ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

សម្ដេចក្រឡាហោម ស ខេង បានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគារសិក្សា ១ខ្នង កម្ពស់៤ជាន់ មាន៣០បន្ទប់ ក្នុងបរិវេណវិទ្យាល័យព្រះមុនីវង្ស ស្ថិតនៅក្រុង/ខេត្តបាត់ដំបង

នាព្រឹកថ្ងៃសុក្រ ៦កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគារសិក្សា១ខ្នង កម្ពស់៤ជាន់ មាន៣០បន្ទប់ ក្នុងបរិវេណវិទ្យាល័យព្រះមុនីវង្ស ស្ថិតនៅក្រុងបាត់ដំបង ខេត្តបាត់ដំបង។ 

អញ្ជើញមានប្រសាសន៍សំណេះសំណាលនាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី បានរំលឹកថាសំណើរស្នើសុំសាងសង់គារសិក្សានេះបានធ្វើឡើងតាំងពីអំឡុងឯកឧត្តម ងួន រតនៈ នៅជាអភិបាលខេត្តបាត់ដំបងមកម្លេះ ប៉ុន្តែដោយសារស្ថានភាពកូវីដ-១៩ បានធ្វើឱ្យមានការពន្យាពេលជាបន្តបន្ទាប់។ 

សម្ដេចក្រឡាហោម បានគូសបញ្ជាក់ថានៅកម្ពុជា រាជរដ្ឋាភិបាលដែលមានសម្ដេចតេជោ ជាប្រមុខ បានខិតខំដាក់ចេញវិធានការនានាប្រកបដោយការទទួលខុសត្រូវខ្ពស់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺនេះ តាមរយៈការអប់រំផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋមានការយល់ដឹង និងរួមគ្នាអនុវត្តវិធានការការពារខ្លួន ដូចជាវិធានការ៣កុំ ៣ការពារ។ សម្ដេច បន្តថាបន្ថែមពីនេះរាជរដ្ឋាភិបាលកម្ពុជា បានខិតខំស្វះស្វែងរកវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋ ដែលវ៉ាក់សាំងនេះបានក្លាយជាខែលការពារអាយុជីវិតប្រជាពលរដ្ឋ និងប្រសិនបើមានការឆ្លងក៏មានភាពធូរស្រាល។ 

សម្ដេចក្រឡាហោម បន្ថែមថាទន្ទឹមគ្នានេះ កម្ពុជាបានអនុវត្តការផ្ទេរមុខងារ សិទ្ធិអំណាច និងធនធានក្នុងវិស័យសុខាភិបាលទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ធ្វើឲ្យមានលទ្ធភាពគ្រប់គ្រាន់ក្នុងការដាក់ចេញវិធានការនានា ក្នុងនោះក៏មានវិធានការបង្ការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ផងដែរ។ ឆ្លើយតបនឹងសំណូមពរ និងតម្រូវការចាំបាច់នៃអត្រាសិស្សដ៏ច្រើននៅក្នុងវិទ្យាល័យនេះ សម្ដេចក្រឡាហោម បានប្រកាសសន្យាសាងសង់អគារសិក្សាបន្ថែមទៀត ដោយបានណែនាំឯកឧត្តម ខាន់ ម៉ាណេរ និងឯកឧត្តម សុខ លូ សិក្សាប្លង់ដើម្បីឈានទៅចាប់ផ្ដើមការសាងសង់បន្ទាប់ពីអគារដែលបញ្ចុះបឋមសិលានៅថ្ងៃនេះបានសាងសង់រួចរាល់។ 

ឆ្លៀតក្នុងឱកាសនេះដែរ សម្ដេចក្រឡាហោមឧបនាយរដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់ឡើងវិញអំពីតួអង្គសំខាន់នៅឃុំសង្កាត់ រួមមានមេឃុំ ចៅសង្កាត់ មេប៉ុស្តិ៍រដ្ឋបាលឃុំសង្កាត់ ស្មៀន និងមេភូមិ ដោយសម្ដេច បានបន្តថាតួអង្គទាំងនេះគឺជាអ្នកនៅក្បែរប្រជាពលរដ្ឋ ពិសេសពាក់ព័ន្ធផ្ទាល់ទៅនឹងការបំរើសេវាសាធារណៈផ្សេងៗជូនប្រជាពលរដ្ឋ។ ជាមួយគ្នានេះ សម្ដេច ក៏បានលើកឡើងពីការងារកំណែទម្រង់នគរបាល ក្នុងនោះក៏មានប៉ុស្តិ៍រដ្ឋបាលផងដែរ។ វិទ្យាល័យព្រះមុនីវង្ស ស្ថិតនៅក្រុងបាត់ដំបង ខេត្តបាត់ដំបង និងត្រូវបានបង្កើតឡើងកាលពីអំឡុងឆ្នាំ១៩៤០។ អគារសិក្សាអំណោយសម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ ញ៉ែម សាខន សខេង ដែលបញ្ចុះបឋមសិលាសាសង់នាពេលនេះមានចំនួន១ខ្នង កម្ពស់៤ជាន់ ស្មើ៣០បន្ទប់ ចំណាយថវិកាសាងសង់អស់ប្រមាណ៨០ម៉ឺនដុល្លាអាមេរិក ៕

អត្ថបទដែលជាប់ទាក់ទង