ឯកឧត្តម ខាន់ ម៉ាណេរ នាំយកអំណោយសម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ ញ៉ែម សាខន សខេង ផ្ដល់ជូនប្រជាពលរដ្ឋមានការខ្វះខាតក្នុងជីវភាព និងរងផលប៉ះពាល់ដោយជំងឺកូវីដ-១៩ ចំនួន២១០គ្រួសារ
ក្រោមការណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចក្រឡាហោម ស ខេង ប្រធានក្រុមការងារចុះជួយមូលដ្ឋានខេត្តបាត់ដំបង និងជាអ្នកតំណាងរាស្ត្រមណ្ឌលបាត់ដំបង នៅថ្ងៃទី២៣ ខែតុលានេះ ឯកឧត្តម ខាន់ ម៉ាណេរ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំ ក្រុមការងារក្រឡាហោមមនុស្សធម៌ នាំយកអំណោយសម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ ញ៉ែម សាខន សខេង ផ្ដល់ជូនប្រជាពលរដ្ឋមានការខ្វះខាតក្នុងជីវភាព និងរងផលប៉ះពាល់ដោយជំងឺកូវីដ-១៩ ចំនួន២១០គ្រួសារ ក្នុងស្រុករតនមណ្ឌល ខេត្តបាត់ដំបង។
ក្រោមការដឹកនាំរបស់ឯកឧត្តម ខាន់ ម៉ាណេរ បេសកកម្មនុស្សធម៌ដ៏ប្រពៃនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបង ឯកឧត្តម ជា វណ្ណៈ ប្រធានសាលាដំបូងខេត្តបាត់ដំបង ឯកឧត្តម ព្រួញ រិទ្ធថា និងលោក អេង គិរុណ។ ជាមួយគ្នានេះ ប្រជាពលរដ្ឋទាំង២១០គ្រួសារដែលបានទទួលអំណោយដ៏ថ្លៃថ្លានេះ បានអញ្ជើញមកពីឃុំចំនួន៥ នៃស្រុករតនមណ្ឌល ហើយអំណោយដែលបានផ្ដល់ជូននោះ រួមមាន អង្ករ មី ត្រីខ ទឹកស៊ីអុីវ ទឹកត្រី ទឹកសុទ្ធ អាល់កុល និងម៉ាស់។
អញ្ជើញថ្លែងសំណេះសំណាលជាមួយប្រជាពលរដ្ឋនាឱកាសនោះ ឯកឧត្តម ខាន់ ម៉ាណេរ បានជម្រាបជូននូវប្រសាសន៍សាកសួរសុខទក្ខពីសម្តេចក្រឡាហោម និងលោកជំទាវ ចំពោះបងប្អូនប្រជាពលរដ្ឋ និងបានអំពាវនាវបងប្អូនសូមបន្តអនុវត្តវិធានការសុខាភិបាល៣កុំ ៣ការពារ ខិតខំបង្កបង្កើនផល និងជាពិសេសសូមបងប្អូនយកចិត្តទុកដាក់ក្នុងការពិនិត្យបញ្ជីឈ្មោះបោះឆ្នោត ចុះឈ្មោះបោះឆ្នោត ដើម្បីបំពេញកាតព្វកិច្ចជាប្រជាពលរដ្ឋកក្នុងការលើកស្ទួយលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា៕