណ៍ត្រូវពង្រឹងឡើងវិញនូវការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិនានាស្ដីពីចរាចរណ៍ផ្លូវគោកឱ្យបានម៉ឺងមាត់ និងជាប្រចាំចំពោះអ្នកដែលបានបំពានច្បាប់ដោយគ្មានការយោគយល់ ការលើកលែងជាដាច់ខាត ដោយត្រូវចាត់ទុកថធានការរឹតបន្តឹងការអនុវត្តច្បាប់ជាវិធានការគន្លឹះ។ សម្ដេចបានណែនាំឱ្យពង្រឹងកិច្ចសហការជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់ដើម្បីរួមគ្នាអប់រំផ្សព្វផ្សាយដល់សាធារណៈជនអំពីច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ដើម្បីលើកកម្ពស់ការយល់ដឹង និងការគោរពអនុវត្តច្បាប់។  

សម្ដេចបានមានប្រសាសន៍បន្តក្នុងន័យដើមថា«ទីមួយត្រូវបន្តសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា ដើម្បីពិនិត្យឡើងវិញអំពីការបញ្ចូលខ្លឹមសារច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកទៅក្នុងកម្មវិធីសិក្សាដែលក្នុងនោះមានបញ្ហាពីរ ទីមួយទាក់ទងនឹងរយៈពេលនៃការសិក្សារៀនសូត្រ ក្នុងមួយឆ្នាំតើយើងដាក់កម្មវិធីសិក្សាប៉ុន្មានម៉ោង អាចតិចពេក ឬមួយច្រើនពេក និងអាចពាក់ព័ន្ធនឹងពេលវេលាសិក្សាមុខវិជ្ជាផ្សេងដែរឬទេ។ ចំណុចទីពីរយកចិត្តទុកដាក់ការផ្សព្វផ្សាយអប់រំរឿងចរាចរណ៍នេះក្នុងប្រព័ន្ធអប់រំទាំងមូល តាំងពីថ្នាក់ក្រោមរហូតដល់ចប់ ឬយ៉ាងហោចណាស់ពីមត្តេយសិក្សាទៅ»។ សម្ដេចបន្ថែមថាសម្រាប់ថ្នាក់ខ្ពស់ៗដល់កម្រិតនិស្សិត មិនចាំបាច់ប្រើពេលដើម្បីសិក្សារៀនសូត្រក៏បានដែរ ដោយសារពួកគេសុទ្ធតែដល់កម្រិតវ័យមានការយល់ដឹងហើយ។  

យ៉ាងណាក៏ដោយបានអំពាវនាវប្រព័ន្ធផ្សព្វផ្សាយទាំងអស់ដែលមានក្រសួងព័ត៌មានជាអ្នកនាំមុខជួយចលនាប្រព័ន្ធផ្សព្វផ្សាយទាំងអស់ជួយផ្សព្វផ្សាយឱ្យបានច្រើន ទាំងវិទ្យុ ទូរទស្សន៍ ឬប្រព័ន្ធផ្សព្វផ្សាយផ្សេងទៀត។ សម្ដេចបន្តថាការផ្សព្វផ្សាយនេះ នឹងអាចជួយកាត់បន្ថយពេល ឬម៉ោងដើម្បីរៀនសូត្រនៅតាមសាលាដែលអាចប៉ះពាល់ដល់មុខវិជ្ជាផ្សេងទៀតរបស់សិស្សានុសិស្ស។ សម្ដេចបានបន្ថែមថាការរួមគ្នាសិក្សាបញ្ហានេះគឺជារឿងសំខាន់ ហើយថាដើម្បីធានាសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់ផ្លូវទាំងអស់ តួអង្គសំខាន់នោះ គឺអ្នកប្រើប្រាស់ផ្លូវតែម្ដង បន្ទាប់ពីតួអង្គច្បាប់ និងមន្រ្តីនគរបាលចរាចរណ៍។ សម្ដេចបានទទូចឱ្យអ្នកប្រើប្រាស់ផ្លូវបើកបរគោរពច្បាប់ និងបង្កើនការប្រុងប្រយ័ត្ន។ 

