សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ ញ៉ែម សាខន សខេង ផ្តល់ជូនអគារសិក្សាថ្មីចំនួន១ខ្នង នៅសាលាបឋមសិក្សាបញ្ញា ស្រុកសង្កែ ខេត្តបាត់ដំបង
ដោយបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្តេចក្រឡាហោម ស ខេង អ្នកតំណាងរាស្រ្តមណ្ឌលបាត់ដំបង និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តបាត់ដំបង និងព្រៃវែង នាថ្ងៃព្រឹកថ្ងៃសុក្រ ៣កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២២នេះ ឯកឧត្តម ខាន់ ម៉ាណេរ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគារសិក្សាថ្មី ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ ញ៉ែម សាខន សខេង ជូនសាលាបឋមសិក្សាបញ្ញា ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង។
អញ្ជើញចូលរួមក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគារសិក្សាថ្មីនាឱកាសនោះ រួមមានឯកឧត្តម ច័ន្ទ សុផល អ្នកតំណាងរាស្រ្តមណ្ឌលបាត់ដំបង, ឯកឧត្តម ព្រួញ រិទ្ធថា, ឯកឧត្តម ឡាយ ឈុនហាំង, លោក យី សុងគី, លោក អេង ភិរុណ ព្រមទាំងអាជ្ញាធររដ្ឋបាលស្រុកសង្កែ អាជ្ញាធររដ្ឋបាលឃុំ លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សមួយចំនួនទៀត។
ក្នុងឱកាសនោះដែរ ឯកឧត្តម ខាន់ ម៉ាណេរ បានផ្ដល់អំណោយសម្តេចក្រឡាហោម និងលោកជំទាវ ជូនសិស្សានុសិស្សចំនួន១១០នាក់ ក្នុងម្នាក់ទទួលបានថវិកាចំនួន២ម៉ឺនរៀល កន្សែងពោះគោ និងឃីដមួយកញ្ចប់។ ឯកឧត្តមក៏បានជម្រាបនូវសេចក្ដីផ្ដាំផ្ញើសួរសុខទុក្ខ និងការថ្លែងអំណរគុណពីសម្តេចក្រឡាហោម ជូនលោកគ្រូអ្នកគ្រូ រដ្ឋបាលឃុំ ស្រុក និងសិស្សានុសិស្ស ដែលតែងតែផ្ដល់ការគាំទ្រការដឹកនាំរបស់រាជរដ្ឋាភិបាល។
សូមបញ្ជាក់អគារសិក្សាថ្មីជាអំណោយសម្ដេចក្រឡាហោម និងលោកជំទាវ ផ្ដល់ជូនសាលាបឋមសិក្សាបញ្ញា ស្ថិតឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបងនេះមានចំនួន១ខ្នង និងបែងចែកជា៥បន្ទប់។ ក្នុងឱកាសនោះដែរ ឯកឧត្តម ខាន់ ម៉ាណេរ ក៏បានសំណូមពរឱ្យក្រុមការងារសាងសង់អនុវត្តឱ្យបានត្រឹមត្រូវតាមគោលការណ៍បច្ចេកទេស និងគោរពឱ្យបានតាមពេលវេលានៃការសាងសង់ដូចមានកំណត់ក្នុងកិច្ចសន្យា៕