ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតី ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារស្នាក់នៅកម្ពស់៥ជាន់ និងសមិទ្ធផលនានានៃបណ្ឌិត្យសភានគរបាលកម្ពុជា

នៅព្រឹកថ្ងៃពុធ ១០រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតី ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារស្នាក់នៅកម្ពស់៥ជាន់ និងសមិទ្ធផលនានានៃបណ្ឌិត្យសភានគរបាលកម្ពុជា ស្ថិតនៅឃុំដីឥដ្ឋ ស្រុកគៀនស្វាយ ខេត្តកណ្ដាល។

សមិទ្ធិផល ដែលត្រូវបានសម្ពោធនៅថ្ងៃនេះ រួមមាន អគារស្នាក់នៅ អគារក្បាច់គុណ ទីលានហាត់បាញ់គ្រាប់ពិត ទីលានហ្វឹកហាត់ឆ្លងកាត់ឧបសគ្គ ទីលានហាត់បង្រ្កាបបទល្មើសសិប្បនិមិត្ត អាងហ្វឹកហាត់ហែលទឹក និងផ្លូវបេតុង។

បន្ទាប់ពីអង្គពិធីបានស្ដាប់របាយការណ៍វឌ្ឍនភាព និងសមិទ្ធផលសម្ពោធនៅថ្ងៃនេះរបស់បណ្ឌិតសហភានគរបាលកម្ពុជា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញមានប្រសាសន៍សំណេះសំណាល និងផ្ដល់អនុសាសន៍ទៅកាន់អ្នកចូលរួម ពាក់ព័ន្ធនិងការងារអប់រំបណ្ដុះបណ្ដាលមន្រ្តីនគរបាលជាតិ នៅបណ្ឌិត្យសភានគរបាលកម្ពុជា។

សម្ដេចក្រឡាហោម​ បានកោតសរសើរថ្នាក់ដឹកនាំ និងមន្រ្តីបណ្ឌិត្យសភានគរបាលកម្ពុជាគ្រប់ផ្នែក ដែលបំពេញការងារលើកម្ពស់គុណភាពអប់រំ និងបណ្ដុះបណ្ដាលសិក្ខាកាមជាមន្រ្តីនគរបាល ពិសេសពង្រឹងគុណភាពបណ្ឌិត្យសភានគរបាលកម្ពុជាឲ្យកាន់តែសមស្របតាមស្តង់ដាជាតិ និងអន្តរជាតិ។

សម្ដេចក៏បានឆ្លៀតឱកាសនេះ ថ្លែងអំណរគុណសប្បុរសជនជាតិ និងអន្តរជាតិ ដែលបានគាំទ្រការកសាងសមិទ្ធផលនៅថ្ងៃនេះ ហើយសម្ដេចមានជំនឿថាសប្បុរសជនទាំងនោះ នឹងបន្តជួយឧបត្ថម្ភក្នុងកិច្ចការនេះ ដើម្បីរួមចំណែកអភិវឌ្ឍន៍ជាតិ ពិសេសរួមចំណែកពង្រឹងសមត្ថភាព និងចំណេះដឹងមន្រ្តីនគរបាលដែលជាអ្នកការពារសុខ សន្តិភាព និងសណ្ដាប់ធ្នាប់សារណៈ។

សម្ដេចក្រឡាហោម បានផ្ដល់អនុសាសន៍មួយចំនួនជូនអង្គពិធីទាំងមូល ដែលក្នុងនោះសម្ដេចក្រឡាហោមបានសង្កត់ធ្ងន់ថាសម័យនីតិរដ្ឋដូចបច្ចុប្បន្ន មន្រ្តីគរបាលត្រូវតែទទួលការបណ្ដុះបណ្ដាល បើមិនបណ្ដុះបណ្ដាលមិនមែនជាមន្រ្តីនគរបាលឡើយ ខុសពីសម័យមុនដែលតម្រូវការពេលនោះគឺធ្វើយ៉ាងណាឲ្យតែមានអ្នកមកចូលធ្វើនគរបាល។

