ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីក្នុងពិធីប្រគល់រថយន្តជូនវរសេនាតូចនគរបាលការពារព្រំដែនប្រចាំទិសភូមិភាគទី១ ភូមិភាគទី២ និងភូមិភាគទី៣

នាព្រឹកថ្ងៃអង្គារ ៨រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់រថយន្តជូនវរសេនាតូចនគរបាលការពារព្រំដែនប្រចាំទិសភូមិភាគទី១ ភូមិភាគទី២ និងភូមិភាគទី៣ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ។

យោងតាមបាយការណ៍ ឯកឧត្តម នាយឧត្តមសេនីយ៍ សេង យូអ៊ាន់ អគ្គនាយកភស្តុភារ និងហិរញ្ញវត្ថុ បានឱ្យដឹងថារថយន្តផ្ដល់ជូននាពេលនេះ ជាប្រភេទរថយន្តភីកអាប់ផលិតឆ្នាំ២០២២ ក្នុងនោះនាយកដ្ឋាននគរបាលព្រំដែនទឹកទទួលបាន៣គ្រឿង, ស្នងការដ្ឋាននគរបាលខេត្តកណ្ដាលទទួលបាន១គ្រឿង, កំពត១គ្រឿង, កោះកុង២គ្រឿង, រតនគិរី២គ្រឿង, ស្វាយរៀង២គ្រឿង, ក្រចេះ១គ្រឿង, មណ្ឌលគិរី២គ្រឿង, ព្រៃវែង១គ្រឿង, ស្ទឹងត្រែង១គ្រឿង, ត្បូងឃ្មុំ២គ្រឿង និងស្នងការដ្ឋាននគរបាលខេត្តតាកែវ១គ្រឿង។

អញ្ជើញមានប្រសាសន៍នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ថាការបន្តផ្ដល់រថយន្តនាពេលនេះ គឺជាផ្នែកមួយនៃកំណែទម្រង់កងកម្លាំងនគរបាលជាតិ ដែលនេះគឺជាលើកទី៦ ហើយដែលក្រសួងបានបែងចែករថយន្តប្រភេទនេះដល់អង្គភាពនគរបាលជាតិទូទាំងប្រទេស   ដោយគិតពីឆ្នាំ២០១៩មក មានចំនួន២៦៤គ្រឿង។ នេះមិនគិតពីរថយន្តផ្សេងៗដែលបានផ្ដល់ជូនក្នុងរយៈពេលដូចគ្នានេះ និងនៅនាពេលកន្លងមកផង។  ពាក់ព័ន្ធនឹងកំណែទម្រង់នគរបាល សម្ដេចក្រឡាហោម ក៏បានគូសបញ្ជាក់អំពីលទ្ធផលនៃការស្រាវជ្រាវអំពីថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលដែលមិនបានចូលរៀនវគ្គបណ្ដុះបណ្ដាល ព្រមទាំងការធ្វើបច្ចុប្បន្នភាពនៃការតម្លើងឋានៈ តួនាទី និងសក្ដិឱ្យបានសមស្រប ក្នុងនោះឆាប់ៗខាងមុខ ក្រសួងនឹងចេញគោលការណ៍ណែនាំដើម្បីដោះស្រាយបញ្ហានេះ។

សម្ដេចបន្តថាមន្រ្តីនគរបាលមួយចំនួនត្រូវបានរកឃើញថាកំពុងបំពេញការងារ និងដឹកនាំការងារ ដោយមិនបានឆ្លងកាត់វគ្គបណ្ដុះបណ្ដាលនោះទេ ក្នុងនោះក្នុងចំណោមជាង៩ពាន់តំណែង មានជាង២ពាន់តំណែងហើយមិនបានចូលរៀនវគ្គនគរបាលមូលដ្ឋាន។

ពាក់ព័ន្ធនឹងការបំពេញភារកិច្ចរបស់មន្ត្រីនគរបាលជាតិ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី បានថ្លែងកោតសរសើរឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិដែលបានដឹកនាំការងារសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈបានយ៉ាងល្អប្រសើរនារយៈពេលកន្លងមក ធ្វើឱ្យប្រជាពលរដ្ឋមានទំនុកចិត្ត និងរស់នៅប្រកបដោយសេចក្ដីសុខ។  
សម្ដេចក៏បានបង្ហាញក្ដីសង្ឃឹមថាថ្នាក់ដឹកនាំ និងមន្រ្តីនគរបាលទាំងអស់ នឹងបន្តខិតខំបំពេញភារកិច្ចនេះបន្តទៀត រួមទាំងការចូលរួមគាំទ្រការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

