ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១ លើកទិសដៅឆ្នាំ២០២២ របស់ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តព្រៃវែង

នៅព្រឹថ្ងៃអាទិត្យ ១៣រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង និងបាត់ដំបង បានអញ្ជើញជាអធិបតីពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១ លើកទិសដៅឆ្នាំ២០២២ របស់ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តព្រៃវែង ប្រារព្ធនៅមន្ទីរគណបក្សខេត្តព្រៃវែង។

ជាកិច្ចចាប់ផ្ដើម ឯកឧត្តម ជា សុមេធី សមាជិកគណៈកម្មាធិការកណ្ដាល អនុប្រធានគណបក្សខេត្ត និងជាប្រធានក្រុមការងារយុវជនគណបក្សខេត្ត បានធ្វើរបាយការណ៍ជូនសម្ដេចក្រឡាហោម ព្រមទាំងអង្គសន្និបាត អំពីការប្រព្រឹត្តទៅនៃសន្និបាទរយៈពេលពេញមួយថ្ងៃទី២៩ ខែមករាម្សិលមិញ ក្នុងនោះរួមទាំងសេចក្ដីសម្រេចរបស់អង្គសន្និបាត ព្រមទាំងលទ្ធផលការងារឆ្នាំ២០២១ របស់ក្រុមការងារយុវជនគណបក្សខេត្តព្រៃវែង។

អញ្ជើញមានប្រសាសន៍នាឱកាសនោះ សម្ដចក្រឡាហោម ស ខេង បានសម្ដែងការកោតសរសើរ និងថ្លែងអំណរគុណដល់ក្រុមការងារយុវជនគណបក្សខេត្តព្រៃវែង សម្រាប់កិច្ចខិតខំប្រឹងប្រែងចូលរួមចំណែកក្នុងការកសាងកម្លាំងយុវជនគណបក្ស និងការរួមចំណែកដោះស្រាយបញ្ហានានារបស់ប្រជាពលរដ្ឋ ដែលជាការចូលរួមធ្វើឱ្យសម្រេចបាននូវកិច្ចការបំរើជាតិ និងប្រជាជន របស់រាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា។

សម្ដេចអនុប្រធានគណបក្សក៏បានមានប្រសាសន៍បញ្ជាក់ទៅកាន់អង្គសន្និបាតអំពីសារៈសំខាន់នៃដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ ដែលជាយន្តការមួយដ៏មានសារៈសំខាន់ក្នុងកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅកម្ពុជា ពិសេសការធ្វើឱ្យថ្នាក់មូលដ្ឋានមានឱកាស និងសិទ្ធិក្នុងការដឹកនាំ និងសម្រេចកិច្ចការមូលដ្ឋានរបស់ខ្លួន។ ភ្ជាប់ជាមួយគ្នានេះ សម្ដេចបានបន្តបញ្ជាក់អំពីការរៀបចំរួលរាល់នូវបេក្ខជនឈរឈ្មោះ និងបានសង្កត់ធ្ងន់អំពីសារៈសំខាន់នៃជ័យជំនះសម្រាប់ការបោះឆ្នោតខាងមុខ។

ពាក់ព័ន្ធនឹងការងារយុវជន សម្ដេចក្រឡាហោមបានមានប្រសាសន៍អំពីតួនាទីស្នូលរបស់យុវជន។ សម្ដេចបន្តថាការលើកកម្ពស់ឧត្តមគិតិស្នេហាជាតិដ៏បរិសុទ្ធគឺជាចំណុចសំខាន់បំផុតរបស់យុវជន ក្នុងនោះក៏រួមទាំងការតម្កល់ផលប្រយោជន៍ជាតិជាធំ។ សម្ដេចបន្ថែមថាក្នុងនាមជាយុវជនគណបក្ស គឺត្រូវគោរពប្រតិបត្តិឱ្យបានល្អតាមរដ្ឋធម្មនុញ្ញ គោរពអនុវត្តឱ្យបាននូវគោលនយោបាយគណបក្ស ជាមួយគ្នានេះ ត្រូវចេះក្ដាប់ឱ្យបាននូវស្ថានការណ៍ប្រែប្រួលទាំងឡាយដែលពាក់ព័ន្ធនឹងសមត្ថកិច្ចរបស់ខ្លួន។

