ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ សាស្រ្តាចារ្យ និងបុគ្គលិក នៃសាកលវិទ្យាល័យជាតិបាត់ដំបង

នាព្រឹកថ្ងៃពុធ ១០រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ សាស្រ្តាចារ្យ និងបុគ្គលិក នៃសាកលវិទ្យាល័យជាតិបាត់ដំបង នៅសាលសាកលវិទ្យាល័យជាតិបាត់ដំបង ខេត្តបាត់ដំបង។

ជាកិច្ចចាប់ផ្ដើម ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបង បានធ្វើរបាយការណ៍ស្វាគមន៍ជូនសម្ដេច ព្រមទាំងអង្គពិធីដោយឯកឧត្តមបានគូសបញ្ជាក់អំពីវឌ្ឍភាពការងារជាច្រើន ពិសេសក្រោយការធ្វើកំណែទម្រង់ ទាំងការគ្រប់គ្រង ការបណ្ដុះបណ្ដាល ការកសាងហេដ្ឋារចនាសម្ព័ន្ធ ការបំពាក់បរិក្ខាបំរើឱ្យការៀន ការបង្រៀន និងការស្រាវជ្រាវ ការពង្រីកកិច្ចសហប្រតិបត្តិការជាមួយសាកលវិទ្យាល័យ និងបណ្ដាភាគីទាំងកម្រិតជាតិ និងអន្តរជាតិ ដែលបានធ្វើឱ្យនិស្សិត និងអាណាព្យាបាលកាន់តែមានភាពកក់ក្ដៅជាមួយនឹងទំនុកចិត្តខ្ពស់មកលើសាកលវិទ្យាល័យ។

ឯកឧត្តមបានសម្ដែងការគោរពដែលជានិច្ចកាល សម្តេចក្រឡាហោម បានយកចិត្តទុកដាក់និងឱ្យតម្លៃខ្ពស់ដល់សាកលវិទ្យាល័យជាតិបាត់ដំបង ព្រមទាំងផ្តល់នូវភាពកក់ក្តៅនិងជំរុញលើទឹកចិត្តដល់គណៈគ្រប់គ្រង មន្រ្តីរាជការ និងគ្រូបង្រៀនទាំងអស់ ក្នុងការបំពេញភារកិច្ចទទួលខុសត្រូវរបស់ខ្លួន ប្រកប ដោយការប្ដេជ្ញាចិត្តខ្ពស់និងមានឆន្ទៈមោះមុត ដើម្បីឈានទៅសម្រេចផែនការដែលបានកំណត់។ ជាពិសេស ក្នុងនាមសម្ដេចជាស្ថាបនិកនៃសាកលវិទ្យាល័យនេះ សម្ដេចតែងតែបានយកចិត្តទុកដាក់យ៉ាងខ្លាំងលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគ្រប់ប្រភេទ ចាប់តាំងពីសាកវិទ្យាល័យត្រូវបានបង្កើតឡើងវិញរហូតមកដល់ពេលនេះ ដើម្បីធ្វើឱ្យសាកលវិទ្យាល័យមួយនេះមានលក្ខណសម្បត្តិសមស្រប មានឧត្តមភាព និងកិត្យានុភាពល្បីល្បាញទាំងក្នុង ក្របខណ្ឌជាតិនិងអន្តរជាតិ។

ឯកឧត្តមក៏បានឆ្លៀតឱកាសថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅផងដែរ ចំពោះ ឯកឧត្ដមបណ្ឌិតសភាចារ្យ រដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្ដម ស សុខា ប្រធានគណៈកម្មការគ្រប់គ្រងសាកលវិទ្យាល័យជាតិបាត់ដំបង ឯកឧត្ដម សេង ផល្លី ជាអនុប្រធានទទួលបន្ទុករួម ឯកឧត្ដម ឯក មនោសែន ជាអនុប្រធាន និងសមាជិកនៃគណៈកម្មការទាំងអស់ ដែលតែងតែយកចិត្តទុកដាក់ ចង្អុលបង្ហាញ និងណែនាំតម្រង់ទិសជាប្រចាំ ក្នុងការធ្វើកំណែទម្រង់សាកលវិទ្យាល័យជាតិបាត់ដំបងក្នុងរយៈពេលជិត២ឆ្នាំកន្លងមកនេះ រហូតធ្វើឱ្យសាកលវិទ្យាល័យមានវឌ្ឍនភាពយ៉ាងខ្លាំងលើគ្រប់ផ្នែក ទាំងហេដ្ឋារចនាសម្ព័ន្ធរឹងនិងទន់ ក្នុងរយៈពេលខ្លីតែប៉ុណ្ណោះ។

