ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

សម្ដេចក្រឡាហោម ស ខេង បានអនុញ្ញាតជូន ឯកឧត្តម Pablo Kang ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំនៅកម្ពុជា ចូលជួបពិភាក្សាការងារ នៅទីស្ដីការក្រសួង

នៅព្រឹកថ្ងៃពុធ ៦រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតជូន ឯកឧត្តម Pablo Kang ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំនៅកម្ពុជា ចូលជួបពិភាក្សាការងារ នៅទីស្ដីការក្រសួង។

ប្រធានបទសំខាន់ៗនៃជំនួបនេះ រួមមានកិច្ចសហប្រតិបត្តិការទូទៅនៅក្នុងតំបន់ ក្របខណ្ឌនៃជំនួយរបស់ប្រទេសអូស្ត្រាលីទៅលើក្របខណ្ឌនៃគណនេយ្យភាពសង្គម និងអំពីកិច្ចសហប្រតិបត្តិការរវាងកម្លាំងអនុវត្តច្បាប់កម្ពុជា និងអូស្ត្រាលី ព្រមទាំងការជួយគាំទ្រដល់កម្លាំងអនុវត្តច្បាប់កម្ពុជាក្នុងការត្រៀមបើកព្រំដែនឡើងវិញ។

ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការជាទូទៅនៅក្នុងតំបន់ ឯកឧត្តមឯកអគ្គរាជទូតអូស្ត្រាលីបានជម្រាបជូនសម្ដេចអំពីភាពជាដៃគូសន្តិសុខត្រីភាគីដែលមានអូស្ត្រាលី ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក ដោយឯកឧត្តមបានជម្រាបជូនសម្ដេចថាក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការត្រីភាគីនេះធ្វើឡើងដោយមិនមានចេតនាណាមួយក្នុងការបង្កនូវហានិភ័យ ឬអសន្តិសុខនៅក្នុងតំបន់នោះទេ គឺធ្វើឡើងនៅក្រោមហេតុផលសន្តិភាព និងផ្អែកលើតម្រូវការរបស់ភាគីប្រទេសអូស្ត្រាលីតែប៉ុណ្ណោះ។

ចំពោះចំណុចនេះ សម្ដេចក្រឡាហោម ស ខេង ក៏បានជម្រាបជូនឯកឧត្តមឯកអគ្គរាជទូតថាសម្ដេចសូមថ្លែងអំណរគុណដល់ឯកឧត្តមដែលបានជម្រាបជូនអំពីកិច្ចការនេះ ហើយសម្ដេចក៏បានបញ្ជាក់ជូនដែរថាសម្រាប់ជំហរកម្ពុជាគឺបានបង្ហាញរួចមកហើយតាមរយៈក្រសួងការបរទេសរបស់កម្ពុជាពាក់ព័ន្ធនឹងភាពជាដៃគូសន្តិសុខត្រីភាគីនេះ។

ពាក់ព័ន្ធនឹងក្របខណ្ឌនៃគណនេយ្យភាពសង្គម ឯកឧត្តមឯកអគ្គរាជទូតបានជម្រាបជូនសម្ដេចក្រឡាហោមថាក្នុងរយៈពេល៣ឆ្នាំ ចាប់ពីឆ្នាំ២០២១នេះតទៅ រដ្ឋាភិបាលអូស្ត្រាលីបានផ្ដល់ជំនួយថវិកាប្រមាណ១៥លានដុល្លាអូស្ត្រាលីសម្រាប់អនុវត្តគម្រោងនៃក្របខណ្ឌគណនេយ្យភាពសង្គម ដែលជំនួយនេះបានផ្ដល់ជូនតាមរយៈធនាគារពិភពលោក។

សម្ដេចក្រឡាហោមបានថ្លែងអំណរគុណរដ្ឋាភិបាលអូស្ត្រាលី តាមរយៈឯកឧត្តមឯកអគ្គរាជទូត ហើយសម្ដេចបង្ហាញជំនឿជាក់ថាការផ្ដល់ជំនួយនេះក៏ជាផ្នែកមួយរួមចំណែកដល់ការអនុវត្តកម្មវិធីជាតិ១០ឆ្នាំរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបន្តដំណើរការការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការផងដែរ។

