ឯកឧត្តម សន្តិបណ្ឌិត តេង សាវង្ស តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ស ខេង បានអញ្ជើញដឹកនាំប្រតិភូក្រសួងមហាផ្ទៃចូលគោរពព្រះវិញ្ញាណក្ខន្ធ ព្រះសព សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ
នៅរសៀលថ្ងៃអង្គារ ៣កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១នេះ ឯកឧត្តម សន្តិបណ្ឌិត តេង សាវង្ស រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំប្រតិភូក្រសួងមហាផ្ទៃចូលគោរពព្រះវិញ្ញាណក្ខន្ធ ព្រះសព សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ នៅទីតម្កល់តម្កល់សព ស្ថិតនៅព្រះដំណាក់ តាមបណ្ដោយផ្លូវសម្តេចប៉ាន សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានយាងចូលព្រះទិវង្គតនៅថ្ងៃអាទិត្យ ៩រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ កាលពីវេលាម៉ោង៩និង៤០ព្រឹក នៅសាធារណរដ្ឋបារាំង ត្រូវនឹងម៉ោង៣និង៤០នាទីរសៀល ម៉ោងនៅព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះជន្មាយុ៧៧ព្រះវស្សា ដោយព្រះរោគាពាធ។ ព្រះសពព្រះអង្គត្រូវបានដង្ហែរពីសាធារណបារាំងតាមយន្តហោះពិសេសមកដល់មាតុប្រទេសកាលពីព្រឹកថ្ងៃទី៥ ខែធ្នូ ។
រាជរដ្ឋាភិបាលបានកំណត់យកថ្ងៃទី៨ ខែធ្នូ ជាថ្ងៃកាន់ព្រះមរណទុក្ខផ្លូវការនៃការយាងចូលព្រះទិវង្គតរបស់សម្ដេចក្រុមព្រះ។ សម្ដេចក្រុមព្រះនរោត្តម នរោត្តម រណឬទ្ធិ ជាអតីតនាយករដ្ឋមន្ត្រីទី១នីតិកាលទី១នៃរដ្ឋសភា ជាអតីតប្រធានរដ្ឋសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ជាអតីតប្រធានគណបក្សហ៊្វិនស៊ិនប៉ិច មុនចូលព្រះទិវង្គត។ ព្រះសព សម្ដេចក្រុមព្រះនឹងប្រារពពិធីរំលាយព្រះសពក្រោមព្រះរាជាធិបតីភាពព្រះមហាក្សត្រនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១៕