សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីនៃពិធី «ទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកលើកទី១៦»
នៅព្រឹកថ្ងៃពុធ ៤រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពជាតិចរាចរណ៍ផ្លូវគោក បានអញ្ជើញជាអធិបតីនៃពិធី «ទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកលើកទី១៦» ប្រារព្ធនៅស្រុកជើងព្រៃ ខេត្តកំពង់ចាម។
ក្រោមអធិបតីភាពសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី ពិធីនេះមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ក្រសួងសាធារណៈការ និងដឹកជញ្ជូន គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក អភិបាលខេត្តពាក់ព័ន្ធ ព្រមទាំងអស់លោក លោកស្រី ជាតំណាងអង្គការដៃគូ អាជ្ញាធរមូលដ្ឋាន កងកម្លាំងចម្រុះ មហាជន និងយុវជន ជាច្រើនរូបទៀត។
នាឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានធ្វើរបាយការណ៍ស្វាគមន៍ជូនសម្ដេច ព្រមទាំងអង្គពិធី ហើយបន្ទាប់មកស្រ្តីអតីតកម្មការនីមួយរូប បានឡើងថ្លែងរំលឹកអំពីបទពិសោធន៍ជិះម៉ូតូជួបគ្រោះថ្នាក់ជាមួយរថយន្តបណ្ដាលឱ្យបាក់ជើងឆ្វេង ព្យាបាលជាង៥០ថ្ងៃ និងមានការឈឺចាប់រាល់ពេលមេឃចុះត្រជាក់ ភិតភ័យរាល់ពេលធ្វើដំណើរ និងជួបបញ្ហាជីវភាពដោយសារមិនអាចធ្វើការងារបានដូចមុន។
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី បានអញ្ជើញថ្លែងសុន្ទរកថា និងសំណេះសំណាលជាមួយអង្គពិធី ពិសេសជនរគ្រោះដោយគ្រោះថ្នាក់ចរាណ៍ ដោយជាកិច្ចចាប់ផ្ដើម សម្ដេច ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាមគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានសម្ដែងការចូលរួមមរណទុក្ខ ជាមួយសាច់ញាតិទាំងឡាយនៃជនរងគ្រោះ ដែលបាត់បង់ជីវិតក្នុងគ្រោះថ្នាក់ចរាចរណ៍ និងបានបួងសួងវិញ្ញាណក្ខន្ធជនរងគ្រោះបានទៅកាន់សុគតិភព។
សម្ដេចក្រឡាហោមបានគូសបញ្ជាក់ថា ការសម្រេចយកស្រុកជើងព្រៃ ជាទីតាំងប្រារព្ធពិធី ទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកលើកទី១៦នេះ គឺដោយសារស្រុកនេះ មានអត្រាគ្រោះថ្នាក់ចរាចរណ៍កើតឡើងច្រើនជាងបណ្ដាស្រុកផ្សេងទៀតនៃខេត្តកំពង់ចាម ដែលនេះក៏ជាការបង្ហាញឆន្ទៈយកចិត្តទុកដាក់ដល់សុខទុក្ខរបស់ប្រជាពលរដ្ឋ និងចូលរួមយ៉ាងសកម្មជាមួយចលនាពិភពលោក ក្នុងការបង្ការទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍។
សម្ដេចបន្តថាពិធីនេះមិនត្រឹមតែរួមចំណែករំលែកទុក្ខជនរងគ្រោះប៉ុណ្ណោះទេ ប៉ុន្តែក៏ជាជាព្រឹត្តិការណ៍ក្រើនរំលឹកអ្នកប្រើប្រាស់ផ្លូវឱ្យមានការយល់ដឹងអំពីហានភ័យនៃគ្រោះថ្នាក់ចរាចរណ៍ ដែលបណ្ដាលមកពីការបើកបរលើសល្បឿនកំណត់ មិនគោរពសិទ្ធិអាទិភាព បើកបរវ៉ាជែងដោយប្រថុយប្រថាន បើកបរមិនប្រកាន់ស្ដាំ បើកបរក្នុងស្ថានភាពស្រវឹង និងមានសារធាតុញៀនជាដើម ដើម្បីឱ្យកែប្រែឥរិយាបទទាំងនោះ ហើយងាកមកគោរពច្បាប់ និងមានការប្រុងប្រយ័ត្នវិញ។
