ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

ស្ថានភាពគ្រោះថ្នាក់ចរាចរណ៍ប្រចាំខែតុលា ឆ្នាំ២០២១

បងប្អូនជនរួមជាតិជាទីគោរព!

ថ្ងៃនេះខ្ញុំសូមជម្រាបជូនបងប្អូនជនរួមជាតិនូវស្ថានភាពគ្រោះថ្នាក់ចរាចរណ៍ប្រចាំខែតុលា ឆ្នាំ២០២១ ដែលយើងបានមើលឃើញថាទាំងអត្រាអ្នករងគ្រោះបាត់បង់ជីវិត អត្រាអ្នករងរបួស និងចំនួនគ្រោះថ្នាក់ចរាចរណ៍គឺមានការកើនឡើងច្រើនជាងខែកញ្ញា ដែលបញ្ហានេះយើងបានពិនិត្យឃើញថាដោយសារមានកំណើនច្រើនការធ្វើចរាចរណ៍ឡើងវិញបន្ទាប់ពីស្ថានភាពជម្ងឺកូវីដ-១៩បានធូរស្រាល ។

ប្រការគួរឱ្យសោកស្ដាយបំផុតនោះគឺនៅក្នុងខែតុលា ឆ្នាំ២០២១ នេះ របាយការណ៍បានបង្ហាញគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសបានកើតឡើងចំនួន ២៤៣លើក គឺមានការកើនឡើងជាងខែកញ្ញាចំនួន២៣លើក ស្មើនឹង១០ភាគរយ ។ ចំនួនអ្នករងរបួសមានចំនួន៣៤០នាក់ កើន ឡើងជាងខែកញ្ញាចំនួន៦៦នាក់ ស្មើនឹង២៤ភាគរយ និងចំនួនអ្នក ស្លាប់ មានដល់ទៅ១៤០នាក់គឺកើនឡើងជាងខែកញ្ញាចំនួន២១ នាក់ស្មើនឹង១៨ភាគរយ ។

តាមការសន្និដ្ឋានរបស់ផ្នែកជំនាញប្រតិបត្តិជាក់ស្តែងបានកត់សម្គាល់ថាកំណើនគ្រោះថ្នាក់ចរាចរណ៍ កំណើនអ្នករងរបួសនិងអ្នកស្លាប់នាខែតុលានេះគឺដោយសារកំណើនសន្ទុះធ្វើចរាចរឡើងវិញបន្ទាប់ពីសភាពធូស្រាលនៃជម្ងឺកូវីដ-១៩ ហើយ មូលហេតុកំណើនគ្រោះថ្នាក់ ស្លាប់ និងរបួសនេះ គឺបណ្តាលមកពីការបើកបរលឿនមានចំនួន ៣៨ភាគរយ ការមិនគោរពសិទ្ធ មានចំនួន២៧ភាគរយ ការមិនប្រកាន់ស្តាំមានចនួន១៦ភាគរយ ជាមួយការបត់ ការជែង និងការ បើកបរក្នុងស្ថានភាពស្រវឹង ។

ទោះជាយ៉ាងណាក៏ដោយអត្រាគ្រោះថ្នាក់ចរាចរណ៍ក្នុងខែតុលា ឆ្នាំ២០២១នេះ បើប្រៀបធៀប ទៅនឹងខែតុលា ឆ្នាំ២០២០ គឺមានការថយចុះតិចតួចប៉ុន្តែចំនួនអ្នកស្លាប់មានការកើនឡើងទៅ វិញ ។អត្រាគ្រោះថ្នាក់ចរាចរណ៍ បានថយចុះ២លើកស្មើនឹង១ភាគ រយ អត្រាអ្នករងរបួសថយចុះ៤ នាក់ស្មើនឹង១ភាគរយ ប៉ុន្តែអត្រាអ្នកស្លាប់បានកើន២៩នាក់ស្មើនឹង២៦ភាគរយ ។

ឆ្លៀតក្នុងឱកាសនេះខ្ញុំសូមអំពាវនាវដោយទទូច ដល់បងប្អូនជនរួមជាតិទាំងអស់ ជាថ្មីម្តងទៀត សូមរក្សាស្មារតីគោរព និងអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកឱ្យបានគ្រប់ពេលវេលានៃការធ្វើដំណើរលើដងផ្លូវ និងសូមមានស្មារតីប្រុងប្រយ័ត្ន បើកបរមានការយោគយល់អធ្យាស្រ័យឱ្យគ្នា ដើម្បីការពារសេចក្ដីសុខខ្លួនយើង អ្នកដំណើរផ្សេងទៀតលើដងផ្លូវ ដើម្បីចៀសផុតពីគ្រោះថ្នាក់។

ក្នុងនាមប្រធាន គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ខ្ញុំក៏សូមក្រើនរំលឹកដល់មន្ត្រីមានសមត្ថកិច្ចដឹកនាំ និងប្រតិបត្តិការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកទាំងអស់ សូមបង្កើនការបន្តរឹតបន្តឹងការអនុវត្តច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោកឱ្យបានសកម្ម គ្មានការលើកលែង ឬយោគ យល់អ្វីទាំងអស់ ពីព្រោះនេះជាភារកិច្ចការពារសេចក្ដីសុខ សុវត្ថិភាព និងអាយុជីវិតប្រជាពលរដ្ឋយើង។

យើងទាំងអស់គ្នាចូលរួមគោរពច្បាប់ចរាចរណ៍ដើម្បីសុវត្ថិភាពរបស់យើងតាមពាក្យស្លោក៖

- ថ្ងៃនេះ ថ្ងៃស្អែតកុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍

- គោរពច្បាប់ចរាចរណ៍ផ្លូវគោក ជាកាតព្វកិច្ចរបស់អ្នកប្រើប្រាស់ផ្លូវគ្រប់រូប

- បើកបរលើសល្បឿនដែលច្បាប់កំណត់ ងាយប្រឈមនឹងគ្រោះថ្នាក់

- បើស្រវឹង សូមកុំបើកបរ

- គោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក គឺគោរពជីវិតខ្លួនឯង និងអ្នកដទៃ

- គោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក គឺលើកកម្ពស់កិត្យានុភាពជាតិ

- ការពារជីវិតអ្នក ត្រូវពាក់មួកសុវត្ថិភាព

សូមអរគុណ!

អត្ថបទដែលជាប់ទាក់ទង