ក្រុមការងារក្រឡាហោមមនុស្សធម៌ បាននាំយកអំណោយសម្តេចក្រឡាហោម និងលោកជំទាវ ផ្ដល់ជូនប្រជាពលរដ្ឋមានបញ្ហាក្នុងជីវភាពចំនួន៤៤គ្រួសារ សិស្សក្រីក្រ១៣០នាក់ និងក្រុមគ្រូបង្រៀនស្ម័គ្រចិត្តចំនួន៦នាក់
ក្រោមការណែនាំ និងយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់សម្តេចក្រឡាហោម ស ខេង អ្នកតំណាងរាស្រ្តមណ្ឌលបាត់ដំបង និងជាប្រធានក្រុមការងារចុះមូលដ្ឋានជួយខេត្តបាត់ដំបង នៅថ្ងៃអាទិត្យ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ក្រុមការងារក្រឡាហោមមនុស្សធម៌ បាននាំយកអំណោយសម្តេចក្រឡាហោម និងលោកជំទាវ ផ្ដល់ជូនប្រជាពលរដ្ឋមានបញ្ហាក្នុងជីវភាពចំនួន៤៤គ្រួសារ សិស្សក្រីក្រ១៣០នាក់ និងក្រុមគ្រូបង្រៀនស្ម័គ្រចិត្តចំនួន៦នាក់។
ក្រុមក្រឡាហោមមនុស្សធម៌ ដែលបាននាំយកអំណោយសម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ ផ្ដល់ជូនប្រជាពលរដ្ឋ និស្សិត និងក្រុមគ្រូបង្រៀនស្ម័គ្រចិត្តនាឱកាសនោះ ដឹកនាំដោយឯកឧត្តម ខាន់ ម៉ាណេរ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ចន្ទ សុផល អ្នកតំណាងរាស្ត្រមណ្ឌលបាត់ដំបង និងឯកឧត្តម ព្រួញ រិទ្ធថា ព្រមទាំងក្រុមការងារមួយចំនួនទៀត។
អំណោយសម្ដេចក្រឡាហោម និងលោកជំទាវ ដែលបានផ្ដល់ជូនប្រជាពលរដ្ឋ សិស្ស និងគ្រូបង្រៀន រួមមាន អង្ករ មី ត្រីខ ទឹកស៊ីអ៊ីវ ទឹកត្រី ទឹកសុទ្ធ ម៉ាស់ អាល់កុល ព្រមទាំងវិទ្យុទាក់ទងចំនួនទៀត។ ប្រជាពលរដ្ឋមានបញ្ហាក្នុងជីវភាព និស្សិតក្រីក្រ និងក្រុមគ្រូបង្រៀនស្ម័គ្រចិត្ត បានអញ្ជើញមកឃុំអូរដំបងមួយ ឃុំនរាហ៍ និងឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង។
អញ្ជើញមានប្រសាសន៍សំណេះសំណាលនាឱកាសនោះ ឯកឧត្តម ខាន់ ម៉ាណេរ បានជម្រាបនូវសេចក្ដីផ្ដាំផ្ញើសួរសុខទុក្ខ និងការនឹករលឹកពីសម្តេចក្រឡាហោម និងលោកជំទាវ ជូនចំពោះបងប្អូនប្រជាពលរដ្ឋ ព្រមទាំងសេចក្ដីថ្លែងអំណរគុណជូនចំពោះប្រជាពលរដ្ឋដែលបានផ្ដល់ការគាំទ្រមកលើរាជរដ្ឋាភិបាល ដើម្បីបន្តដឹកនាំប្រទេសជាតិប្រកបដោយសុខ សន្តិភាព និងការអភិវឌ្ឍ។
ឆ្លៀតក្នុងឱកាសនោះដែរ ក្នុងនាមសម្ដេចក្រឡាហោម ស ខេង ឯកឧត្តម ខាន់ ម៉ាណេរ ក៏បានអំពាវនាវបងប្អូនប្រជាពលរដ្ឋ សិស្សានុសិស្ស គ្រូៗ សូមបន្តគាំទ្រនិងថែរក្សាសន្តិភាព។ ដោយឡែកក៏សូមអញ្ជើញទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ព្រមទាំងបន្តអនុវត្តវិធានការ ៣កុំ ៣ការពារ ដើម្បីការពារខ្លួន ក្រុមគ្រួសារនិងសហគមន៍ ពីការឆ្លងជំងឺកូវីដ-១៩៕