សម្ដេចក្រឡាហោមក៏បានណែនាំឱ្យគណៈបញ្ជាការឯកភាពរដ្ឋបាលគ្រប់ថ្នាក់ត្រូវបង្កើនការរៀបចំសណ្ដាប់ធ្នាប់របៀបរៀបរយសាធារណៈ ដូចជាការចតយានយន្ត ការលក់ដូរ ការរៀបចំពិធីនានាតាមដងផ្លូវសាធារណៈ និងតាមចិញ្ចើមផ្លូវសាធារណៈ តាមទីក្រុង និងទីប្រជុំជននានា ដើម្បីសម្រួលការធ្វើចរាចរណ៍ សំដៅបង្ការទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផងដែរ។  

សម្ដេចបានណែនាំឱ្យពិនិត្យវាយតម្លៃឡើងវិញនូវកងកម្លាំងនគរបាលចរាចរណ៍ ដើម្បីរៀបចំឡើងវិញនូវតម្រូវការនៃការបណ្ដុះបណ្ដាល ការកសាងសមត្ថភាព តម្រូវការក្របខណ្ឌ និងការបំពាក់មធ្យោបាយឧបករណ៍សម្ភារៈនានាសម្រាប់បំពេញការងារស្របតាមកំណើននៃមធ្យោបាយយានយន្ត និងការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋ។ 

អំពីការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព សម្ដេចបានឱ្យបន្តជំរុញការអនុវត្តគោលនយោបាយនេះដើម្បីបន្តពង្រឹងឱ្យបានកាន់តែរឹងមាំនូវសន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពសង្គមនៅតាមមូលដ្ឋាទូទាំងប្រទេស ក្នុងនោះត្រូវយកចិត្តទុកដាក់លើកិច្ចការសំខាន់ដូចជា ពិនិត្យ និងរៀបចំឡើងវិញនូវយន្តការនានារបស់ក្រសួងមហាផ្ទៃ ឱ្យស្របតាមស្មារតីនៃសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាល ដូចជាការបង្កើតលេខាធិការដ្ឋានដើម្បីសម្របសម្រួលការអនុវត្តគោលនយោបាយនេះ ការពិនិត្យកែសម្រួលសមាសភាព តួនាទី និងភារកិច្ចនៃក្រុមប្រឹក្សាប្រឡងប្រណាំងការអនុវត្តគោលនយោបាយនេះជាដើម។  

សម្ដេចក៏បានណែនាំឱ្យគណៈបញ្ជាឯកភាពទាំងអស់រៀបចំផែនការ និងវិធានការជាក់ស្ដែងដើម្បីអនុវត្តគោលនយោបាយភូមិឃុំ សង្កាត់មានសុវត្ថិភាពឱ្យបានទៀងទាត់។ សម្ដេចបន្តថាអគ្គស្នងការដ្ឋាននគរបាលជាតិ និងអង្គភាពកងកម្លាំងនគរបាលជាតិគ្រប់លំដាប់ថ្នាក់ យកចិត្តទុកដាក់លើកិច្ចការសំខាន់ៗ ដូចជាជំរុញចលនាគាំទ្រនិងចូលរួមឱ្យបានសកម្ម និងផុលផុសជាប់ជាប្រចាំពីសហគមន៍ប្រជាពលដើម្បីការពារសន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពតាមមូលដ្ឋាន ក្នុងនោះរួមទាំងការជំរុញចលនាប្រឡងប្រជាការពារតាមឃុំសង្កាត់ និងភូមិ ការចូលរួមវេទិកាសាធារណៈ និងការបំផុសលើកទឹកចិត្តពលរដ្ឋចូលរួមផ្ដល់ព័ត៌មាន សំណើរសំណូមពរ និងបញ្ហាប្រឈមនានាដែលពាក់ព័ន្ធសន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពនៅតាមមូលដ្ឋាន តាមប្រអប់សំបុត្រ ឬបណ្ដាញទំនាក់ទំនងសង្គម។ 

