ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

សម្ដេចក្រឡាហោម ស ខេង អនុញ្ញាតជូនលោកឧត្តមសេនីយ៍ត្រី ឡេ វ៉ាន់ហ្វឿង ប្រធានស្ថានតំណាងទើបតែងតាំងថ្មី នៃក្រសួងនគរបាលអមស្ថានទូតវៀតណាម ចូលជួបសម្ដែងការគួរសម

នារសៀលថ្ងៃព្រហស្បតិ៍ ៩កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតជូនលោកឧត្តមសេនីយ៍ត្រី ឡេ វ៉ាន់ហ្វឿង ប្រធានស្ថានតំណាងទើបតែងតាំងថ្មី នៃក្រសួងនគរបាលអមស្ថានទូតវៀតណាម ចូលជួបសម្ដែងការគួរសម នៅវិមានរដ្ឋសភា ។  

ជាកិច្ចចាប់ផ្ដើម សម្ដេចក្រឡាហោម បានថ្លែងនូវការស្វាគមន៍ចំពោះលោកឧត្តមសេនីយ៍ត្រី ដែលត្រូវបានថ្នាក់ដឹកនាំក្រសួងនគរបាលវៀតណាមតែងតាំងជាប្រធានស្ថានតំណាងថ្មីអមស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា។  

សម្ដេច ក៏បានយកឱកាសនេះបញ្ជាក់ដែរថានៅក្រោមក្របខណ្ឌនៃការដឹកនាំ និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ បានបង្កលក្ខណ្ឌយ៉ាងល្អប្រសើររួមចំណែកដល់ការពង្រឹង និងពង្រីកទំនាក់ទំនងដ៏ល្អប្រសើរដល់កិច្ចសហការរវាងក្រសួងមហាផ្ទៃកម្ពុជា ជាមួយក្រសួងនគរបាលវៀតណាម ។  

សម្ដេចក្រឡាហោម ក៏បង្ហាញយ៉ាងមុតមាំថាតាមរយៈបេសកកម្មរបស់លោកឧត្តមសេនីយ៍ត្រី ឡេ វ៉ាន់ហ្វឿង ពិតជានឹងធ្វើឱ្យទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងក្រសួងនគរបាលវៀតណាម និងក្រសួងមហាផ្ទៃកម្ពុជា កាន់តែរីកចម្រើនឡើងថែមទៀត។ សម្ដេចមានប្រសាសន៍ថាសម្ដេចផ្ទាល់ត្រៀមខ្លួនជានិច្ចក្នុងការផ្ដល់កិច្ចសហការ និងបន្តធ្វើការយ៉ាងជិតស្និតជាមួយសមភាគីវៀតណាមក្នុងការដោះស្រាយបញ្ហាផ្សេងៗដែលបំរើដល់ផលប្រយោជន៍រួមទៅវិញទៅមកសម្រាប់ប្រជាជន និងប្រទេសទាំងពីរ។  

សម្ដេចបានរម្លឹកថាកន្លងមក ទោះបីជាប្រឈមនឹងស្ថានភាពវិបត្តិកូវីដ-19 ប៉ុន្តែក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការរវាងក្រសួងទាំងពីរ តែងតែមានការអនុវត្តនូវរបបជួបគ្នាតាមផែនការដែលបានកំណត់ ក្នុងនោះសម្ដេចផ្ទាល់ និងឯកឧត្តម ឧត្តមសេនីយ៍ឯក តូ ឡឹម រដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាម បានជួបទំនាក់ទំនងជាមួយគ្នាតាមប្រព័ន្ធវីដេអូនៅក្នុងព្រឹត្តិការណ៍ជាបន្តបន្ទាប់ ដូចជាកិច្ចប្រជុំទ្វេភាគីរវាងក្រសួងទាំងពីរ ក៏ដូចជាកិច្ចប្រជុំត្រីភាគីរវាងក្រសួងមហាផ្ទៃកម្ពុជា ក្រសួងនគរបាលវៀតណាម និងក្រសួងសន្តិសុខសាធារណឡាវ ដែលបានបញ្ចប់កាលពីពេលថ្មីៗនេះ។  

