ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

សម្ដេចក្រឡាហោម ស ខេង បានអញ្ជើញថ្វាយព្រះរាជដំណើរព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គស្ដេចយាងចូលរួមក្នុងមហាសន្និបាតលើកទី៤១ របស់អង្គការយូណេស្កូ នៅទីក្រុងប៉ារីស សាធារណរដ្ឋបារាំង

នៅព្រឹកថ្ងៃពុធ ៦កើត ខែកត្ដិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញថ្វាយព្រះរាជដំណើរព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គស្ដេចយាងចូលរួមក្នុងមហាសន្និបាតលើកទី៤១ របស់អង្គការយូណេស្កូ នៅទីក្រុងប៉ារីស សាធារណរដ្ឋបារាំង ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១។

អញ្ជើញថ្វាយព្រះរាជដំណើរព្រះករុណាជាអម្ចាស់ជីវិតលើត្បូងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញនាឱកាសនោះ រួមមានសម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ព្រះញាតិវង្សានុវង្ស ឯកឧត្តម លោកជំទាវ ជាឥស្សរជនជាន់ខ្ពស់នៃស្ថាប័នជាតិសំខាន់ៗ ព្រមថ្នាក់ដឹកនាំ និងមន្ត្រីព្រះបរមរាជវាំង។

មុនដំណើរយាងទៅកាន់សាធារណរដ្ឋបារាំងរបស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ក្រសួងកាបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានប្រកាសឱ្យដឹងថាការយាងចូលរួមក្នុងមហាសន្និបាតលើកទី៤១នេះនៃអង្គការយូនេស្កូរបស់ព្រះករុណាព្រះមហាក្សត្រ គឺតបតាមការយាងរបស់លោស្រី អូដ្រេយ អាហ្សូឡេយ អគ្គនាយិកានៃអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ ហៅកាត់យូណេស្កូ។

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ទៀតថា នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ ជាមួយនឹងវត្តមានរបស់ប្រមុខរដ្ឋ និង រដ្ឋាភិបាលជាច្រើនរូប ព្រះករុណា ព្រះ បាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី នឹងថ្លែងព្រះរាជ សុន្ទរកថា នៅក្នុងពិធីបើកសម័យប្រជុំជាផ្លូវការនៃមហាសន្និបាតនេះ ដោយផ្តោតលើសមិទ្ធផលសំខាន់ៗនៃអង្គការយូណេស្កូ នៅក្នុងប្រទេសកម្ពុជា។

នាឱកាសនៃព្រះរាជអវត្តមាននេះ ព្រះករុណា ព្រះមហាក្សត្រ បានចេញព្រះរាជសារជូនជនរួមជាតិ ក្នុងព្រះរាជសំណេរថា«ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំ សូមព្រះអនុញ្ញាត និងអនុញ្ញាតពីសម្តេចព្រះមហាសង្ឃរាជ ទាំងពីរគណៈ និងព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ សម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី លោកតា លោកយាយ មាមីង បងប្អូន ក្មួយៗជនរួមជាតិទាំងអស់ អវត្តមានពីមាតុប្រទេស ចាប់ពី ថ្ងៃទី១០ ដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ ដើម្បីចូលរួមក្នុងពិធីបើកសម័យប្រជុំមហាសន្និបាត លើកទី៤១ ក្នុងឱកាសបុណ្យខួបទី៧៥ នៃអង្គការយូណេស្កូ នៅសាធារណរដ្ឋបារាំង»។

ព្រះអង្គបានមានព្រះរាជបន្ទូលបន្តថា «នៅក្នុងឱកាសអវត្តមានរបស់ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំ ខាងលើនេះ សម្តេចវិបុលសេនា ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នឹងទទួលជួយទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំ ក្នុងឋានៈជា ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា។ នៅរសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ សម្តេចប្រមុខរដ្ឋ ស្តីទី នឹងអញ្ជើញជាព្រះរាជតំណាងនៃទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំ ក្នុងពិធីពន្លត់ទៀនជ័យ នៃទិវាបុណ្យឯករាជ្យជាតិ នៅវិមានឯករាជ្យ»។

ព្រះអង្គក៏បានថ្វាយព្រះពរ សម្តេចព្រះមហាសង្ឃរាជទាំងពីរគណៈ សូមប្រគេនពរព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងសូមជូនពរ សម្តេច អស់លោក លោកស្រី លោកតា លោកយាយ មាមីង បងប្អូន ក្មួយៗ ជនរួមជាតិទាំងអស់ សូមបានប្រកប តែនឹងព្រះពុទ្ធពរគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូមរំលឹកដែរថា ចាប់ពីឆ្នាំ១៩៩៣ ដល់ឆ្នាំ២០០៤ ព្រះករុណាព្រះមហាក្សត្រ មានព្រះរាជតួនាទីជាឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជាប្រចាំអង្គការយូណេស្កូ ដែលមានទីស្នាក់ការនៅក្រុងប៉ារីស។ នាអំឡុងពេលនោះ ព្រះអង្គមានប្រជាប្រិយភាពយ៉ាងខ្លាំងលើការលើកកម្ពស់វប្បធម៌ខ្មែរលើឆាកអន្តរជាតិ៕

អត្ថបទដែលជាប់ទាក់ទង