សម្ដេចក្រឡាហោម ស ខេង អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ស្ថានទូតអាល្លឺម៉ង់ ស្ថានទូតអូស្ត្រាលី និងតំណាងទីស្នាក់ការអភិវឌ្ឍន៍ស្វីស ប្រចាំនៅកម្ពុជា ធ្វើទស្សនកិច្ចពិនិត្យមើលវឌ្ឍនភាពការងារពាក់ព័ន្ធនឹងកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ
នាព្រឹកថ្ងៃពុធ ១៥កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ស្ថានទូតអាល្លឺម៉ង់ ស្ថានទូតអូស្ត្រាលី និងតំណាងទីស្នាក់ការអភិវឌ្ឍន៍ស្វីស ប្រចាំនៅកម្ពុជា ធ្វើទស្សនកិច្ចពិនិត្យមើលវឌ្ឍនភាពការងារពាក់ព័ន្ធនឹងកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ នៅខេត្តបាត់ដំបង។
ក្នុងដំណើរទស្សនកិច្ចពិនិត្យមើលវឌ្ឍនភាពការងារនេះ សម្ដេចក្រឡាហោម និងគណៈប្រតិភូ បានអញ្ជើញទៅពិនិត្យដំណើរការគ្រប់គ្រង បង្រៀន និងរៀននៅសាលាបឋមសិក្សាបត់សាលា រួចបន្តជួបសំណេះសំណាលជាមួយអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋនៅក្នុងបរិវេណវត្តបត់សាលា។ សម្ដេច និងប្រតិភូបានមានប្រសាសន៍លើកទឹកចិត្តប្រជាពលរដ្ឋមានយោបល់ពាក់ព័ន្ធនឹងការផ្ដល់សេវាសាធារណៈ និងបញ្ហាប្រឈមនានានៅមូលដ្ឋាន។
សម្ដេចក្រឡាហោមបានមានប្រសាសន៍ថាអាជ្ញាធរឃុំ ឬក្រុមប្រឹក្សាឃុំ មានតួនាទីជួយដោះស្រាយទុក្ខកង្វល់ ឬបញ្ហាប្រឈម និងការលំបាកផ្សេងៗ ព្រមទាំងសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋ រួមទាំងកិច្ចការផ្សេងៗទៀត។ សម្ដេចក្រឡាហោមបានបន្តថាសម្រាប់ការសាងសង់ផ្លូវ គឺឃុំនីមួយៗសុទ្ធតែទទួលបានថវិកាដើម្បីអភិវឌ្ឍន៍ជារៀងរាល់ឆ្នាំ។ សម្ដេចបន្តថាឃុំក៏មានតួនាផ្ដល់ការងារសេវាអត្តសញ្ញាណកម្មផ្សេងៗជូនប្រជាពលរដ្ឋផងដែរ។
តាមយៈការឡើងថ្លែងបញ្ចេញមតិយោបល់ នាឱកាសនោះ សម្ដេចក្រឡាហោម បានទទួលនូវសំណើរ និងសំណូមសំពរមួយចំនួនពីតំណាងប្រជាពលរដ្ឋ ក្នុងនោះរួមមានពាក់ព័ន្ធនឹងបញ្ហាផ្លូវថ្នល់ ការដឹកជញ្ជូនដី ការថែទាំបរិស្ថាន និងការលើកម្ពស់តំបន់ទេសចរណ៍ក្នុងស្រុកបាណន់។ សម្ដេចបានសម្ដែងការគាំទ្រចំពោះមតិយោបល់ទាំងនោះ និងបានណែនាំភ្លាមៗឱ្យរដ្ឋបាល ខេត្ត និងអាជ្ញាធរស្រុកសិក្សាដើម្បីដោះស្រាយជូនប្រជាពលរដ្ឋ។
បញ្ចប់ពិធីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាននៅបរិវេណវត្តបត់សាលារួចមក សម្ដេចក្រឡាហោម រួមទាំងគណៈប្រតិភូ បានបន្តអញ្ជើញទស្សនកិច្ចមណ្ឌលសុខភាពឈើទាល និងសាលាឃុំឈើទាល ស្ថិតក្នុងស្រុកបាណន់។ នាឱកាសនោះ សម្ដេច និងគណៈប្រតិភូ ក៏បានបន្តកិច្ចសំណេះសំណាលជាមួយមន្រ្តីសុខាភិបាល និងក្រុមប្រឹក្សាឃុំឈើទាល ដើម្បីស្វែងយល់បន្ថែមអំពីដំណើរការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋផងដែរ។
បន្ទាប់មក សម្ដេចក្រឡាហោម រួមទាំងគណៈជាន់ខ្ពស់ស្ថានទូតអាល្លឺម៉ង់ និងស្ថានទូតអូស្ត្រាលី និងតំណាងទីស្នាក់ការអភិវឌ្ឍន៍ស្វីស ប្រចាំកម្ពុជា ក៏បានបន្តដំណើរទៅកាន់សាលាលខេត្តបាត់ដំបង ដើម្បីពិនិត្យដំណើរការផ្ដល់សេវាជូនប្រជាពលរដ្ឋនៅការិយាល័យច្រកចេញចូលតែមួយ។ សម្ដេច និងគណៈប្រតិភូបានសម្ដែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្រ្តីគ្រប់វិស័យចំណុះការិយាល័យច្រកចេញចូលតែមួយសម្រាប់ការខិតខំបំពេញភារកិច្ចបំរើប្រជាពលរដ្ឋ៕