សម្ដេចក្រឡាហោម ស ខេង អញ្ជេីញជាអធិបតីក្នុងពិធីផ្សព្វផ្សាយលទ្ធផលនៃសន្និបាតគណៈកម្មាធិការកណ្ដាលលេីកទី៤១ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា
សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយខេត្តបាត់ដំបង និងខេត្តព្រៃវែង បានអញ្ជើញជាអធិបតី ពិធីផ្សព្វផ្សាយលទ្ធផលសន្និបាតគណៈកម្មាធិការកណ្ដាលលើកទី៤១ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា នាព្រឹកថ្ងៃសៅរ៍ ៦រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៩ នៅខេត្តបាត់ដំបង។
បន្ទាប់ពីអង្គពិធីបានស្ដាប់នូវរបាយការណ៍លទ្ធផលនៃមហាសន្និបាតគណៈកម្មាធិការកណ្ដាលបក្ស សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញឡើងមានប្រសាសន៍ ដោយសម្ដេចបានបង្ហាញការជឿជាក់ថាសមាជិក សមាជិការគណបក្ស នឹងបានជ្រួតជ្រាបអំពីខ្លឹមសារនៃលទ្ធផលសន្និបាតគណបក្ស តាមរយៈការប្រតិបត្តិរបស់ខ្លួននាពេលកន្លងមក និងការផ្សព្វផ្សាយបន្ថែមនៅថ្ងៃនេះ។
សម្ដេចក្រឡាហោម ស ខេង បានថ្លែងអំណរគុណ និងកោតសរសើរក្រុមការងារគណបក្សប្រជាជនកម្ពុជាគ្រប់លំដាប់ថ្នាក់ ដែលបានប្រឹងប្រែងបំពេញភារកិច្ចរៀងៗខ្លួន និងប្រកបដោយស្មារតីសាមគ្គីភាពផ្ទៃក្នុង ពិសេសការចូលរួមគ្រប់គ្រងសភាពការណ៍រួមបានយ៉ាងល្អប្រសើរនៅក្នុងដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៦កន្លងមក។
ជាមួយគ្នានេះ សម្ដេចក្រឡាហោម ក៏បានលើកសរសើរដល់មន្រ្តីគណបក្សមានវ័យចំណាស់ ដែលពួកគាត់តែងតែផ្ដល់ការចែករំលែកបទពិសោធន៍ល្អៗ ការទូន្មាន និងការអប់រំណែនាំដល់យុវជនគណបក្ស ដើម្បីឲ្យពួកគេបានបន្តភាពជោគជ័យរបស់គណបក្សទាំងពេលបច្ចុប្បន្ន និងអនាគត។
បន្ទាប់មក សម្ដេចបានផ្ដល់អនុសាសន៍មួយចំនួនជូនអង្គពិធី ពាក់ព័ន្ធនឹងចំណុចខ្លាំង និងការប្រឈមនានា ដែលត្រូវរួមគ្នាដោះស្រាយដើម្បីផលប្រយោជន៍ជាតិ ប្រជាជន និងគណបក្ស។ សម្ដេចបានសម្ដែងមោទនភាពដែលសង្គមជាតិយើង គ្មានការបង្កអំពើផ្ទុះអាវុធពីក្រុមប្រឆាំងណាមួយនោះទេ ទោះបីជាកន្លងមកមានក្រុមប្រឆាំង និងមានការគាំទ្រពីបរទេស ដែលពួកគេមិនចង់ឲ្យប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍន៍ដូចសព្វថ្ងៃនេះក៏ដោយ។
សម្ដេចក្រឡាហោម ស ខេង បានក្រើនរំលឹកសមាជិក សមាជិការ ដែលទទួលខុសត្រូវការងារនៅតាមមូលដ្ឋាន ដោយត្រូវរក្សាអព្យាក្រឹត្យភាពក្នុងនាមជាអ្នកដឹកនាំ និងគ្រប់គ្រងមូលដ្ឋាន ត្រូវបន្តយកចិត្តទុកដាក់បន្ថែមទៀត ការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ពីព្រោះបើអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ក្នុងឃុំនីមួយៗសកម្មនឹងការងារនេះ នោះសេចក្ដីសុខ និងសុវត្ថិភាពនឹងកើតមានពេញផ្ទៃប្រទេស។
ពាក់ព័ន្ធនិងសេចក្ដីសុខ សុវត្ថិភាព របស់ពលរដ្ឋ សម្ដេចក្រឡាហោម បានណែនាំសមាជិក សមាជិការ ដែលមានការទទួលខុសត្រូវនៅថ្នាក់រដ្ឋបាលក្រោមជាតិ ពិសេសក្នុងមូលដ្ឋានខេត្តបាត់ដំបង ត្រូវមានស្មារតីយកចិត្តទុកដាក់ ជំរុញរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ ពីព្រោះនៅតែមានអ្នកស្លាប់ និងរបួសច្រើននៅឡើយ។