អញ្ជើញមានប្រសាសន៍សំណេះសំណាលនាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី បានរម្លឹកអំពីសវតា និងបុព្វហេតុនៃការបង្កើតសាកលវិទ្យាល័យជាតិបាត់ដំបង និងបានគូសបញ្ជាក់អំពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចតេជោដែលបានខិតខំកសាងសមិទ្ធផលនានាជូនជាតិ និងប្រជាជន ក្នុងនោះរួមទាំងសមិទ្ធិផលសាលារៀនគ្រប់កម្រិតនៅតាមមូលដ្ឋានដើម្បីផ្ដល់ឱកាសឱ្យកូនចៅរបស់ប្រជាពលរដ្ឋបានសិក្សារៀនសូត្រក្លាយជាធនធានមនុស្សល្អក្នុងសង្គមជាតិ។ សម្ដេចក៏បានឆ្លៀតលើកឡើងពីការបង្កើតមណ្ឌលយុវនីតិសម្បទាជាលើកដំបូងនៅស្រុកកណ្ដាលស្ទឹងដែលបានសម្ពោធកាលពីថ្ងៃម្សិលមិញ ដើម្បីគ្រប់គ្រង់និងអប់រំកែប្រែអនីតិជនប្រព្រឹត្តល្មើសច្បាប់ឱ្យក្លាយជាយុវជនល្អវិញដែលនេះក៏ជាការយកចិត្តទុកដាក់ចំពោះយុវជនដែលជាទំពាំងស្នងឬស្សី។

ក្នុងនាមរាជរដ្ឋាភិបាល សម្ដេចក្រឡាហោម ស ខេង បានថ្លែងអំណរគុណឯកឧត្តមបណ្ឌិត្យសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម ស សុខា ប្រធានគណៈគ្រប់គ្រងសាកលវិទ្យាល័យជាតិបាត់ដំបង ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការ ព្រមទាំងសាស្ត្រាចារ្យ និងបុគ្គលិកសិក្សាទាំងអស់ ដែលបានផ្ដល់ការគាំទ្រខ្ពស់ និងខិតខំបំពេញភារកិច្ចមិនខ្លាចហត់នឿយធ្វើឱ្យសាកលវិទ្យាល័យជាតិបាត់ដំបងសម្រេចបានវឌ្ឍនភាពជាច្រើន ពិសេសនៅក្នុងដំណើរការកំណែទម្រង់អស់រយៈពេលជាងមួយឆ្នាំមកនេះ។

សម្ដេចឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងកោតសរសើរសាកលវិទ្យាល័យជាតិបាត់ដំបងដែលបានខិតខំពង្រីកកិច្ចសហប្រតិបត្តិការជាមួយសាកលវិទ្យាល័យដៃគូទាំងកម្រិតជាតិ និងកម្រិតអន្តរជាតិ ព្រមទាំងភាគីដៃគូផ្សេងទៀត ដើម្បីលើកកម្ពស់គុណភាពនៃការសិក្សាឱ្យត្រូវតាមស្តង់ដារគ្នាទៅវិញទៅមក ពិសេសការផ្លាស់ប្ដូរបទពិសោធន៍ល្អៗជាមួយគ្នាទៅវិញទៅមក។ សម្ដេចក៏បានណែនាំឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ជួយសម្របសម្រួលឱ្យសាកលវិទ្យាល័យជាតិបាត់ដំបងពិនិត្យលទ្ធភាពចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយសាកលវិទ្យាល័យជាសុីមកំចាយមារ។

ពីវេទិកាអធិបតីនេះដែរ សម្ដេចក្រឡាហោម ឧបនាយករដ្ឋមន្ត្រីក៏បានគូសបញ្ជាក់អំពីព្រឹត្តិការណ៍សំខាន់ៗនៅកម្ពុជាឆ្នាំ២០២២ខាងមុខ រួមមានការដឹកនាំកិច្ចប្រជុំកំពូលអាស៊ានដែលជាឱកាសថ្មីមួយទៀតនៃការលើកតម្កើងកិត្យានុភាពជាតិលើឆាកអន្តរជាតិ ការរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ដែលជាការបន្តពង្រឹងលទ្ធិប្រជាធិបតេយ្យ និងលើកកម្ពស់សិទ្ធិធ្វើជាម្ចាស់របស់មូលដ្ឋានក្នុងការដោះស្រាយបញ្ហានានានៅដែនសមត្ថកិច្ចរបស់ខ្លួនដើម្បីបំរើផលប្រយោជន៍ប្រជាពលរដ្ឋ។

សម្ដេចក្រឡាហោមក៏បបានគូសបញ្ជាក់អំពីការអនុវត្តកំណែទម្រង់៣បូក១ដែលជាការដ្ឋានស្នូលនៃកំណែទម្រង់ រួមមានទី១កំណែទម្រង់រដ្ឋបាលសាធារណៈគ្រប់ក្រសួងស្ថាប័នសាធារណៈរបស់រដ្ឋ, ទី២កំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងការដ្ឋានទី៣គឺកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការដែលសំដៅដល់ការកសាងសមត្ថភាពឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ តាមរយៈការផ្ទេរសិទ្ធិអំណាចនិងធនធានសមស្របដើម្បីរដ្ឋបាលថ្នាក់ក្រោមជាតិមានលទ្ធភាព និងខិតខំបំពេញភារកិច្ចរបស់ខ្លួនកាន់តែប្រសើរ។ ដោយឡែកកំណែទម្រង់បូក១នោះ គឺសំដៅកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ ដើម្បីកសាងសង្គមមួយដែលមានយុត្តិធម៌ពីលើដល់ក្រោម ជាសង្គមរីកចំរើន និងសុីវិល័យ។ សម្ដេចបានបន្តថាការងារនេះនិយាយស្រួល ប៉ុន្តែការធ្វើឱ្យជោគជ័យគឺត្រូវការឆន្ទះខ្ពស់បំផុត៕

អត្ថបទដែលជាប់ទាក់ទង