ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

សម្ដេចក្រឡាហោម ស ខេង អនុញ្ញាតជូនឯកឧត្តម Takahashi Fumaiki ប្រធានសមាគមជប៉ុន-កម្ពុជា និងជាអតីតឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ

នារសៀលថ្ងៃព្រហស្បតិ៍ ១០រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតជូនឯកឧត្តម Takahashi Fumaiki ប្រធានសមាគមជប៉ុន-កម្ពុជា និងជាអតីតឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានរដ្ឋសភា។ 

ជំនួបនាឱកាសនេះ សម្ដេចក្រឡាហោម និងឯកឧត្តម Takahashi Fumaiki បានពិភាក្សាអំពីគោលបំណងនៃដំណើរទស្សនកិច្ចលើកនេះរបស់ឯកឧត្តមនៅកម្ពុជា ក្នុងនោះរួមមាន ការត្រៀមរៀបចំដំណើរទស្សនកិច្ចលើកទី២ របស់ប្រតិភូធុរកិច្ចជប៉ុនពីបណ្ដាក្រុមហ៊ុនសហគ្រាសធនតូច និងមធ្យម (SME) ជាច្រើនមកកាន់កម្ពុជានាឆ្នាំក្រោយ និងការអនុវត្តគម្រោងសូត្រមាសនៅកម្ពុជា ដើម្បីលើកកម្ពស់វិស័យសូត្រនៅកម្ពុជា។ 

ពាក់ព័ន្ធនឹងគោលបំណងទី១ ឯកឧត្តម Takahashi Fumaiki បានជម្រាបសម្ដេចក្រឡាហោម ថា ឯកឧត្តមបានមកបំពេញទស្សនកិច្ចនៅកម្ពុជានាពេលនេះ ដើម្បីត្រៀមរៀបចំទស្សនកិច្ចរបស់គណៈប្រតិភូវិនិយោគពីបណ្ដាក្រុមហ៊ុន SME នៅជប៉ុនដែលធ្លាប់មកបំពេញទស្សនកិច្ចកម្ពុជាកាលពីខែធ្នូ ឆ្នាំ២០១៩ ដែលនាពេលនោះ ប្រតិភូក៏ធ្លាប់បានចូលជួបសម្ដែងការគួរសម និងទទួលអនុសាសន៍ពីសម្ដេចក្រឡាហោម ពាក់ព័ន្ធនឹការវិនិយោគនៅកម្ពុជាដែរ។ 

ឯកឧត្តមបន្តថា ទស្សនកិច្ចលើកទី២ នេះ ធ្វើឡើងបន្ទាប់ពីបានខកខានដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩ ហើយថាដោយសារបច្ចុប្បន្នស្ថានភាពកូវីដ-១៩ នៅជប៉ុន និងកម្ពុជា កាន់តែមានភាពល្អប្រសើរ ឯកឧត្តមបានត្រៀមរៀបចំដំណើរទស្សនកិច្ចនេះជាលើកទី២ នៅឆ្នាំបន្ទាប់។  

ឯកឧត្តម បន្តថាក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ ឯកឧត្តមបានខិតខំបង្កើនចំនួនសមាជិក SME ជប៉ុននៅក្នុងសមាគមរបស់ឯកឧត្តម ហើយគ្រោងទាក់ទាញពួកគេឱ្យចូលរួមបំពេញទស្សនកិច្ចខាងមុខនេះដែរ។ ឯកឧត្តម ក៏បានជម្រាបសម្ដេចក្រឡាហោមដែរថានៅជប៉ុន ស្ថានភាពកូវីដ-១៩ បានធ្វើឱ្យក្រុមហ៊ុន SME ជាច្រើនមានភាពរអាក់រអ៊ួលក្នុងការធ្វើធុរកិច្ច និងក៏កំពុងសម្លឹងមើលការវិនិយោគនៅក្រៅប្រទេសដែរ ប៉ុន្តែក្រុមហ៊ុនទាំងនោះ ពុំសូវមានបទពិសោធន៍ក្នុងការវិនិយោគនៅក្រៅប្រទេសទេ ដូច្នេះឯកឧត្តម ក៏បានឆ្លៀតយកឱកាសនេះទាក់ទាញក្រុមហ៊ុនទាំងអស់នោះចូលក្នុងសមាគម ព្រមទាំងចែករំលែកបទពិសោធន៍ និងធ្វើទស្សនកិច្ចនៅកម្ពុជា។ 