បន្ទាប់មកសម្ដចបានមានប្រសាសន៍អំពីគ្រោះអគ្គិភ័យ ដោយសម្ដចបានកត់សំគាល់ពីកំណើនអគារខ្ពស់ៗ ភាពស្មុគស្មាញនៃភូមិដ្ឋានពលរដ្ឋ នៅពេលប្រទេសកំពុងមានការអភិវឌ្ឍ ដែលនាំឲ្យពិបាកដល់កិច្ចសង្គ្រោះរបស់កម្លាំងអាជ្ញាធរ។ សម្ដេចបានណែនាំឲ្យមន្រ្តីនៅមូលដ្ឋានត្រូវគិតគូរពីបញ្ហានេះ ពិសេសតំបន់ត្រូវសាងសង់តែម្ដង។
អំពីការគ្រប់គ្រងរដ្ឋបាលវិញ សម្ដចបានបន្តមានប្រសាសន៍ថាសព្វថ្ងៃនេះ អំណាចទាំងថ្នាក់ក្រោមជាតិ និងថ្នាក់ជាតិ កំពុងគ្រប់គ្រងដោយមន្រ្តីមកពីគណបក្សប្រជាជនកម្ពុជាស្ទើទាំងស្រុង បើទោះបីជាមានសមាសមភាពមកពីគណបក្សផ្សេងទៀតខ្លះក៏ដោយ ប៉ុន្តែត្រង់ចំណុចនេះសម្ដេចបានក្រើនរំលឹកឲ្យមន្រ្តីកុំធ្វេសប្រហេសចំពោះការងារបំរើប្រជាពលរដ្ឋ។
សម្ដេចបានបន្តណែនាំសមាជិកគណបក្សទាំងអស់ ត្រូវបែងចែកឲ្យបានច្បាស់លាស់ និងត្រឹមត្រូវតាមច្បាប់ រវាងការងាររដ្ឋ និងការងារគណបក្ស ចៀសវាងជាដាច់ខាត ការយកមធ្យោបបាយរបស់រដ្ឋ មកធ្វើសកម្មភាពបំរើឲ្យគណបក្ស ពីព្រោះជាទង្វេីខុសច្បាប់ និងនាំឲ្យមានការរិះគន់ពីពលរដ្ឋ។
ពាក់ព័ន្ធនឹងកម្មវិធីកំណែទម្រង់នេះដែរ សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ទៅកាន់សមាជិកសមាជិការគណបក្សអំពីការផ្ទេរអំណាច ទំនូលខុសត្រូវ ធនធានមនុស្ស និងថវិកា ពីថ្នាក់ជាតិទៅថ្នាក់ក្រោមជាតិ ពីថ្នាក់រាជធានីខេត្ត ដល់ក្រុងស្រុកខណ្ឌ ដើម្បីឲ្យការផ្ដល់សេវាជូនពលរដ្ឋ និងកាបំពេញការងារមូលដ្ឋានកាន់តែមានប្រសិទ្ធភាព។
ក្នុងឱកាសនោះដែរ សម្ដចក៏បានផ្ដល់អនុសាសន៍ជូនសមាជិកសមាជិកាឲ្យរួមគ្នាប្រកាន់យកជាដាច់ខាត ការគោរពតាមរដ្ឋធម្មនុញ្ញ រក្សាឯករាជ្យជាតិ បូរណភាពដែនដី និងអធិបតេយ្យជាតិ ត្រូវការពាររដ្ឋធម្មនុញ្ញ ការពាររបបលទ្ធិប្រជាធិបេតយ្យសេរីពហុបក្ស និងប្រឆាំងបដិវត្តន៍ពណ៌។
សម្ដេចបានណែនាំសមាជិការគណបក្ស ត្រូវធ្វើយ៉ាងណាកុំផ្ដល់ឱកាសឲ្យក្រុមធ្វើបដិវត្តន៍អាចធ្វើសកម្មភាពបាន ដែលបើតាមសម្ដេចពាក្យនេះមានន័យសង្កត់ធ្ងន់ថា យើងកុំធ្វើឲ្យពលរដ្ឋថ្នាំងថ្នាក់ចិត្ត ត្រូវយកចិត្តពលរដ្ឋ ត្រូវឈរនៅកណ្ដាលជាមួយពលរដ្ឋ ពោលគឺកុំប្រកាន់និន្នាការ គ្រប់គ្រងសង្គមឲ្យយុត្តិធម៌ កុំរំលោភអំណាច និងត្រូវចេះចែករំលែក ប៉ុន្តែត្រូវមានភាពម៉ឺងម៉ាត់។
ជាចុងបញ្ចប់នៃសុន្ទរកថា សម្ដចបានសម្ដែងក្ដីសង្ឃឹមថាតាមរយៈពិធីផ្សព្វផ្សាយនៅថ្ងៃនេះ សមាជិកសមជិការគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សដឹកនាំរាជរដ្ឋាភិបាល នឹងជ្រួតជ្រាបអំពីផែនការ ដែលគណៈកម្មាធិការកណ្ដាលគណបក្សបានដាក់ចេញសម្រាប់ឆ្នាំ២០១៩ និងត្រូវសិក្សាស្វែងយល់ រិះរកយន្តការល្អៗបន្ថែមទៀត ដើម្បីពង្រឹងប្រសិទ្ធភាពការងារជូនប្រជាពលរដ្ឋ និងរក្សាបាននូវស្ថេរភាព និងការអភិវឌ្ឍន៍ប្រទេស ៕
សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងប្រធានក្រុមការងារចុះជួយខេត្តព្រៃវែង និងខេត្តបាត់ដំបង អញ្ជេីញជាអធិបតីក្នុងពិធីផ្សព្វផ្សាយលទ្ធផលនៃសន្និបាតគណៈកម្មាធិការកណ្ដាលលេីកទី៤១ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា នាព្រឹកថ្ងៃសៅរ៍ ៦រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៩ នៅខេត្តបាត់ដំបង ។