នាឱកាសនោះដែរ សម្ដេចក្រឡាហោម ក៏បានផ្ដាំផ្ញើការសាកសួរសុខទុកជូនឯកឧត្តម ឧត្តមសេនីយឯក តូ ឡឹម រដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាម ព្រមទាំងថ្នាក់ដឹកនាំក្រសួងនគរបាលវៀតណាម ក្នុងឱកាសឆ្នាំថ្មីប្រពៃណីវៀតណាម សូមប្រកបដោយសេចក្ដីសុខ សុភមង្គល និងជោគជ័យ ក្នុងបេសកកម្មដ៏ឧត្តុង្គឧត្តមដើម្បីបុព្វហេតុជាតិ និងប្រជាជន។  

ជាការឆ្លើយតប លោកឧត្តមសេនីយ៍ត្រី ឡេ វ៉ាន់ហ្វឿង បានថ្លែងអំណរគុណជូនសម្ដេចក្រឡាហោម ដែលអនុញ្ញាតឱ្យលោកចូលជួបសម្ដែងការគួរសមក្នុងឱកាសទទួលបានការតែងតាំងជាប្រធានស្ថានតំណាងថ្មីអមស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា និងបានជម្រាបសម្ដេចអំពីការផ្ដាំផ្ញើសុខទុក្ខពីឯកឧត្តម ឧត្តមសេនីយ៍ឯក តូ ឡឹម រដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាមជូនសម្ដេច ព្រមទាំងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃកម្ពុជាផងដែរ។  

លោកឧត្តមសេនីយ៍ត្រី ក៏បានជម្រាបជូនសម្ដេចដែរថាជាការពិតណាស់ក្នុងអាណត្តិការងាររបស់លោកផ្ទាល់ ពិតជាទាមទារចាំបាច់នូវការផ្ដល់កិច្ចសហប្រតិបត្តិការជិតស្និតជាមួយក្រសួងមហាផ្ទៃកម្ពុជាដើម្បីអាចបំពេញបេសកកម្មនៅកម្ពុជាប្រកបដោយប្រសិទ្ធភាព ខណៈរូបលោកក៏ត្រៀមខ្លួនអនុវត្តទៅតាមស្មារតីនៃផែនការសហប្រតិបត្តិការដែលក្រសួងទាំងពីរបានចុះហត្ថលេខា ក្នុងឱកាសនៃដំណើរទស្សនកិច្ចរបស់ឯកឧត្តម ង្វៀន សួនហ្វុក ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាមមកកាន់កម្ពុជាកាលពីចុងឆ្នាំ២០២១កន្លងទៅនេះ។  

ទន្ទឹមនេះលោកឧត្តមសេនីយ៍ត្រី ក៏បានជម្រាបជូនសម្ដេចអំពីការត្រៀមខ្លួនធ្វើកិច្ចសហប្រតិបត្តិការជាមួយអង្គភាពពាក់ព័ន្ធក្រោមសមត្ថកិច្ចទទួលខុសត្រូវរបស់ក្រសួងមហាផ្ទៃ និងអនុសាសន៍ដឹកនាំរបស់សម្ដេចក្រឡាហោមផ្ទាល់ នៅក្នុងក្របខណ្ឌ ក៏ដូចជាវិសាលភាពនៃកិច្ចសហប្រតិបត្តិការរវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងនគរបាលវៀតណាម។  

មុននឹងបញ្ចប់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាថ្មីម្ដងទៀតបានសម្ដែងការអបអរសាទរ និងជូនពរលោកឧត្តមសេនីយ៍ត្រី ឡេ វ៉ាន់ហ្វឿង មានសុខភាពល្អ សុភមង្គល និងទទួលបានជោគជ័យក្នុងការបំពេញភារកិច្ចថ្មីជាប្រធានស្ថានតំណាងអមស្ថានទូតសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំនៅព្រះរាជាណាចក្រកម្ពុជា៕ 


 

អត្ថបទដែលជាប់ទាក់ទង