ពាក់ព័ន្ធនឹងការងារប៉ុស្តិ៍នគរបាលឃុំ សង្កាត់ សម្ដេចបានបន្ថែមក្នុងន័យថាដើមថា«ពេលនេះយើងកំពុងសិក្សាដើម្បីឈានទៅដាក់ចេញវិធានការចាំបាច់មួយចំនួនដើម្បីកែទម្រង់ទិសដៅ បង្កើនគុណភាព ប្រសិទ្ធភាពក្នុងកិច្ចប្រតិត្តិការរបស់នគរបាលប៉ុស្តិ៍ តែចំពោះមុខនេះនគរបាលប៉ុស្តិ៍ត្រូវខិតខំបំរើសេវាតាមតួនាទី និងភារកិច្ចរបស់ខ្លួន នៅនឹងមូលដ្ឋានឱ្យបានល្អ»។  
សម្ដេចបន្ថែមថា«ខ្ញុំធ្លាប់បានលើកឡើងហើយថានៅមូលដ្ឋាននេះ សូមយកចិត្តទុកដាក់មុខសញ្ញាមន្រ្តីមានតួនាទីសំខាន់ៗ ក្នុងន័យលើកទឹកចិត្ត មិនមែនគំរាមកំហែង ឬព្រមាននោះទេ គឺយកចិត្តទុកដាក់ដើម្បីផ្ដល់ឱកាស លើកទឹកចិត្ត បង្កលក្ខណៈសម្បត្តិឱ្យពួកគាត់បំពេញការងារឱ្យបានល្អ រួមមានក្រុមប្រឹក្សាដែលជាមេឃុំ ចៅសង្កាត់ ស្មៀនឃុំសង្កាត់ ប៉ុស្តិ៍នគរបាល អ្នកដឹកនាំភូមិ ពិសេសប្រធានភូមិ និងប្រធានប៉ុស្តិ៍សុខភាពឃុំ សង្កាត់»។ 

សម្ដេចបានជំរុញលើកទឹកចិត្តដល់ក្រសួងស្ថាប័ន្ធពាក់ព័ន្ធប្រញាប់ប្រញាល់រៀបចំយន្តការពាក់ព័ន្ធដើម្បីចូលជំរុញការអនុវត្តគោលនយោបាយភូមិឃុំ សង្កាត់មានសុវត្ថិភាព និងរៀបចំការប្រឡងប្រណាំងការអនុវត្តគោលនយោបាយនេះក្នុងក្របខណ្ឌតួនាទី សមត្ថកិច្ច និងការទទួលខុសត្រូវរបស់ក្រសួងស្ថាប័នទាំងនោះ។ សម្ដេចបានបន្ថែមថាក្រសួងមហាផ្ទៃនៅឆ្នាំ២០២២នេះ នឹងជំរុញបង្កើតលេខាធិការគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព ដើម្បីជំរុញការអនុវត្តការងារនេះឱ្យបានសមស្របតាមអនុក្រឹត្យ។ 

ដោយឡែកពាក់ព័ន្ធនឹងកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ សម្ដេចក្រឡាហោមបានមានប្រសាសន៍ថា«ចំណុចនេះគឺសំខាន់ពាក់ព័ន្ធនឹងការតាំងចិត្ត ឆន្ទៈដ៏មុះមុតរបស់រាជរដ្ឋាភិបាលមិនមានការថយក្រោយឡើយ គឺបន្តទៅមុខទៀត»។ សម្ដេចបានជំរុញលើកទឹកចិត្តឱ្យភាគីក្រសួងស្ថាប័នពាក់ព័ន្ធចូលរួមផ្ដល់ការគាំទ្រជាមួយក្រសួងមហាផ្ទៃ ដើម្បីរៀបចំប្រព័ន្ធការងារនេះឱ្យបានល្អនៅមូលដ្ឋានទាំងសម្រាប់បច្ចុប្បន្ន និងទៅអនាគត ព្រោះបច្ចុប្បន្ននៅមានកិច្ចការខ្លះជួបការលំបាកក្នុងការផ្ទេរមុខងារ និងធនធានពីថ្នាក់ជាតិមកថ្នាក់ក្រោមជាតិ។  

