មន្ត្រីជំនាញសាធារណការខេត្តបាត់ដំបងអំពាវនាវដល់អ្នកបើកបរលើផ្លូវល្បឿនលឿន (HIGHWAY) ត្រូវមើលគំនូស និងស្លាកសញ្ញាចរាចរណ៍ដើម្បីបញ្ជៀសគ្រោះថ្នាក់ចរាចរណ៍
បងប្អូនជនរួមជាតិជាទីគោរព!
ថ្ងៃនេះខ្ញុំសូមជម្រាបជូនបងប្អូនជនរួមជាតិនូវស្ថានភាពគ្រោះថ្នាក់ចរាចរណ៍ប្រចាំខែវិច្ឆិកា ឆ្នាំ២០២១ដែលអត្រាអ្នករងគ្រោះបាត់បង់ជីវិតបន្តមានការកើនឡើង ទោះបីអត្រាអ្នករងរបួសមានការថយចុះ ខណៈចំនួនគ្រោះថ្នាក់ចរាចរណ៍សរុប បន្តកើនឡើងធៀបនឹងខែតុលាដោយសារកំណើននៃការធ្វើចរាចរណ៍ឡើងវិញបន្ទាប់ពីស្ថានភាពជម្ងឺកូវីដ-១៩បានធូរស្រាល ។
ជាប្រការគួរឱ្យសោកស្ដាយណាស់ នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២១នេះ របាយការណ៍បានបង្ហាញថា គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស បានកើតឡើងចំនួន ២៥៦លើក កើនឡើង១៣លើកស្មើនឹង៥ភាគរយធៀបនឹងខែតុលា។ ចំនួនអ្នករងរបួសវិញមាន៣០២នាក់ ថយចុះ៣៨នាក់ស្មើនឹង១១ភាគរយ ខណៈអ្នកស្លាប់មានចំនួន១៤៧នាក់ កើន៧នាក់ ស្មើនឹង៥ភាគរយ ធៀបនឹងខែតុលា។
តាមការសន្និដ្ឋានរបស់ផ្នែកជំនាញប្រតិបត្តិជាក់ស្តែងបានកត់សម្គាល់ថាកំណើនគ្រោះថ្នាក់ចរាចរណ៍ កំណើនអ្នករងរបួសនិងអ្នកស្លាប់នាខែតុលានេះគឺដោយសារកំណើនសន្ទុះធ្វើចរាចរឡើងវិញបន្ទាប់ពីសភាពធូស្រាលនៃជម្ងឺកូវីដ-១៩ ហើយមូលហេតុកំណើនគ្រោះថ្នាក់ ស្លាប់ និងរបួសនេះ បណ្តាលមកពីការបើកបរលឿនចំនួន៤៥ភាគរយ ការមិនគោរពសិទ្ធមានចំនួន២០ភាគរយ ការមិនប្រកាន់ស្តាំមានចំនួន១១ភាគរយ វ៉ាជែង៨ភាគរយ ស្រវឹង៣ភាគរយ កត្តាយានយន្ត ងងុយ និងកត្តាផ្លូវ។
ឆ្លៀតក្នុងឱកាសនេះខ្ញុំសូមអំពាវនាវដោយទទូច ដល់បងប្អូនជនរួមជាតិទាំងអស់ ជាថ្មីម្តងទៀត សូមរក្សាស្មារតីគោរព និងអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកឱ្យបានគ្រប់ពេលវេលានៃការធ្វើដំណើរលើដងផ្លូវ និងសូមមានស្មារតីប្រុងប្រយ័ត្ន បើកបរមានការយោគយល់អធ្យាស្រ័យឱ្យគ្នា ដើម្បីការពារសេចក្ដីសុខខ្លួនយើង អ្នកដំណើរផ្សេងទៀតលើដងផ្លូវ ដើម្បីចៀសផុតពីគ្រោះថ្នាក់។
ក្នុងនាមប្រធាន គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ខ្ញុំក៏សូមក្រើនរំលឹកដល់មន្ត្រីមានសមត្ថកិច្ចដឹកនាំ និងប្រតិបត្តិការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកទាំងអស់ សូមបង្កើនការបន្តរឹតបន្តឹងការអនុវត្តច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោកឱ្យបានសកម្ម គ្មានការលើកលែង ឬយោគ យល់អ្វីទាំងអស់ ពីព្រោះនេះជាភារកិច្ចការពារសេចក្ដីសុខ សុវត្ថិភាព និងអាយុជីវិតប្រជាពលរដ្ឋយើង។
យើងទាំងអស់គ្នាចូលរួមគោរពច្បាប់ចរាចរណ៍ដើម្បីសុវត្ថិភាពរបស់យើងតាមពាក្យស្លោក៖
- ថ្ងៃនេះ ថ្ងៃស្អែតកុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍
- គោរពច្បាប់ចរាចរណ៍ផ្លូវគោក ជាកាតព្វកិច្ចរបស់អ្នកប្រើប្រាស់ផ្លូវគ្រប់រូប
- បើកបរលើសល្បឿនដែលច្បាប់កំណត់ ងាយប្រឈមនឹងគ្រោះថ្នាក់
- បើស្រវឹង សូមកុំបើកបរ
- គោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក គឺគោរពជីវិតខ្លួនឯង និងអ្នកដទៃ
- គោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក គឺលើកកម្ពស់កិត្យានុភាពជាតិ
- ការពារជីវិតអ្នក ត្រូវពាក់មួកសុវត្ថិភាព
សូមអរគុណ!