សម្ដេចក៏បានផ្ដល់ការណែនាំឱ្យកងកម្លាំងនគរបាលទាំងអស់ត្រូវត្រៀមលក្ខណៈចូលរួមគាំទ្រដល់ដំណើរការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សា ឃុំ សង្កាត់   ពិសេសការបង្កលក្ខណៈឱ្យគ្រប់គណបក្សនយោបាយដែលបានចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយអាចធ្វើសកម្មភាពស្របទៅតាមច្បាប់ និងដោយគ្មានការរំខាន។  សម្ដេចក៏បានណែនាំឱ្យត្រៀមលក្ខណៈសម្រាប់ការការពារសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈក្នុងឱកាសដែលនៅឆ្នាំ២០២២នេះកម្ពុជាត្រូវដឹកនាំកិច្ចប្រជុំអាស៊ាន ព្រមទាំងបន្តត្រៀមលក្ខណៈសម្រាប់ព្រឹត្តិការណ៍បោះឆ្នោត និងព្រឹត្តិការណ៍កីឡា ឆ្នាំ២០២៣។ ពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀនវិញ សម្ដេចបានមានប្រសាសន៍ថាសព្វថ្ងៃនេះគ្រឿងញៀនកំពុងវាយលុកសង្គកម្ពុជាយ៉ាងធ្ងន់ធ្ងរ ហើយទាមទារឱ្យមានការស្វែងរកមូលហេតុនៃបញ្ហានេះ ក្នុងនោះការរកឃើញជាបឋមគឺបញ្ហាគ្រឿងញៀនឆ្លងកាត់តាមព្រំដែនចូលមកកម្ពុជា និងការនាំចូលគ្រឿងញៀនសំយោគ។ 

សម្ដេចបានចាត់ទុកបញ្ហាគ្រឿងញៀនសំយោគនេះថាជាបញ្ហាដ៏គួរឱ្យព្រួយបារម្ភបំផុតសម្រាប់កម្ពុជា និងបានស្នើឱ្យរដ្ឋមន្រ្តី ព្រមទាំងថ្នាក់ដឹកនាំពាក់ព័ន្ធយកចិត្តទុកដាក់ឱ្យបានខ្ពស់។ សម្ដេចបានសង្កត់ធ្ងន់ទៀតថា«សូមឯកឧត្តមរដ្ឋមន្ត្រីពាក់ព័ន្ធមើលបញ្ហាហ្នឹង បើមិនដូច្នេះឯកឧត្តមនឹងជាប់ជំពាក់ការទទួលខុសត្រូវចំពោះសង្គមកម្ពុជា ទាក់ទងនឹងបំផ្លាញសុខភាពសាធារណៈ ហើយអាជ្ញាធរគ្រឿងញៀនក៏ដូចគ្នាដែរ ត្រូវតែមើលរឿងហ្នឹងឱ្យបានច្បាស់លាស់»។  សម្ដេចបានណែនាំគ្រប់ភាគីសហការផ្ដល់ព័ត៌មានឱ្យគ្នាក្នុងការត្រួតពិនិត្យដំណើរការនាំចូលសាធាតុផ្សេងៗ ដើម្បីតាមដាន និងសិក្សាបន្ថែម ថាតើសាធាតុនោះអាចត្រូវបានប្រើប្រាស់សំយោគជាគ្រឿងញៀនឬយ៉ាងណា? 

សម្ដេចក៏បានមានប្រសាសន៍អំពីស្ថានភាពចរាចរណ៍នៅកម្ពុជាដែរ ដែលក្នុងរយៈកាលចុងក្រោយនេះ ស្ថានភាពគ្រោះថ្នាក់ចរាចរណ៍ហាក់មានការហក់ឡើងវិញ ដោយសារកំណើននៃការធ្វើដំណើរតាមដងផ្លូវ ក្រោយពីរាជរដ្ឋាភិបាលបានប្រកាសបើកប្រទេសឡើងវិញ។ សម្ដេចក៏បានបង្ហើបឱ្យដឹងថា ក្រសួងមហាផ្ទៃកំពុងធ្វើសេចក្ដីព្រាងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកថ្មី ដោយមិនបន្តធ្វើវិសោធនកម្មនោះទេ ហើយថាច្បាប់ថ្មីនេះ មានលក្ខណៈតឹងរឹងជាងមុន ដើម្បីធានាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ការពារអាយុជីវិត និងទ្រព្យសម្បត្តិប្រជាពលរដ្ឋ។ មុននឹងបញ្ចប់ សម្ដេចក្រឡាហោម ឧបនាយករដ្ឋមន្ត្រីក៏បានឆ្លៀតមានប្រសាសន៍ដល់ការធ្វើបាតុកម្មតវ៉ានៃក្រុមបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ផងដែរ។ សម្ដេចបានអំពាវនាវឱ្យអាជ្ញាធរ ក្រុមបាតុករ និងក្រុមហ៊ុន រក្សាភាពអត់ធ្មត់ ខិតខំរកវិធីបញ្ចប់បញ្ហាឱ្យបានឆាប់ ដោយមិនគួរបែរខ្នងដាក់គ្នានោះទេ៕ 

អត្ថបទដែលជាប់ទាក់ទង