សម្ដេចក្រឡាហោមឧបនាយករដ្ឋមន្រ្តី បានណែនាំអគ្គនាយកដ្ឋានរដ្ឋបាល សហការជាមួយអគ្គនាយកដ្ឋាននានានៃក្រសួងមហាផ្ទៃ និងលេខធិការដ្ឋាន គ.ជ.អ.ប តាមដានការផ្ទេរមុខងារកន្លងមក ពិសេសមុខងារក្នុងវិស័យអប់រំ សុខាភិបាល សង្គមកិច្ច ការគ្រប់គ្រងសំរាម និងសំណល់រឹងទីប្រជុំជន ដើម្បីធានាការអនុវត្តមុខងារទាំងនេះឱ្យដំណើរការប្រកបដោយប្រសិទ្ធភាព និងមាននិរន្តរភាព។  

ជាមួយគ្នានេះ សម្ដេចបន្តថារដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ គប្បីពង្រឹងការគ្រប់គ្រង ការចាត់ចែង និងការអនុវត្តមុខងារដែលបានផ្ទេរប្រកបដោយភាពម្ចាស់ការ និងស្មារតីទទួលខុសត្រូវខ្ពស់ ព្រមទាំងមានភាពច្នៃប្រឌិត ដើម្បីធានាសម្រេចបាននូវការអនុវត្តមុខងារទាំងនោះស្របតាមស្តង់ដាអប្បរមា តាមវិស័យនីមួយៗ។ 

សម្ដេចក៏បានជំរុញបន្តការពង្រឹងការអនុវត្តបន្ថែមទៀតលើការពង្រឹងយន្តការគាំទ្របច្ចេកទេស និងការតាមដានត្រួតពិនិត្យ ព្រមទាំងសមត្ថភាពរបស់រដ្ឋបាលក្រុងស្រុកក្នុងការផ្ដល់សេវាគ្រប់គ្រងសំរាម និងសំណល់រឹងឱ្យមានប្រសិទ្ធភាព និងត្រូវពិនិត្យលទ្ធភាពសម្រាប់ការប្រើប្រាស់ថវិការៀបចំយន្តការសេវាប្រមូល និងដឹកជញ្ជូនសំរាមរបស់រដ្ឋបាលក្រុងស្រុកដោយផ្ទាល់ក្នុងករណីរកអ្នកវិនិយោគមិនបាន។ សម្ដេចក៏បានស្នើក្រសួងបរិស្ថានគាំទ្ររដ្ឋបាលខេត្តរៀបចំទីលានចាក់សំរាម ហើយរដ្ឋបាលក្រុងស្រុកនីមួយត្រូវខិតខំអនុវត្តមុខងារនេះឱ្យបានពេញលេញ។ 

ចំណែកការផ្ដល់សេវាតាមយន្តការច្រកចេញចូលតែមួយ សម្ដេចបានណែនាំអគ្គនាយកដ្ឋានរដ្ឋបាលត្រូវសហការជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីពិនិត្យកែសម្រួល បែបបទ និងនីតិវិធីនៃការផ្ដល់សេវាមានលក្ខណៈស្មុគស្មាញឱ្យកាន់តែសាមញ្ញ និងងាយស្រួល ពិសេសការផ្ដល់សេវាមានលក្ខណៈជាកញ្ចប់ កាត់បន្ថយការបំពេញបែបបទច្រើននៅតាមអង្គភាពផ្សេងៗ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋមកទទួលសេវាតែមួយកន្លែងនៅការិយាល័យច្រកចេញចូលតែមួយ។  