ឯកឧត្តម Takahashi Fumaiki ក៏បានសម្ដែងក្ដីរីករាយ ប្រសិនបើសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី ព្រមទទួលជួបប្រតិភូបំពេញទស្សនកិច្ចលើកទី២ នាពេលខាងមុខដូចប្រតិភូមុនៗដែរ ដើម្បីជាឱកាសដែលប្រតិភូវិនិយោគជប៉ុនលើកទី២នោះ បានទទួលបទពិសោធន៍ និងមតិណែនាំដ៏ខ្ពង់ខ្ពស់ពីសម្ដេចក្រឡាហោម សម្រាប់ការវិនិយោគនៅកម្ពុជា។ 

ជាការឆ្លើយតប សម្ដេចក្រឡាហោម បានសម្ដែងការគាំទ្រចំពោះគំនិតផ្ដួចផ្ដើមនេះ និងបានបន្តថាសហគ្រាសធនតូច និងមធ្យមនៅកម្ពុជា ហៅកាត់ថា SME នេះ ពិតជាមានសារៈសំខាន់ណាស់ចំពោះសេដ្ឋកិច្ច កម្ពុជា ហើយថានៅកម្ពុជា មានមូលនិធិមួយហៅថាមូលនិធិសម្ដេចតេជោសម្រាប់ការអភិវឌ្ឍសហគ្រាសធនតូច និងមធ្យម ដែលមានសម្ដេចក្រឡាហោមផ្ទាល់ជាប្រធានកិត្តិយស។  សម្ដេចបន្តថាមូលនិធិនេះ មានគោលដៅប្រមែប្រមូលមូលនិធិ និងបណ្ដុះបណ្ដាលប្រជាពលរដ្ឋដែលធ្វើការក្នុងវិស័យ SME ដើម្បីលើកម្ពស់វិស័យនេះនៅកម្ពុជា។  

សម្ដេចបានសំណូមពរឯកឧត្តមចូលរួមផ្ដល់ការគាំទ្រដល់ការងារនេះ និងស្នើពិនិត្យលទ្ធភាពនៅពេលប្រតិភូសមាគមអ្នកវិនិយោគជប៉ុន មកទស្សនកិច្ចកម្ពុជាខាងមុខ អាចធ្វើការជាមួយក្រុមការងារមូលនិធិ ដើម្បីលើកកម្ពស់ការប្រាស្រ័យទាក់ទងជាមួយគ្នា។ 

បន្ទាប់មក ឯកឧត្តម Takahashi Fumaiki បានជម្រាបជូនសម្ដេចក្រឡាហោម នូវគោលបំណងទីពីរ ក្នុងដំណើរទស្សនកិច្ចនេះ គឺការអនុវត្តគម្រោងសូត្រមាសនៅកម្ពុជា ដើម្បីលើកកម្ពស់ការប្រើប្រាស់សូត្រកម្ពុជា ក្នុងការផលិតជាផលិតគ្រឿងសំអាង និងផលិតផលផ្សេងៗ ដោយគម្រោងនេះកំពុងស្ថិតក្នុងការសិក្សានិងស្នើសុំថវិកាជំនួយពីអង្គការ JCA ព្រមទាំងបានសហការជាមួយសាកលវិទ្យាល័យភូមិន្ទកសិកម្ម និងក្រសួងពាក់ព័ន្ធនៅកម្ពុជាមួយចំនួនទៀត។ 

