សម្ដេចក្រឡាហោម ស ខេង អនុញ្ញាតជូនឯកឧត្តម Genesh Prasad Dhakal ឯកអគ្គរដ្ឋទូតនេប៉ាល់ ទើបតែងតាំងថ្មី ប្រចាំនៅកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ
នារសៀលថ្ងៃអង្គារ ៨រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតជូនឯកឧត្តម Genesh Prasad Dhakal ឯកអគ្គរដ្ឋទូតនេប៉ាល់ ទើបតែងតាំងថ្មី ប្រចាំនៅកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅទីស្ដីការក្រសួងមហាផ្ទៃ។
សម្ដេចក្រឡាហោម បានថ្លែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះឯកឧត្តម ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសនេប៉ាល់ប្រចាំនៅកម្ពុជា។ សម្ដេចក្រឡាហោម ក៏បានមានប្រសាសន៍ថាមានមូលដ្ឋានសំខាន់ៗ២ ដែលរួមចំណែកដល់ការពង្រឹងនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កម្ពុជា នេប៉ាល់ គឺទីមួយ ផ្អែកលើមូលដ្ឋាននៃការផ្លាស់ប្ដូរទំនាក់ទំនងទស្សនកិច្ចទៅវិញទៅមករវាងថ្នាក់ដឹកនាំប្រទេសទាំងពីរដែលតាមរយៈការផ្លាស់ប្ដូរទស្សនកិច្ចនោះក៏នាំទៅដល់ការចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការលើវិស័យធំៗ ដូចជាកិច្ចសហប្រតិបត្តិការវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មជាដើម ដែលមូលដ្ឋាននៃការបង្កើតទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ចំណែកមូលដ្ឋានទីពីរ ត្រូវបានសម្ដេចក្រឡាហោម មានប្រសាសន៍ថាប្រទេសកម្ពុជា មានប្រជាជនភាគច្រើន ឬប្រមាណ៩០ភាគរយ ជាអ្នកកាន់ព្រះពុទ្ធសាសនា ហើយព្រះពុទ្ធសាសនាក៏ជាសាសនាដែលត្រូវបានប្រជាពលរដ្ឋនេប៉ាល់គោរពប្រតិបត្តិផងដែរដែលគឺជាមូលដ្ឋានសំខាន់នាំទៅដល់ការផ្សាភ្ជាប់ និងជាមូលដ្ឋាននៃការបង្កើនទំនាក់ទំនងរវាងប្រទេសទាំងពីរ។
សម្ដេច ក៏បានជម្រាបជូនឯកឧត្តម ឯកអគ្គរដ្ឋទូត ដោយសង្ខេបនូវកិច្ចការសំខាន់ៗមួយចំនួន ដែលស្ថិតក្រោមសមត្ថកិច្ចទទួលខុសត្រូវរបស់ក្រសួងមហាផ្ទៃ ក្នុងនោះសម្ដេច បានមានប្រសាសន៍ថាក្រសួងមហាផ្ទៃទទួលខុសត្រូវលើការងារសំខាន់ៗពីរ គឺទី១ វិស័យសន្តិសុខ និងទី២ ការងារសម្របសម្រួលជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិ។ សម្ដេច ក៏បានសម្ដែងក្ដីសង្ឃឹម និងចំណាប់អារម្មណ៍ទៅលើការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យទាំងនេះជាមួយប្រទេសនេប៉ាល់ ដែលកិច្ចការនេះអាចធ្វើឡើងតាមរយៈការផ្លាស់ប្ដូរនូវទស្សនកិច្ចទៅវិញទៅមក លើការងារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងការចែករំលែកបទពិសោធន៍អំពីការងារគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិផងដែរ។
សម្ដេច ក៏បានបន្តជម្រាបជូននូវកិច្ចការមួយចំនួនដែលក្រសួងមហាផ្ទៃបាននិងកំពុងអនុវត្ត ដែលក្នុងនោះរួមមាន ការងារកំណែទម្រង់នគរបាលជាតិ និងការងារកំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិ។
សម្ដេច បន្តថាកិច្ចការទាំងពីរនេះក្រសួងមហាផ្ទៃកំពុងអនុវត្តទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់រហូតមកដល់ពេលនេះ ហើយថានៅឆ្នាំ២០២២នេះ ក៏ជាឆ្នាំមួយដ៏មានសារៈសំខាន់សម្រាប់កម្ពុជា ដោយសារជាឆ្នាំត្រូវដំណើរការការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្ស ឃុំ សង្កាត់ អាណត្តិទី៥ និងក៏ជាឆ្នាំដែលកម្ពុជាទទួលធ្វើជាប្រធានប្ដូរវេនអាស៊ានផងដែរ។ សម្ដេចបានបន្តបញ្ជាក់ថាតួនាទីជាប្រធានអាស៊ាន គឺជាតួនាទីមួយដ៏មានសារៈសំខាន់ និងក៏ជាកិច្ចការមួយដែលត្រូវតែបន្តខិតខំសម្រេបសម្រួល និងដោះស្រាយ ហើយថានេះក៏ជាឱកាសផងដែរសម្រាប់កម្ពុជាក្នុងការពង្រឹងសមត្ថភាពរបស់ខ្លួននៅលើឆាកអន្តរជាតិ។