ពាក់ព័ន្ធនឹងរដ្ឋបាលថ្នាក់ក្រោមជាតិនេះដែរ សម្ដេចក្រឡាហោមបានណែនាំពិនិត្យមើលឡើងវិញនូវប្រព័ន្ធគ្រប់គ្រង និងបែងចែកធនធានឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ឱ្យស្របតាមច្បាប់រៀបចំអង្គការ និងស្ថានភាពជាក់ស្ដែង ហើយរដ្ឋបាលថ្នាក់ក្រោមជាតិត្រូវប្រើប្រាស់ធនធាននេះឱ្យបានត្រឹមត្រូវ។ សម្ដេចក៏បានណែនាំឱ្យមានកិច្ចសហការពង្រឹងការគ្រប់គ្រងបគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិ ពិសេសការតែងតាំង ការតម្លើងថ្នាក់ ឋាន្តរសក្ដិឱ្យស្របតាមគោលការណ៍ និងនីតិវិធីដែលបានកំណត់។  

សម្ដេចបានណែនាំសាលាជាតិរដ្ឋបាលមូលដ្ឋានត្រូវបន្តសហការជាមួយភាគីពាក់ព័ន្ធដើម្បីពង្រឹងសមត្ថភាព និងការទទួលខុសត្រូវ រៀបចំផែនការអភិវឌ្ឍសមត្ថភាព និងការបង្រៀនឱ្យបានច្បាស់លាស់។ សម្ដេចបានសង្កត់ធ្ងន់ថា«សាលាជាតិរដ្ឋបាលមូលដ្ឋាននឹងជួយបណ្ដុះបណ្ដាលមន្រ្តីមូលដ្ឋានទាំងអស់។ មន្រ្តីឃុំត្រូវចេះរៀបចំឯកសារដេញថ្លៃ ដោយមិនពឹងផ្អែកលើនរណាទៀតទេ។ ព្រោះជួនអីវាមានភាពមិនប្រក្រតី។ ដូច្នេះសាលាជាតិរដ្ឋបាលមូលដ្ឋានយើងបានដំណើរការ និងបណ្ដុះបណ្ដាលបណ្ដើរៗហើយបានជាង៧ពាន់នាក់ ហើយត្រូវបន្តការបណ្ដះបណ្ដាលទៀត»។ 

សម្រាប់ការងារអត្តសញ្ញាណកម្ម សម្ដេចក៏បានណែឱ្យយកចិត្តទុកដាក់ជាអាទិភាពលើការបន្តជំរុញការរៀបចំសេចក្ដីព្រាងច្បាប់ស្ដីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្មឱ្យបានចប់នៅក្នុងឆមាសទី១ឆ្នាំ២០២២នេះ ពង្រឹងការតាមដានត្រួតពិនិត្យ និងកែលម្អរនីតិវិធី និងយន្តការនៃការផ្ដល់សេវាអត្តសញ្ញាណកម្មជូនប្រជាពលរដ្ឋឱ្យកាន់តែងាយស្រួល ឆាប់រហ័ស មានប្រសិទ្ធភាព តម្លាភាព និងការជឿទុកចិត្ត។  

ចំពោះការងារអន្តោប្រវេសន៍ សម្ដេចក្រឡាហោម បានណែនាំយកចិត្តទុកដាក់លើកិច្ចការសំខាន់ៗ រួមមានយកចិត្តទុកដាក់គ្រប់គ្រងជនបរទេសអន្តោប្រវេសន៍ក្នុងមូលដ្ឋានរបស់ខ្លួនឱ្យបានម៉ត់ចត់ ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ដោយមិនត្រូវទុកឱ្យមានជនបរទេសលួចលាក់ស្នាក់នៅដោយខុសច្បាប់ក្នុងមូលដ្ឋានរបស់ខ្លួនឡើយ ហើយចំពោះជនបរទេសដែលបានទទួលស្គាល់តាមផ្លូវច្បាប់រួចហើយ ត្រូវគ្រប់គ្រងឱ្យបានម៉ត់ចត់ស្របតាមច្បាប់ ជាពិសេសយកចិត្តទុកដាក់ក្ដាប់ឱ្យបាន។ 