សម្ដេចបានរំលឹកថាបើប្រៀបធៀបនឹងឆ្នាំ២០១៩ គឺនៅក្នុងឆ្នាំ២០២០កន្លងទៅនេះ កម្ពុជាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍បានចំនួន៩៤២លើកស្មើនឹង២៣ភាគរយ កាត់បន្ថយអ្នកស្លាប់៣៥៥នាក់ស្មើនឹង១៧ភាគរយ និងអ្នករបួស១៤៥៥នាក់ស្មើនឹង២៤ភាគរយ។ ដោយឡែកក្នុងរយៈពេល១១ខែឆ្នាំ២០២១ ធៀបនឹងឆ្នាំ២០២០ កម្ពុជាបានកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍បាន៥៣៣លើកស្មើនឹង១៨ភាគរយ អ្នកស្លាប់១៦៧នាក់ស្មើនឹង១១ភាគរយ និងអ្នករបួសបាន១១២០នាក់ស្មើនឹង២៦ភាគរយ។
សម្ដេចបានសម្ដែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះពលីកម្មរបស់មន្រ្តីអនុវត្តច្បាប់គ្រប់លំដាប់ថ្នាក់ដែលបានបំពេញភារកិច្ចមិនខ្លាចនឿយហត់ប្រកបដោយស្មារតីឈ្លាសវ័យ ទទួលខុសត្រូវក្នុងការរឹតបន្តឹងអនុវត្តច្បាប់ បានរក្សាសណ្ដាប់ធ្នាប់ ផ្សព្វផ្សាយអប់រំច្បាប់ កសាងជួសជុលកែលម្អរផ្លូវថ្នល់ សង្គ្រោះជនរងគ្រោះ និងការងារផ្សេងៗទៀត ធ្វើឱ្យទទួលបានលទ្ធផលគួរកត់សំគាល់ ពិសេសបានកាត់បន្ថយអត្រាអ្នកស្លាប់ និងរងរបួសដោយគ្រោះថ្នាក់ចរាចរណ៍។
សម្ដេចនៅតែបង្ហាញក្ដីបារម្ភចំពោះកំណើនគ្រោះថ្នាក់ជាក្រុម ដូចជាការបាត់បង់ជីវិតគ្រួសារចំនួន៧នាក់នៅស្រុកជំគិរី និងការបាត់បង់ជីវិត៥នាក់នៅផ្លូវជាតិលេខ៣ក្រុងបូគោ ខេត្តកំពត ការបាត់បង់ជីវិត៥នាក់នៅផ្លូវជាតិលេខ៥ស្រុកមោងឬស្សី និងករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តដឹកកម្មករតាមបណ្ដាខេត្តមួយចំនួន។ សម្ដេចកត់សំគាល់ថាមូលហេតុនៃគ្រោះថ្នាក់នេះ គឺបណ្ដាលមកពីបើកបរលើសល្បឿនកំណត់ មិនគោរពសិទ្ធិអាទិភាព និងការមិនប្រកាន់ស្ដាំ។
នៅក្នុងឱកាសនោះដែរ សម្ដេចក្រឡាហោមក៏បានឆ្លៀតគូសបញ្ជាក់អំពីភាពចាំបាច់និងសារៈសំខាន់នៃការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព រួមមាន ១.ផ្ដល់សេវាសាធារណៈ ជាពិសេសេវារដ្ឋបាលប្រកបដោយគុណភាព តម្លាភាព និងទទួលបានជំនឿទុកចិត្ត, ២.គ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ, ៣.មានសណ្ដាប់ធ្នាប់សាធារណៈ ជាពិសេសគ្មានគ្រោះថ្នាក់ចរាចរណ៍, ៤.គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស ពិសេសស្រ្តី និងកុមារ គ្មានអំពើហិង្សាក្នុងគ្រួសារ និងគ្មានក្មេងទំនើង, ៥.ដុះស្រាយវិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការប្រកបដោយគុណភាព និងប្រសិទ្ធភាព, ៦.មានអនាម័យ មានសោភណ្ឌភាពល្អ និងមានបរិស្ថានល្អ និង៧.ឆ្លើយតបបានទាន់ពេលវេលាចំពោះគ្រោះមហាន្តរាយ និងរាល់ជំងឺឆ្លងរាតត្បាតកាចសាហាវប្រកបដោយប្រសិទ្ធភាព៕