សម្ដេចក្រឡាហោម ស ខេង បានអញ្ជើញប្រារព្ធពិធីសូត្រមន្តចម្រើនព្រះបរិត្ត និងសម្តែងធម៌ទេសនាក្នុងឱកាសប្រារព្ធបុណ្យខួប៧ថ្ងៃ ឧទ្ទិសកុសលជូនដួងវិញ្ញាណក្ខន្ធ មហាឧបាសិកា ស ស៊ន់
នៅរសៀលថ្ងៃចន្ទ ១០រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១នេះ សម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ ញ៉ែម សាខន សខេង ព្រមទាំងឯកឧត្តម លោកជំទាវជាកូន ចៅ និងញាតិមិត្ត បានអញ្ជើញប្រារព្ធពិធីសូត្រមន្តចម្រើនព្រះបរិត្ត និងសម្តែងធម៌ទេសនាក្នុងឱកាសប្រារព្ធបុណ្យខួប៧ថ្ងៃ ឧទ្ទិសកុសលជូនដួងវិញ្ញាណក្ខន្ធ មហាឧបាសិកា ស ស៊ន់ នៅគេហដ្ឋានស្ថិតក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ។
មហាឧបាសិកា ស ស៊ន់ ត្រូវជាបងស្រីបង្កើតរបស់ សម្ដេចក្រឡាហោម ស ខេង។ មហាឧបាសិកាបានទទួលមរណភាពកាលពីថ្ងៃពុធ ៥រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង២១:៤៥នាទី ក្នុងជន្មាយុ៧៤ឆ្នាំ ដោយរោគាពាធ។ សពឧបាសិកាត្រូវបានដង្ហែរពីគេហដ្ឋានមកបានប្រារព្ធពិធីបូជានៅវត្តបុទមវតី រាជធានីភ្នំពេញ កាលពីថ្ងៃសៅរ៍ ទី២៧ ខែវិច្ឆិកាកន្លងទៅ។
ជាកិច្ចបន្តនៃពិធីបុណ្យខួប៧ថ្ងៃដើម្បីឧទ្ទិសកុសលផលបុណ្យជូនមហាឧបាសិកា ស ស៊ន់ នាព្រឹកថ្ងៃអង្គារ ១១រោច ត្រូវនឹងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ សម្ដេចក្រឡាហោម និងលោកជំទាវ ព្រមទាំងឯកឧត្តម លោកជំទាវ ជាកូន ចៅ ញាតិមិត្តជិតឆ្ងាយនឹងនិមន្តព្រះសង្ឃរាប់បាត បង្សុកូល វេរភត្តាអាហារ ដាឆ្លងជាកិច្ចបង្ហើយបុណ្យ ទៅតាមគន្លងប្រពៃណីព្រះពុទ្ធសាសនា ៕