ភ្ជាប់ទៅនឹងចំណុចខាងលើនេះ សម្ដេចក៏បានជម្រាបជូននូវបច្ចុប្បន្នភាពមួយចំនួនពាក់ព័ន្ធនឹងការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅកម្ពុជា ដោយសម្ដេចបានជម្រាបជូនថាមកដល់ពេលនេះរាជរដ្ឋាភិបាលកម្ពុជានៅតែមានការប្ដេជ្ញាចិត្តខ្ពស់លើការងារកំណែទម្រង់នេះ ដោយបានរៀបចំនូវផែនការជាតិរយៈពេល១០ឆ្នាំបន្តទៀត ចាប់ពីឆ្នាំ២០២១ដល់ឆ្នាំ២០៣០។

សម្ដេចបន្តថាក្នុងរយៈកាលកន្លងមកនេះ រាជរដ្ឋាភិបាលក៏បានសម្រេចផ្ទេរការគ្រប់គ្រងវិស័យសុខាភិបាលទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ហើយថាការផ្ទេរមុខងារនេះបានរួមចំណែកធ្វើឱ្យការគ្រប់គ្រងការរាតត្បាតនៃជំងឺកូវីដ-១៩ នៅកម្ពុជាទទួលបានប្រសិទ្ធភាពផងដែរ។

ចំពោះបញ្ហានៃកិច្ចសហប្រតិបត្តិការរវាងកម្លាំងអនុវត្តច្បាប់ប្រទេសទាំងពីរវិញ ឯកឧត្តមឯកអគ្គរាជទូតបានជម្រាបជូនសម្ដេចថាទោះបីជាកម្ពុជាបានប្រឈមនឹងស្ថានភាពជំងឺកូវីដ-១៩ ប៉ុន្តែឯកឧត្តមសូមវាយតម្លៃខ្ពស់ចំពោះកិច្ចសហការដ៏ល្អនេះ ក្នុងនោះកម្មវិធីមួយចំនួននៅតែបន្តអនុវត្តដូចជាការបណ្ដុះបណ្ដាល ការកសាងសមត្ថភាព និងកិច្ចសហប្រតិបត្តិការស្រាវជ្រាវបង្ក្រាបបទល្មើសមួយចំនួនក៏នៅតែបន្តកិច្ចសហប្រតិបត្តិការជាមួយគ្នាយ៉ាងសកម្ម។

ឯកឧត្តមក៏បានជម្រាបជូបសម្ដេចដែរថាស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជាត្រៀមនូវដំណើរការបើកព្រំដែនឡើងវិញ ភាគីអូស្ត្រាលីក៏រៀបចំកម្មវិធីបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពជូនដល់កងកម្លាំងអនុវត្តច្បាប់ ជាពិសេសមន្ត្រីបំរើការងារផ្នែកអន្តោប្រវេសន៍ ធ្វើយ៉ាងណាពង្រឹង និងបង្កើនប្រសិទ្ធភាពការងារគ្រប់គ្រងច្រកទ្វារព្រំដែនឱ្យទទួលបានប្រសិទ្ធភាពនៅពេលដែលដំណើរការនូវការបើកព្រំដែនឡើងវិញ។

ពាក់ព័ន្ធនឹងប្រធានបទនេះ សម្ដេចក្រឡាហោមក៏បានសម្ដែងនូវការអបអរសាទរចំពោះកិច្ចសហការរវាងភាគីទាំងពីរក្នុងរយៈពេលកន្លងមក។ ទន្ទឹមនេះ សម្ដេចក៏បានស្នើភាគីអូស្ត្រាលី តាមរយៈឯកឧត្តម ឯកអគ្គរាជទូតធ្វើយ៉ាងណាបង្កើនកិច្ចសហការកាន់តែជិតស្និតខ្លាំងក្លាថែមទៀតពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀនដែលមានការកើនឡើងទោះបីជាពិភពលោកមានការប្រឈមនឹងជំងឺកូវីដ -១៩។

មុននឹងបញ្ចប់ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សម្ដេចក្រឡាហោម ស ខេង បានថ្លែងអំណរគុណរដ្ឋាភិបាលអូស្ត្រាលីដែលតែងតែជួយគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងរយៈពេលកន្លងមកទាំងលើការងារបង្កាទប់ស្កាត់ជំងឺកូវីដ-១៩ និងជំនួយគាំទ្រដល់វិស័យផ្សេងៗនៅកម្ពុជា រួមទាំងកិច្ចសហប្រតិបត្តិការពង្រឹងការងារអនុវត្តច្បាប់៕

អត្ថបទដែលជាប់ទាក់ទង