សម្ដេចក្រឡាហោម ស ខេង បានអនុញ្ញាតជូនលោកជំទាវ Devyani Khobragade ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋឥណ្ឌាចូលជួបសម្ដែងគួរសម
នៅព្រឹកថ្ងៃព្រហស្បតិ៍ ៥កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹង ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតជូនលោកជំទាវ Devyani Khobragade ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋឥណ្ឌាចូលជួបសម្ដែងគួរសម។
ជាកិច្ចចាប់ផ្ដើមនៃជំនួប សម្ដេចបានសម្ដែងការវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា និងឥណ្ឌា ដែលមានជាយូរឆ្នាំមកហើយ ជាពិសេឥណ្ឌាជាប្រទេសមួយដំបូងគេដែលទទួលស្គាល់កម្ពុជាក្រោយការដួលរលំនៃរបបខ្មែរក្រហម។
សម្ដេចបន្តថាទំនាក់ទំនងប្រទេសទាំងពីរតែងត្រូវបានពង្រឹង និងលើកកម្ពស់ជាបន្តបន្ទាប់រហូតដល់បច្ចុប្បន្ននេះ។ សម្ដេចក៏បានសម្ដែងក្ដីអបអរសាទរចំពោះទំនាក់ទំនងដ៏ល្អរវាងថ្នាក់ដឹកនាំគ្រប់កម្រិតនៃប្រទេសទាំងពីរ ពិសេសការផ្លាស់ប្ដូរទស្សនកិច្ចទៅវិញទៅមករវាងថ្នាក់ដឹកនាំគ្រប់កម្រិតក៏បានឆ្លុះបញ្ចាំងនូវទំនាក់ទំនងដ៏ល្អរវាងប្រទេសទាំងពីរ។
នៅក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការរបស់ក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោមក៏បានថ្លែងអំណរគុណរដ្ឋាភិបាលនិងស្ថាប័នពាក់ព័ន្ធរបស់ឥណ្ឌាដែលបានជួយគាំទ្រជាពិសេសទៅលើផ្នែកនៃការអភិវឌ្ឍសមត្ថភាព ការបណ្ដុះបណ្ដាលធនធានមនុស្សដល់មន្ត្រីក្រសួងមហាផ្ទៃកម្ពុជា។
សម្ដេចក្រឡាហោម បានគូសបញ្ជាក់ថានឹងបន្តផ្ដល់កិច្ចសហការជំរុញអនុវត្តទៅតាមអ្វីដែលរដ្ឋាភិបាលនៃប្រទេសទាំងពីរបានព្រមព្រៀង ក៏ដូចជារវាងក្រសួងស្ថាប័នពាក់ព័ន្ធកម្ពុជា និងឥណ្ឌា បានឯកភាពក្នុងការបន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តការរវាងប្រទេសទាំងពីរឱ្យកាន់តែរីកចំរើនឡើងថែមទៀត។
ជាការឆ្លើយតបលោកជំទាវឯកអគ្គរដ្ឋទូតឥណ្ឌា បានឯកភាពចំពោះការវាយតម្លៃរបស់សម្ដេចក្រឡាហោមអំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកម្ពុជា និងឥណ្ឌា ដោយលោកជំទាវក៏បានសង្កត់ធ្ងន់ថាជាការពិតទំនាក់ទំនងរវាងកម្ពុជា និងឥណ្ឌាមានជាយូរលង់ណាស់មកហើយ ពិសេសប្រទេសទាំងពីរមានការផ្សារភ្ជាប់វប្បធម៌ អរិយធម៌ សាសនាតាំងពីយូរលង់ និងដូចដែលសម្ដេចបានមានប្រសាសន៍ថាប្រទេសឥណ្ឌាជាប្រទេសមួយដែលគាំទ្រកម្ពុជាក្រោយការដួលរលំរបបខ្មែរក្រហម។