សម្ដេច ក៏មានសេចក្ដីសង្ឃឹមជឿជាក់ថាតាមរយៈបេសកកម្មការទូតរបស់ឯកឧត្តម សម្ដេចជឿជាក់ថាកម្ពុជា និងនេប៉ាល់នឹងមានកិច្ចសហប្រតិបត្តិការសំខាន់ៗបន្ថែមទៀតដែលបំរើផលប្រយោជន៍ទៅវិញមករវាងប្រទេសទាំងពីរ ក៏ដូចជារួមចំណែករឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែទូលំទូលាយបន្ថែមទៀតសម្រាប់ប្រទេសទាំងពីរ។
ឯកឧត្តម ឯកគ្គរដ្ឋទូតនេប៉ាល់ បានថ្លែងអំណរគុណ និងសម្ដែងការឯកភាពចំពោះការវាយតម្លៃរបស់សម្ដេចក្រឡាហោម ទៅលើទំនាក់ទំនងទ្វេភាគីនៃប្រទេសទាំងពីរ កម្ពុជា នេប៉ាល់ ដោយឯកឧត្តម បានជម្រាបជូនសម្ដេច ថាជាការពិតកន្លងមក តាមរយៈការផ្លាស់ប្ដូរដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំប្រទេសទាំងពីរពិតជាបានឈានទៅចុះហត្ថលេខាសហប្រតិបត្តិការលើវិស័យសំខាន់ៗមួយចំនួន ជាពិសេសគឺការលើកកម្ពស់ទំនាក់ទំនងពាណិជ្ជកម្មប្រទេសទាំងពីរ ហើយឯកឧត្តម ក៏សូមសម្ដែងការគាំទ្រចំពោះគំនិតផ្ដួចផ្ដើមក៏ដូចជាការលើកឡើងរបស់សម្ដេចក្រឡាហោម ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត ពិសេសលើវិស័យដែលស្ថិតក្រោមសមត្ថកិច្ចក្រសួងមហាផ្ទៃជាមួយនឹងសមភាគីនេប៉ាល់។
ឯកឧត្តម ក៏បានជម្រាបជូនសម្ដេចក្រឡាហោម ដែរថាប្រទេសទាំងពីរកម្ពុជា និងនេប៉ាល់ បានបង្កើតទំនាក់ទំនងគ្នាយ៉ាងខ្លាំងក្លាលើវិស័យសាសនា ដោយសារតែជាប្រទេសប្រកាន់ និងគោរពព្រះពុទ្ធសាសនា ហើយនេប៉ាល់ ក៏ជាប្រទេសដែលពុទ្ធសាសនិកគ្រប់រូបបានដឹងថាទីកន្លែងកំណើតរបស់ព្រះពុទ្ធ ដូច្នេះផ្អែកលើទំនាក់ទំនងក្នុងវិស័យសាសនានេះក៏បានរួមចំណែកដល់ការពង្រីកទំនាក់ទំនងរវាងប្រជាជន និងប្រជាជន នៃប្រទេសទាំងពីរកាន់តែខ្លាំក្លាថែមទៀត។
ឯកឧត្តម ក៏បានយកឱកាសនេះជំនួបនេះ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនសម្ដេចក្រឡាហោម ដែលកន្លងមកបានជួយសម្រួលដល់ជនជាតិជាពលរដ្ឋនេប៉ាល់ដែលជាប់គាំងនៅកម្ពុជាក្នុងរយៈពេលកូវីដ-១៩ និងបានថ្លែងអំណរគុណជូនរាជរដ្ឋាភិបាលកម្ពុជាដែលបានផ្ដល់ជំនួយផ្នែកបរិក្ខាសុខាភិបាល ជូនដល់ប្រទេនេប៉ាល់ នៅពេលមានការផ្ទុះឡើងនៃជំងឺកូវីដ-១៩ផងដែរ។
ជាការឆ្លើយតបសម្ដេចក្រឡាហោម បានមានប្រសាសន៍ថាជាកាតព្វកិច្ចរបស់ក្រសួងមហាផ្ទៃ គឺមានភារកិច្ចក្នុងការជួយដោះស្រាយនូវបញ្ហានានារបស់ជនបរទេស ពិសេសក្នុងកាលៈទេសៈនៃជំងឺកូវីដ-១៩នេះ ដោយសម្ដេច បានជម្រាបជូនថារាជរដ្ឋាភិបាលកម្ពុជាមិនមែនត្រឹមតែបានជួយសម្រួលដល់ជនបរទេសជាច្រើនដែលជួបបញ្ហាផ្សេងៗពាក់ព័ន្ធនឹងអន្តោប្រវេសន៍ក្នុងស្ថានភាពកូវីដ-១៩នោះទេ ប៉ុន្តែថែមទាំងបានចេញគោលការផ្ដល់នូវវ៉ាក់សាំងដល់ជនបរទេសគ្រប់រូបដែលស្នាក់នៅកម្ពុជាផងដែរ។
ឯកឧត្តមឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណជូនចំពោះសម្ដេចក្រឡាហោម និងរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែជួយគាំទ្រ និងដោះស្រាយការលំបាកផ្សេងៗជូនពលរដ្ឋនេប៉ាល់ នៅកម្ពុជា និងបានអបអរសាទរជាមួយនឹងការជូនពរកម្ពុជា ឱ្យទទួលបានជោគជ័យក្នុងតួនាទីជាប្រធានអាស៊ានប្ដូរវេននៅឆ្នាំ២០២២នេះ។
សម្ដេចក្រឡាហោម ក៏បានសម្ដែងការជូនពរឯកឧត្តមឯកអគ្គរដ្ឋទូត សូមទទួលបានជោគជ័យក្នុងអាណត្តិបេសកកម្មការទូតរបស់ឯកឧត្តម និងបន្តរួមចំណែកលើកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា នេប៉ាល់ ឱ្យកាន់តែទូលំទូលាយថែមទៀត ៕