សម្ដេចក្រឡាហោម ស ខេង បានអញ្ជើញពិនិត្យវឌ្ឍនភាពនៃការកសាងសំណង់ ហេដ្ឋារចនាសម្ព័ន្ធ និងទីតាំងសំខាន់ៗមួយចំនួន ក្នុងខេត្តបាត់ដំបង
នារសៀលថ្ងៃសុក្រ ៦កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខេត្តបាត់ដំបង បានអញ្ជើញពិនិត្យវឌ្ឍនភាពនៃការកសាងសំណង់ ហេដ្ឋារចនាសម្ព័ន្ធ និងទីតាំងសំខាន់ៗមួយចំនួន ក្នុងខេត្តបាត់ដំបង។
អញ្ជើញអមដំណើរសម្ដេចក្រឡាហោមនាឱកាសនោះ រួមមានឯកឧត្តមសមាជិកសភា ឯកឧត្តមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក និងមន្ត្រីជាន់ខ្ពស់ក្រសួងស្ថាប័នដែលជាថ្នាក់ដឹកនាំ និងសមាជិកក្រុមការងារថ្នាក់ជាតិ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត អភិបាលខេត្ត និងមន្ត្រីជាថ្នាក់ដឹកនាំអង្គភាពចំណុះរដ្ឋបាលខេត្តមួយចំនួនទៀត។
ក្នុងដំណើរអញ្ជើញពិនិត្យវឌ្ឍនភាពនៃការងារបំរើជាតិ និងប្រជាជននាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី បានអញ្ជើញជួបសំណេះសំណាលជាមួយលោកនាយក លោកគ្រូ អ្នកគ្រូ អាជ្ញាធរមូលដ្ឋាន ព្រមទាំងសិស្សានុសិស្សនៅវិទ្យាល័យតាក្រៀម ស្ថិតក្នុងស្រុកបាណន់។
សម្ដេចក្រឡាហោម បានមានប្រសាសន៍ផ្ដាំផ្ញើប្អូនៗសិស្សានុសិស្សខិតខំសិក្សារៀនសូត្រ និងបន្តប្រកាន់ខ្ជាប់វិធានការការពារសុខភាពពីការឆ្លងជំងឺកូវីដ-១៩។ ជាមួយគ្នានេះ សម្ដេចក៏បានអំពាវនាវឱ្យចូលរួមគោរច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន ដ្បិតបច្ចុប្បន្ន ផ្លូវធ្វើដំណើរកាន់តែមានភាពងាយស្រួល ធ្វើឱ្យការចរាចរណ៍មានភាពមមារញឹក។
សម្ដេច ក៏បានពិនិត្យអគារសិក្សាក្នុងវិទ្យាល័យតាក្រៀម និងបានទទួលជំនួននំនិងផ្លែឈើពីលោកនាយក លោកគ្រូ អ្នកគ្រូ អាជ្ញាធរនិងសិស្សានុសិស្ស មុនពេលបន្តដំណើរឆ្ពោះមកកាន់ក្រុងបាត់ដំបងដើម្បីពិនិត្យវឌ្ឍនភាពការងារហេដ្ឋារចនាសម្ព័ន្ធ និងការងារបណ្ដុះបណ្ដាល នៅសាកលវិទ្យាល័យជាតិបាត់ដំបង។
នៅសាកលវិទ្យាល័យជាតិបាត់ដំបង សម្ដេចក្រឡាហោម បានអញ្ជើញពិនិត្យបន្ទប់មន្ទីរពិសោធន៍វិស្វកម្មសំណង់ស៊ីវិលនុយក្លេអ៊ែ ដោយមានការធ្វើបទបង្ហាញជូនពីឯកឧត្តម សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបង។ សម្ដេចក្រឡាហោម បានសម្ដែងការកោតសរសើរចំពោះការសម្រេចបាននូវវឌ្ឍនភាពការងារជាបន្តបន្ទាប់របស់សាកលវិទ្យាល័យជាតិបាត់ដំបង ជាពិសេសក្រោយការធ្វើកំណែទម្រង់រយៈពេល១ឆ្នាំមកនេះ។
នាពេលនោះដែរ សម្ដេចឧបនាយករដ្ឋមន្ត្រី ក៏បានបន្តអញ្ជើញពិនិត្យអាងហែលទឹកខ្នាតអន្តរជាតិ និងទីតាំងសំខាន់ៗក្នុងបរិវេណសាកលវិទ្យាល័យជាតិបាត់ដំបង រួមមានឡដុតសំរាម ស្រះទឹក និងសួនច្បារជាដើម។ សម្ដេច ក៏បានផ្ដាំផ្ញើឯកឧត្តមសាកលវិទ្យាធិការ និងគណៈគ្រប់គ្រងសាកលវិទ្យាល័យ សូមបន្តខិតខំបំពេញភារកិច្ច និងចូលរួមអនុវត្តឱ្យបានល្អនូវវិធានការការពារជំងឺកូវីដ-១៩។
បន្ទាប់មក សម្ដេចក្រឡាហោម ស ខេង រួមទាំងប្រតិភូ បានបន្តអញ្ជើញទៅពិនិត្យទ្វារទឹកទំនប់តាអនដែលជាផ្នែកមួយដ៏សំខាន់នៃការកសាងប្រព័ន្ធធារាសាស្ត្រ បំរើជូនសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋដែលជាប្រជាកសិក ក្នុងការងារបង្កបង្កើនផលស្រូវ និងដំណាំផ្សេងៗដើម្បីទ្រទ្រង់ជីវភាព និងចូលរួមលើកស្ទួយសេដ្ឋកិច្ចជាតិ៕