ក្នុងនាមឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌា លោកជំទាវបានគូសបញ្ជាក់ថានឹងបន្តគាំទ្រកិច្ចសហប្រតិបត្តិការដ៏ល្អនេះជាមួយកម្ពុជា ដោយបន្តខិតខំធ្វើយ៉ាងណាជំរុញឲ្យមានកិច្ចសហប្រតិបត្តិការកាន់តែសកម្មថែមទៀតរវាងប្រទេសទាំងពីរ និងរវាងស្ថាប័នពាក់ព័ន្ធកម្ពុជានិងស្ថាប័នពាក់ព័ន្ធរបស់ឥណ្ឌា។
លោកជំទាវឯកអគ្គរដ្ឋទូតក៏បានជម្រាបជូនសម្ដេចក្រឡាហោមអំពីការជួយគាំទ្ររបស់ភាគីឥណ្ឌាលើកិច្ចការងារមួយចំនួននៅកម្ពុជា ទាំងការងារអភិវឌ្ឍមូលដ្ឋាន ការងារបណ្ដុះបណ្ដាលធនធានមនុស្សដែលលោកជំទាវពិតជារីករាយក្នុងការពង្រីកកិច្ចសហប្រតិបត្តិការនេះបន្ថែមទៀត ពិសេសក្នុងខេត្តមួយចំនួនដែលជាមណ្ឌលបោះឆ្នោតសម្ដេចក្រឡាហោមទទួលខុសត្រូវ។
លោកជំទាវក៏បានជម្រាបជូនសម្ដេចក្រឡាហោមទៀតថានៅឆ្នាំ២០២២ខាងមុខនេះ ជាឆ្នាំដ៏មានសារសំខាន់សម្រាប់កម្ពុជា ជាឆ្នាំដែលកម្ពុជាទទួលធ្វើជាប្រធានអាស៊ាន និងក៏ជាឆ្នាំប្រារព្ធខួបទំនាក់ទំនង៧០ឆ្នាំរវាងកម្ពុជា និងឥណ្ឌា។ លោកជំទាវក៏មានក្ដីរីករាយក្នុងការបន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យ និងផ្នែកនានាដែលស្ថិតក្រោមសមត្ថកិច្ចក្រសួងមហាផ្ទៃកម្ពុជា ជាមួយនឹងភាគីឥណ្ឌា ដើម្បីអបអរសាទរដល់ឆ្នាំ 2022 ជាឆ្នាំដ៏មានសារៈសំខាន់នេះ។
ជាការឆ្លើយតបសម្ដេចក្រឡាហោម ស ខេង បានថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់ និងគំនិតផ្ដួចផ្ដើមរបស់លោកជំទាវ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ រួមទាំងការងារឋិតក្រោមសមត្ថកិច្ចទទួលខុសត្រូវរបស់ក្រសួងមហាផ្ទៃ។
សម្ដេចក៏បានសម្ដែងក្ដីរីករាយទទួលយកគំនិតយោបល់ល្អៗរបស់លោកជំទាវនៅក្នុងការពង្រឹងពង្រីកទំនាក់ទំនងរវាងប្រទេសទាំងពីរនេះ ដោយសម្ដេចបន្តថានឹងបន្តជំរុញដល់ការអនុវត្តបណ្តាកិច្ចព្រមព្រៀង និងអនុស្សារណៈនានាដែលភាគីទាំងពីរបានចុះហត្ថលេខានាពេលកន្លងមក ធ្វើយ៉ាងណាឲ្យទទួលបានលទ្ធផលល្អប្រសើរ ដើម្បីបម្រើដល់ផលប្រយោជន៍ទៅវិញទៅមករវាងប្រជាជន និងប្រទេសទាំងពីរ។
មុននឹងបញ្ចប់សម្ដេចក្រហោម ស ខេង បានជូនពរលោកជំទាវឯកអគ្គរដ្ឋទូតសូមបំពេញភារកិច្ចនៅព្រះរាជាណាចក្រកម្ពុជាប្រកបដោយភាពជោគជ័យដោយសម្ដេចបានគូសបញ្ជាក់ទៀតថាសម្ដេចត្រៀមខ្លួនជានិច្ចក្នុងការជជែកពិភាក្សាលើការងារផ្សេងៗជាមួយលោកជំទាវឯកអគ្គរដ្ឋទូត៕