ឯកឧត្តមបានជម្រាបជូនសម្ដេចអំពីការជួបប្រាស្រ័យទាក់ទងជាមួយ ក្រសួងពាណិជ្ជកម្ម ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត និងនវានុវត្តន៍ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងសុខាភិបាល ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងក្រសួងកិច្ចការនារី នៅតែក្រសួងសុខាភិបាលមួយទេដែលកំពុងស្ថិតក្នុងការសិក្សាមុនពេលផ្ដល់ចម្លើយ។  

ឯកឧត្តមបន្តថា គម្រោងនេះនឹងប្រើប្រាស់សូត្រពណ៌មាសចេញពីដង្កូវនាងនៅកម្ពុជា ដែលមានគុណភាពខ្ពស់ទាំងក្នុងការផលិតជាសម្លៀកបំពាក់ និងការផលិតជាគ្រឿងផ្សំក្នុងការបរិភោគ គ្រឿងសំអាងដែលមានគុណភាពខ្ពស់។  

ឯកឧត្តម បន្តថាពេលនេះក៏កំពុងខិតខំធ្វើការជាមួយក្រសួងវប្បធម៌ និងក្រសួងពាណិជ្ជកម្ម ដើម្បីជំរុញការបង្កើតម៉ាកពាណិជ្ជកម្មសម្រាប់សូត្រមាសកម្ពុជាដែរ ដោយសារសូត្រមាសកម្ពុជា មានគុណភាពខ្ពស់ដាច់គេ ធៀបនឹងសូត្រមាសនៅបណ្ដាប្រទេសផ្សេងៗ។  ឯកឧត្តម បន្តថាគម្រោងនេះនឹងជួយផ្ដល់ឱកាសល្អដល់ប្រជាកសិករនៅពេលដែលគាត់មិនអាចធ្វើកសិកម្មអ្វីផ្សេងៗបាន គាត់អាចងាកមកផលិតសូត្រមាសនេះបាន។ 

សម្ដេច បានសម្ដែងក្ដីរីករាយ និងគាំទ្រចំពោះគម្រោងនេះ ដោយបន្តថាវាពិតមានផលប្រយោជន៍ជាច្រើន ដូចជាការផ្ដល់ឱកាសការងារ និងប្រាក់ចំណូលជូនប្រជាពលរដ្ឋ និងការស្ដារវិស័យសូត្រនៅកម្ពុជាឡើងវិញ ហើយថាក្រោមការជួយគាំទ្រពី JCA សម្ដេចក៏សង្ឃឹមជឿជាក់ថាគម្រោងនេះនឹងទទួលបានជោគជ័យ។  សម្ដេច បន្តថានៅកម្ពុជា មានផលិតផលកសិកម្មផ្សេងៗទៀត ដូចជាដំឡូងមី ចេក ស្វាយជាដើម បានក្លាយជាផលិតផលនាំចេញទៅក្រៅប្រទេស ដោយសារការរីកចំរើននៃវិស័យ SME។ 

ជាកិច្ចបញ្ចប់ ឯកឧត្តម Takahashi Fumaiki បានថ្លែងអំណរគុណជូនសម្ដេចក្រឡាហោម ដែលបានចំណាយពេលទទួលជួបឯកឧត្តមទោះបីជាមានការមមារញឹក និងផ្ដល់ការគាំទ្រចំពោះគោលបំណងនៃដំណើរទស្សនកិច្ចរបស់ឯកឧត្តមនៅកម្ពុជា។  សម្ដេចក្រឡាហោម ស ខេង ក៏បានជូនពរឯកឧត្តមឱ្យទទួលបានជោគជ័យសម្រាប់ការបំពេញទស្សនកិច្ចនៅកម្ពុជានាឱកាសនេះ៕ 


 

អត្ថបទដែលជាប់ទាក់ទង