ដោយឡែកមន្រ្តីនគរបាលទទួលបានការសិក្សារៀនសូត្រ មានចំណេះ មានជំនាញ ត្រូវបានសម្ដេចណែនាំឲ្យអនុត្តន៍ និង បំពេញការងារឲ្យបានល្អ បើមិនដូច្នេះទេវាប្រៀបបានការធ្វើឲ្យខាតថវិកាជាតិ និងពេលវេលាឥតប្រយោជន៍។ ថ្នាក់ដឹកនាំអង្គភាពវិញ ក៏ត្រូវតែឈប់ប្រកាន់ទស្សនៈដែលថា ការបញ្ជូនមន្រ្តីទៅទទួលការបណ្ដុះបណ្ដាលគឺជាការដាក់ពិន័យ និងត្រូវកត់សំគាល់មន្រ្តីមានសមត្ថភាព ដើម្បីលើកទឹកចិត្តឲ្យបំពេញការងារត្រូវជំនាញ និងចំណេះដឹង។

ចំពោះមន្រ្តីមិនគោរពវិន័យវិញ សម្ដេចបានផ្ដល់អនុសាសន៍ឲ្យថ្នាក់ដឹកនាំអង្គភាព បង្កើនការប្រឹងប្រែងជួយអប់រំ និងណែនាំបន្ថែមទៀត ដើម្បីឲ្យពួកគេក្លាយជាមន្រ្តីល្អ ដោយមិនត្រូវបោះបង់ពួកគេនោះទេ ប៉ុន្តែត្រូវបញ្ជូនមកអប់រំ។ ពាក់ព័ន្ធនឹងការចាត់ចែងមន្រ្តីគរបាលមកអប់រំ សម្ដេចក៏បានផ្ដាំផ្ញើដែរថាមិនត្រូវបញ្ជូនតែមនុស្សដដែលៗនោះទេ។

ពាក់ព័ន្ធនឹងអង្គភាពមិនសូវផ្ដល់តម្លៃមន្រ្តីវ័យក្មេង មានសមត្ថភាព សក្ដានុពល និងបានបញ្ចប់ការសិក្សានៅបណ្ឌិតសភានគរបាល សម្ដេចក្រឡាហោម បានទទូចឲ្យបញ្ឈប់បញ្ហានេះ ពីព្រោះវាធ្វើឲ្យមន្ត្រីប្រឹងប្រែងរៀនសូត្របាក់ទឹកចិត្ត ធ្វើឲ្យគ្រូគ្មានកម្លាំងចិត្តអប់រំសិស្ស ពិសេសវាអាចធ្វើឲ្យមានទស្សនៈរៀនក៏មិនបានអ្វីមកវិញជាដើម។

សម្ដេចក្រឡាហោម ស ខេង បានសម្ដែងក្ដីជឿជាក់ថាថ្នាក់ដឹកនាំបណ្ឌិត្យសភានគរបាលកម្ពុជា ថ្នាក់ដឹកនាំអង្គភាពនគរបាល សាស្រ្តាចារ្យនគរបាល សិក្ខាកាម និងភាគីពាក់ព័ន្ធ នឹងបន្តរួមគ្នាធ្វើយ៉ាងណាឲ្យបណ្ឌិតសភានគរបាលកម្ពុជា ក្លាយជាធនាគារចំណេះដឹងនៃនគរបាលទូទាំងប្រទេស ដោយសម្ដេច និងរាជរដ្ឋាភិបាល នឹងបន្តផ្ដល់ការគាំទ្រជានិច្ច។


ជាចុងបញ្ចប់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញប្រគល់ព្រះរាជក្រឹត្យស្ដីពីការផ្ដល់ឋានៈសាស្រ្តាចារ្យជូនគ្រូនគរបាលជាតិ និង គ្រូបង្រៀនគ្រប់ផ្នែកនៃបណ្ឌិតសភានគរបាលកម្ពុជាចំនួន២៥រូប និង បានអញ្ជើញកាត់ខ្សែបូរសម្ពោធ និង ទស្សនា អគារ និង សមិទ្ធិផលនានា ៕


អត្ថបទដែលជាប់ទាក់ទង