សម្ដេចបន្តថាយុវជនត្រូវតែមានការហាត់ពត់លត់ដំទាំងចំណេះដឹង និងសីលធម៌។ សម្ដេចបន្តថាការរៀនសូត្រក្នុងន័យសម្រាប់ក្រុមយុវជនគណបក្ស គឺការរៀនសូត្រអំពីជីវភាពប្រជាពលរដ្ឋ ដើម្បីដូសខាត់សមត្ថភាពឱ្យចេះដោះស្រាយបញ្ហាប្រឈមទាំងឡាយ រួមទាំងការហ៊ានជំនះឧបសគ្គដើម្បីមានឱកាសទទួលបានបទពិសោធន៍។ សម្ដេចបន្ថែមថាការសិក្សារៀនសត្រដែលលទ្ធផលចុងក្រោយបញ្ជាក់អំពីកម្រិតតាមរយៈសញ្ញាបត្រគឺជារឿងល្អប្រសើរមួយហើយ ក៏ប៉ុន្តែការប្រតិបត្តិជាក់ស្ដែងគឺជាកិច្ចការចំចាប់ដែលត្រូវតែដើរទន្ទឹមគ្នា។

សម្ដេចក៏បានណែនាំឱ្យក្រុមការងារយុវជនគណបក្សបន្តខិតខំរក្សាសាមគ្គីភាព កុំមើលបំណាំ និងច្រណែនគ្នាផ្ទុយទៅវិញត្រូវចេះជួយត្រេកអរ និងកែលម្អរគ្នា។ សម្ដេចក៏បានផ្ដល់ទស្សនៈទានអំពីពាក្យ បញ្ចូល បញ្ចេះ បញ្ជា បញ្ជោ និងបញ្ចប់។ បញ្ចូលគឺអាចសំដៅដល់ការរៀបចំឱ្យចូលមកបំពេញភារកិច្ច បន្ទាប់មកបញ្ចេះគឺបង្រៀនអ្នកដែលចូលមកនោះឱ្យចេះបំពេញភារកិច្ច ចំណែកបញ្ជាគឺណែនាំឱ្យបំពេញភារកិច្ច ហើយបញ្ជោគឺការលើកទឹកចិត្ត ខណៈបញ្ចប់ គឺសំដៅដល់ការរៀបចំឱ្យចូលនិវត្តន៍ ឬដាក់វិន័យ បន្ទាប់ពីបញ្ចប់ភារកិច្ច ឬប្រសិនបើមានកំហុស។

មុននឹងបញ្ចប់ សម្ដេចក្រឡាហោមបានសម្ដែងក្ដីសង្ឃឹមជឿជាក់ថាក្រុមការងារយុវជនគណបក្សខេត្ត នឹងខិតខំធ្វើឱ្យសម្រេចបាននូវវឌ្ឍនភាពការងារថ្មីៗបន្ថែមទៀតពាក់ព័ន្ធនឹងការងារបំរើជាតិ និងប្រជាជន ដែលសន្និបាតបានដាក់ចេញ។ បន្ទាប់មកសម្ដេចក៏បានអញ្ជើញប្រគល់ថវិកាជូនក្រុមការងារយុវជនគណបក្សខេត្ត និងផ្ដល់ជូនបណ្ណសរសើរដល់ថ្នាក់ដឹកនាំក្រុមការងារយុវជនគណបក្សខេត្តព្រៃវែង៕

អត្ថបទដែលជាប់ទាក់ទង