សម្ដេចក្រឡាហោម ស ខេង បានអនុញ្ញាតជូនលោកឧត្តមសេនីយ៍ត្រី ប្រធានស្ថានតំណាងក្រសួងនគរបាលអមស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា ចូលជួបសម្ដែងការគួរសម និងជម្រាបលា នាឱកាសលោកត្រូវបញ្ចប់អាណត្តិការងារនៅកម្ពុជា
នៅរសៀលថ្ងៃពុធ ១រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអនុញ្ញាតជូនលោកឧត្តមសេនីយ៍ត្រី ង្វៀន ហាយសឺន ប្រធានស្ថានតំណាងក្រសួងនគរបាលអមស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា ចូលជួបសម្ដែងការគួរសម និងជម្រាបលា នាឱកាសលោកត្រូវបញ្ចប់អាណត្តិការងារនៅកម្ពុជា។
ជាកិច្ចចាប់ផ្ដើមនៃជំនួប សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី បានសម្ដែងការស្វាគមន៍ និងវាយតម្លៃខ្ពស់ ព្រមទាំងកោតសរសើរចំពោះលោកឧត្តមសេនីយ៍ត្រី ង្វៀន ហាយសឺន ដែលបានខិតខំបំពេញតួនាទីយ៉ាងសកម្មក្នុងនាមជាប្រធានស្ថានតំណាងក្រសួងនគរបាលវៀតណាមប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដែលមានទីតាំងនៅក្នុងស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា។
សម្ដេចបន្តថាក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងនគរបាលវៀតណាម តែងតែមានកិច្ចសហប្រតិបត្តិការជាមួយគ្នាយ៉ាងល្អប្រសើរ និងបន្តនូវកិច្ចសហប្រតិបត្តិការនេះជាបន្តទៀតទៅអនាគត។ សម្ដេចក៏មានសេចក្ដីសង្ឃឹមយ៉ាងមុតមាំថាអ្នកបន្តអាណត្តិការងារក្រោយពីលោកឧត្តមសេនីយ៍ត្រី នឹងបន្តនូវអ្វីដែលជាសមិទ្ធផលដែលក្រសួងទាំងពីរមាននាពេលកន្លងមក និងពង្រីកិច្ចសហប្រតិបត្តិការឱ្យកាន់តែមានវឌ្ឍនភាពល្អប្រសើរថែមទៀត។
ឆ្លៀតក្នុងឱកាសនោះដែរ សម្ដេចក្រឡាហោមក៏បានផ្ដាំផ្ញើនូវការសាកសួរសុខទុក្ខជូនចំពោះឯកឧត្តម ឧត្តមសេនីយ៍ឯក តូ ឡឹម រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម និងបានជូនពរឯកឧត្តមដែលជាប្រធានស្ថាប័នដឹកនាំការងារអនុវត្តច្បាប់រួមចំណែកយ៉ាងសកម្ម និងសំខាន់ ក្នុងការចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩នៅប្រទេសវៀតណាម សូមឱ្យទទួលបានជោគជ័យក្នុងភារកិច្ចបំរើសង្គមជាតិ។
ជាការឆ្លើយប លោកឧត្តមសេនីយ៍ត្រី ង្វៀន ហាយសឺន ក៏បានជម្រាបជូនសម្ដេចក្រឡាហោម នូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្តម ឧត្តមសេនីយ៍ឯក តូ ឡឹម ជូនចំពោះសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងបានជម្រាបសម្ដេចទៀតថា លោកពិតជាមានសេចក្ដីរីករាយ និងកិត្តិយសណាស់ដែលបានបំពេញទទួលតួនាទីជាប្រធានស្ថានតំណាងក្រសួងនគរបាលវៀតណាមប្រចាំនៅកម្ពុជា។
លោកឧត្តមសេនីយ៍ត្រីក៏បានបង្ហាញភាពរីករាក និងវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងក្រសួងទាំងពីរនៅក្នុងអាណត្តិការងារ៣ឆ្នាំកន្លងមកនេះ។ លោកបានជម្រាបសម្ដេចក្រឡាហោមដែរថាក្រោយពីបញ្ចប់អាណត្តិការងារនៅកម្ពុជា លោកនឹងបន្តខិតខំដើរតួនាទីក្នុងការផ្សាភ្ជាប់ទំនាក់ទំនងរវាងសាកលវិទ្យាល័យជាតិបាត់ដំបង និងសាកលវិទ្យាល័យកាន់ធើវៀតណាម ដើម្បីលើកកម្ពស់វិស័យអប់រំប្រទេសទាំងពីរ។
សម្ដេចក្រឡាហោមបានថ្លែងអំណរគុណជាថ្មីម្ដងទៀតចំពោះលោកឧត្តមសេនីយ៍ត្រី និងអរគុណចំពោះការខិតខំប្រឹងប្រែងផ្សាភ្ជាប់ទំនាក់ទំនងរវាងគ្រឹះស្ថានអប់រំ គឺរវាងសាកលវិទ្យាល័យជាតិបាត់ដំបង និងសាកលវិទ្យាល័យកាន់ធើវៀតណាម ដោយសម្ដេចបន្តថាសម្ដេចផ្ទាល់ក៏ជាអ្នកផ្ដួចផ្ដើមកសាងសាកលវិទ្យាល័យធំៗ៣នៅកម្ពុជាដែរ រួមមានសាកលវិទ្យាល័យជាតិបាត់ដំបង សាកលវិទ្យាល័យ ជា ស៊ីម កំចាយមារ និងសាកលវិទ្យាល័យត្បូងឃ្មុំ។
សម្ដេចក្រឡាហោមឧបនាយករដ្ឋមន្រ្តី ក៏បានបង្ហាញក្ដីសង្ឃឹមដែរថាការផ្សាភ្ជាប់ទំនាក់ទំនរវាងគ្រឹះស្ថានអប់រំប្រទេសទាំងពីរ នឹងរួមចំណែកជួយសម្រួលដល់ការលើកកម្ពស់វិស័យអប់រំនៅកម្ពុជាឱ្យបាន កាន់តែល្អប្រសើរមួយកម្រិតថែមទៀត។ មុននឹងបញ្ចប់សម្ដេចក៏បានជូនពរលោកឧត្តមសេនីយ៍ត្រី ង្វៀន ហាយសឺន សូមមានសុខភាពល្អ និងទទួលបានជោគជ័យថ្មីៗបន្ថែមទៀត៕