ចំណែកការងារគ្រប់គ្រងពន្ធនាគារ សម្ដេចបានណែនាំយកចិត្តទុកដាក់ដល់ភាពចង្អៀតណែនក្នុងពន្ធនាគារ ដោយសារកំណើនអ្នកជាប់ឃុំ ខណៈអគារហេដ្ឋារចនាសម្ព័ន្ធមួយចំនួនមានភាពយ៉ឺតយ៉ាវ បូកផ្សុំនឹងភាពយ៉ឺតយ៉ាវនៃយន្តការតុលាការ។ ដើម្បីដោះស្រាយបញ្ហានេះ សម្ដេចបានផ្ដល់ការណែនាំឱ្យខិតខំបន្តអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតាមពន្ធនាគារ ពិសេសពន្ធនាគារមានភាពចាស់ទ្រុធទ្រោមខ្លាំង ហើយចំពោះជនជាប់ឃុំធ្លាប់បានប្រើប្រាស់គ្រឿងញៀនត្រូវពិនិត្យព្យាបាល និងបង្កើតកម្មវិធីធានាការស្ដារនីតិសម្បទា។  

ពាក់ព័ន្ធនឹងបញ្ហានេះ សម្ដេចបានអះអាងថាមានក្រសួង៥ត្រូវសហការគ្នា គឺក្រសួងមហាផ្ទៃ ក្រសួងយុត្តិធម៌ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងសុខាភិបាល និងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ហើយថាការងារនេះក៏មានការពាក់ព័ន្ធនឹងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនផងដែរ។  សម្ដេចក៏បានណែនាំឱ្យបន្តយកចិត្តទុកដាក់បន្តទៀតលើការងារបង្ការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ក្នុងពន្ធនាគារ។ 

ពីវេទិកាអធិបតីនេះដែរ សម្ដេចក្រឡាហោមបានណែនាំរដ្ឋបាលថ្នាក់ក្រោមជាតិខិតខំយកចិត្តទុកដាក់អនុវត្តវិធានការ និងគោលការណ៍សំខាន់ ដូចជាការសហការពន្លឿនការដោះស្រាយដោយយកចិត្តទុកដាក់ដល់ការគ្រប់គ្រងស្ថិតិអត្តសញ្ញាណប្រជាពលរដ្ឋ និងដីធ្លីដែលកំពុងកាន់កាប់ និងអាស្រ័យផលជាក់ស្ដែងយូរឆ្នាំលើទីតាំដីការពារធនធានធម្មជាតិ និងគម្របព្រៃឈើ ដើម្បីស្នើសុំគោលការណ៍ពីរាជរដ្ឋាភិបាលកាត់ឆ្វៀល ដីផ្ដល់ជូនប្រជាពលរដ្ឋ។  

ជាមួយគ្នានេះសម្ដេចបានណែនាំរដ្ឋបាលថ្នាក់ក្រោមជាតិត្រូវបង្កើនការយកចិត្តទុកដាក់ទប់ស្កាត់ការចូលកាន់កាប់ទន្ទ្រានដីព្រៃ ដីតំបន់ការពារធនធានធម្មជាតិ និងគម្របព្រៃឈើ ហើយក្នុងរកណីរកឃើញអំពើល្មើស ត្រូវអនុវិធានការរដ្ឋបាល និងវិធានការច្បាប់ឱ្យបានរឹងរឹងនិងម៉ឺងម៉ាត់ រួមទាំងណែនាំអាជ្ញាធរភូមិឃុំសង្កាត់ចៀសវាងការចេញឯកសារលើដីខុសច្បាប់ទាំងនោះ។ សម្ដេចក៏បានណែនាំឱ្យរដ្ឋបាលរាជធានីខេត្តត្រូវពន្លឿនការដោះស្រាយវិវាទដីធ្លី និងបញ្ចៀសអំពើហិង្សា។ 

