សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារសិក្សា ចំនួន២ខ្នង មាន១១បន្ទប់ នៅសាលាបឋមសិក្សា ពងពស់ និងសាលាបឋមសិក្សា នាគរង្សី
នាព្រឹកថ្ងៃអង្គារ៍ ១៤កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារសិក្សា ចំនួន២ខ្នង មាន១១បន្ទប់ នៅសាលាបឋមសិក្សា ពងពស់ និងសាលាបឋមសិក្សា នាគរង្សី ស្ថិតនៅឃុំរោងដំរី ស្រុកបាភ្នំ ខេត្តព្រៃវែង។
អញ្ជើញមានប្រសាសន៍នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង បានសម្ដែងការកោតសរសើរ និងថ្លែងអំណរគុណជូនឯកឧត្តម ព្រុំ សុខា និងក្រុមការងារចុះជួយស្រុកបាភ្នំទាំង ដែលបានចំណាយថវិកាជួយសាងសង់អគារសិក្សាដែលសម្ពោធនាថ្ងៃនេះ រួមមាននៅសាលាបឋមសិក្សាពងពស់ និងសាលាបឋមសិក្សា នាគរង្ស៊ី ដើម្បីជួយអភិវឌ្ឍន៍មូលដ្ឋាន ពិសេសពង្រឹងវិស័យអប់រំថ្នាក់បឋមសិក្សា។
ពីវេទិកាអធិបតី សម្ដេចក៏បានអំពាវនាវជាថ្មីទៀតសូមប្រជាពលរដ្ឋក្មេងចាស់ប្រុសស្រីទាំងអស់ចូលរួមអនុវត្តតាមវិធានការសុខាភិបាលដើម្បីបង្ការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ រួមទាំងអញ្ជើញទៅចាក់វ៉ាក់សាំងតាមការកំណត់របស់មន្រ្តីសុខាភិបាលឱ្យបានគ្រប់ៗគ្នា។ សម្ដេចបន្តថានៅបណ្ដាប្រទេសលោកខាងលិចខ្លះ ស្ថានភាពកូវីដ-១៩កំពុងរីករាលដាលខ្លាំង ដោយសារពលរដ្ឋមិនគាំទ្រវិធានការរដ្ឋាភិបាល។
សម្រាប់ប្រទេសកម្ពុជា សម្ដេចក្រឡាហោម បានសម្ដែងការស្ញប់ស្ញែងចំពោះការចូលរួមគាំទ្រ និងការគោរពអនុវត្តតាមវិធានការរបស់រាជរដ្ឋាភិបាលពីសំណាក់ប្រជាពលរដ្ឋ ដែលធ្វើឱ្យរាជរដ្ឋាភិបាលទទួលបានជោគជ័យក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ យ៉ាងណាក៏ដោយ សម្ដេចបានសម្ដែងក្ដីព្រួយបារម្ភចំពោះអត្រាឆ្លងនាប៉ុន្មានថ្ងៃចុងក្រោយនេះដែលបានហក់ឡើងខ្ពស់ដល់មួយថ្ងៃប្រមាណជាង៥០០នាក់។
សម្ដេចក៏បានថ្លែងកោតសរសើរកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលឃុំ ស្រុក និងសមត្ថកិច្ចពាក់ព័ន្ធនឹងការរក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ។ សម្ដេចក៏បានទាញចំណាប់អារម្មណ៍អង្គពិធី អំពីការចរាចរណ៍គ្រឿងញៀន និងការផលិតគ្រឿងញៀនសំយោគ។ សម្ដេចក៏បានអំពាវនាវប្រជាពលរដ្ឋចូលរួមសហការជាមួយអាជ្ញាធរដើម្បីប្រយុទ្ធនឹងគ្រឿងញៀន និងត្រូវបង្ការកុំឱ្យសមាជិកក្រុមគ្រួសារពាក់ព័ន្ធគ្រឿងញៀន។
សម្ដេចក៏បានគូសបញ្ជាក់ អំពីដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ពាក់កណ្ដាលឆ្នាំ២០២២នេះដែរ។ សម្ដេចបន្តថាការបោះឆ្នោតនេះបានឆ្លងកាត់រយៈពេល២០ឆ្នាំមកហើយ ហើយថាពីមួយអាណត្តិទៅមួយអាណត្តិ ការបោះឆ្នោតនេះកាន់តែមានភាពល្អប្រសើរ ដែលមានន័យថាប្រជាពលរដ្ឋមានការឱ្យតម្លៃ និងយល់ដឹងចំពោះសេចក្ដីត្រូវការចាំបាច់នៃការបោះឆ្នោតដើម្បីធ្វើឱ្យមូលដ្ឋានមានស្ថិរភាព។
ភ្ជាប់នឹងប្រធានបទបោះឆ្នោតឃុំ សង្កាត់នេះ សម្ដេចក៏បានបន្តមានប្រសាសន៍អំពីដំណើរការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដែលជាយន្តការពង្រឹងតួនាទី សិទ្ធិអំណាច និងការទទួលខុសត្រូវរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីធានាពង្រឹងប្រសិទ្ធភាពនៃការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ពោលគឺការឆ្លើយតបបានទាន់ពេលវេលានូវរាល់សេចក្ដីត្រូវការផ្សេងៗនៅមូលដ្ឋាន ដោយមិនពឹងអាស្រ័យតែទៅលើថ្នាក់ជាតិ។
នៅក្នុងឱកាសនោះដែរ សម្ដេចក្រឡាហោមក៏បានបង្ហាញសេចក្ដីរីករាយបន្ទាប់ពីសម្ដេចបានជួបសន្ទនាជាមួយប្រជាពលរដ្ឋហើយដឹងថាពួកគាត់កំពុងធ្វើស្រូវបានច្រើន រហូតមួយហិកតាអាចធ្វើស្រូវបានជាង៤តោនក្នុងមួយឆ្នាំ។ ជាថ្មីម្ដងទៀតសម្ដេចបានមានប្រសាសន៍ថាគ្រឿងចក្រ បានធ្វើឱ្យកសិករមានលទ្ធភាពធ្វើស្រូវបានល្អ និងច្រើនជាងមុន ហើយក៏ធ្វើឱ្យកាត់បន្ថយកម្លាំងពលកម្មដែរ៕