នាឱកាសនោះដែរ សម្ដេចក្រឡាហោម ក៏បានណែនាំរដ្ឋបាលរាជធានីខេត្តអំពីការងារសាងសង់ស្ដូបមិត្តភាពកម្ពុជា វៀតណាមផងដែរ ដោយសម្ដេចបានមានប្រសាសន៍ក្នុងន័យដើមថា« ដោយផ្អែកលើប្រវត្តិសាស្រ្តនៃទំនាក់ទំនងក្នុងការរួមសហការតស៊ូដើម្បីសុខសន្តិភាពនៃប្រទេសជាតិទាំងពីរ កម្ពុជា វៀតណាម និងក្នុងបំណងដើម្បីបន្តពង្រឹង ពង្រីកទំនាក់ទំនងកម្ពុជា វៀតណាម ឱ្យកាន់តែរឹងមាំបន្តទៀត ថ្នាក់ដឹកនាំទាំងពីរតែងតែបានរំលឹកជាបន្តបន្ទាប់អំពីប្រពៃណីនៃការរួមសហការគ្នាតស៊ូនេះ ក្នុងទសវត្សរ៍៦០ និង៧០»។  

សម្ដេចបន្តថាថ្មីៗនេះ រាជរដ្ឋាភិបាលបានចេញសេចក្ដីណែនាំស្ដីពីការចារិកអត្ថន័យនៃសញ្ចៈភាពជាប្រវត្តិសាស្រ្តនេះលើស្ដូបមិត្តភាពកម្ពុជា វៀតណាម ដែលបានសាងសង់ឡើងនៅតាមបណ្ដារាជធានីខេត្តនៃព្រះរាជាណាចក្រកម្ពុជា។ សម្ដេចបានណែនាំរដ្ឋបាលរាជធានីខេត្ត រៀបចំចារិកអត្ថន័យនៃប្រវត្តិសាស្រ្តតាមខ្លឹមសារដូចមានក្នុងសេចក្ដីណែនាំរបស់រាជរដ្ឋាភិបាលដែលបានចែកជូនទៅរាជធានីខេត្តរួចហើយ»។ 

ពីវេទិកាអធិបតីនេះដែរ សម្ដេចក្រឡាហោមក៏បានណែនាំអាជ្ញាធររដ្ឋបាលរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ ខិតខំប្រមូល និងដោះស្រាយបញ្ហាប្រជាពលរដ្ឋឱ្យបានល្អ ដើម្បីផ្ដល់ទំនុកចិត្តជូនពួកគាត់ ក្នុងនោះក៏ត្រូវយកចិត្តទុកដាក់ដោះស្រាយទោះបីជាបញ្ហានោះលើកឡើងដោយអនាមិកក៏ដោយ។ សម្ដេចបានចាត់ទុកការខិតខំដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋនេះប្រៀបដូចជាការបង្កើតការងារដើម្បីបំរើជាតិ និងប្រជាជន ចៀសវាងរង់ចាំតែមានបញ្ជាពីថ្នាក់លើ។ 

បន្ទាប់ពីបានមានប្រសាសន៍ផ្ដល់ការណែនាំជូនអង្គសន្និបាត សម្ដេចក្រឡាហោម ស ខេង ឧនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញផ្ដល់កិត្តិយសប្រគល់ជ័យលាភីប្រឡងប្រណាំងការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ដែលពាក់ព័ន្ធនឹងវិស័យជំនាញក្នុងដែនសមត្ថកិច្ចក្រសួងមហាផ្ទៃ ព្រមទាំងបណ្ណសរសើរ និងលិខិតសរសើរ ជូនដល់រដ្ឋបាលសាលារាជធានីខេត្តទាំង២៥ផងដែរ៕ 


 

អត្ថបទដែលជាប់ទាក់ទង