ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

សម្ដេចក្រឡាហោម ស ខេង បានញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆមាសាទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២១

នៅព្រឹកថ្ងៃអង្គារ ១៥កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆមាសាទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ ។

ជាកិច្ចចាប់ផ្ដើម លោកជំទាវ មិន មាណាវី រដ្ឋលេខាធិការក្រសួងសាធារណៈការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានធ្វើរបាយការណ៍អំពីការងារលិខិតបទដ្ឋានសំខាន់ៗ, ការងារផ្សព្វផ្សាយអប់រំច្បាប់, ការងារជំនាញឯកទេស, ការងារសហប្រតិបត្តិការជាមួយស្ថាប័នជាតិ និងអន្តរជាតិ, លទ្ធផលត្រួតពិនិត្យរឹតបន្តឹងការអនុវត្តច្បាប់, ប្រតិកម្មរបស់សាធារណៈជន, ការសន្និដ្ឋានវាយតម្លៃ និងទិសដៅបន្ត។

ពាក់ព័ន្ធនឹងលទ្ធផលត្រួតពិនិត្យរឹតបន្តឹងអនុវត្តច្បាប់ លោកជំទាវបានលម្អិតទៀតថា នៅក្នុងឆមាសទី១ឆ្នាំ២០២១នេះ សមត្ថកិច្ចបានពិន័យយានយន្តល្មើសច្បាប់ចំនួន១០៥.៩៩៥គ្រឿង ក្នុងនោះទោចក្រយានយន្ត ត្រីចក្រយានយន្ត ចំនួន៧៧.៧៩៤គ្រឿង ស្មើនឹង៧៣ភាគរយ ហើយក្នុងចំណោម៧៣ភាគរយនោះ មាន៩០ភាគរយមិនពាក់មួកសុវត្ថិភាព ៦ភាគរយល្មើសសញ្ញាចរាចរណ៍ ២ភាគរយគ្មានស្លាកលេខ ២ភាគរយប្រើទូរសព្ទ និង១ភាគរយទៀតស្រវឹងស្រា។

ដោយឡែករយន្តល្មើសវិញ មានចំនួន២៨.២០១គ្រឿង ស្មើនឹង២៧ភាគរយ ក្នុងនោះធុនធ្ងន់៦.៤៣១គ្រឿង។ ក្នុងចំណោមរថយន្តល្មើសនោះ មានបទល្មើសមិនពាក់ខ្សែក្រវ៉ាត់៥២ភាគរយ ល្មើសល្បឿន១៦ភាគរយ ប្រើទូរសព្ទ១០ភាគរយ គ្មានផ្លាកលេខ៥ភាគរយ ល្មើសសញ្ញាចរាចរណ៍៧ភាគរយ គ្មានបណ្ណបើកបរ៤ភាគរយ ដឹកលើសចំណុះ៤ភាគរយ គ្មានឆៀក១ភាគរយ គ្មានអាជីវកម្ម១ភាគរយ និងស្រវឹង១ភាគរយ។

ចំពោះសភាពការណ៍គ្រោះថ្នាក់ចរាចរណ៍ លោកជំទាវបានឱ្យដឹងថា ក្នុងឆមាសទី១ ឆ្នាំ២០២១នេះ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងសរុប១.២៦១លើក (យប់៥៤ភាគរយ) បណ្ដាលឱ្យស្លាប់៧០៩នាក់ និងរងបួស១.៧៩២នាក់ ក្នុងនោះរបួសធ្ងន់១.០៤៦នាក់ ហើយមូលហេតុនៃគ្រោះថ្នាក់ គឺល្មើសល្បឿន៣៤ភាគរយ បើកបរមិនគោរពសិទ្ធិ២៣ភាគរយ មិនប្រកាន់ស្ដាំ១៦ភាគរយ វ៉ាជែង៨ភាគរយ បត់៩ភាគរយ កត្តាយានយន្ត៣ភាគរយ ស្រវឹង៣ភាគរយ និងសុខភាព ងងុយ ១ភាគរយ។

ជាការកត់សំគាល់ ក្នុងចំណោមជនរងគ្រោះស្លាប់ មាន៧៨ភាគរយ គឺជាអ្នកជិះម៉ូតូ ស្មើនឹង៥៥៥លើ៧០៩នាក់ និងមានអ្នកមិនពាក់មួកសុវត្ថិភាពចំនួន៦៩ភាគរយ ស្មើនឹង៣៨៥លើ៥៥៥នាក់។ ដោយឡែករាជធានីខេត្តដែលមានអត្រាគ្រោះថ្នាក់ច្រើន រួមមាននៅរាជធានីភ្នំពេញ៣៤០លើក, ខេត្តកណ្ដាល៨៦លើក និងខេត្តស្វាយរៀង៧៧លើក។ គ្រោះថ្នាក់ចរាចរណ៍ឆមាសទី១នេះ បានថយចុះ៣៥៨លើក ស្មើនឹង២២ភាគរយ ស្លាប់ថយចុះ១៥២នាក់ ស្មើនឹង១៨ភាគរយ និងរងរបួសថយចុះ៦៥៧ ស្មើនឹង២៧ភាគរយ។

នាឱកាសនោះដែរ ឯកឧត្តម តូច ចាន់កុសល រដ្ឋលេខាធិការប្រចាំការក្រសួងសាធារណៈការ និងដឹកជញ្ជូន ក៏បានរាយការណ៍ជូនសម្ដេចក្រឡាហោម ព្រមទាំងអង្គប្រជុំអំពីការងារជំនាញមួយចំនួន រួមចំណែកកាត់បន្ថយ លុបបំបាត់គ្រោះថ្នាក់ចរាចរណ៍ ជាពិសេសអត្រាស្លាប់ របួស និងការបាត់បង់ទ្រព្យសម្បត្តិ និងបានរាយការណ៍អំពីទិសដៅសំខាន់ៗសម្រាប់ឆមាសទី២ ទាំងការងារសុវត្ថិភាពចរាចរណ៍ និងការងារទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់។

អញ្ជើញមានប្រសាសន៍នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានគូសបញ្ជាក់ឡើងវិញអំពីការខិតខំរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចតេជោនាយករដ្ឋមន្រ្តី ក្នុងការទប់ស្កាត់ និងគ្រប់គ្រប់សហភាពការណ៍ មិនឱ្យកើតមហន្តរាយធ្ងន់ធ្ងរបង្កឡើងដោយជំងឺកូវីដ-១៩ និងការងារទូទៅរបស់រាជរដ្ឋាភិបាលរួមទាំងការងារទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍។

សម្ដេចក្រឡាហោម បានមានប្រសាសន៍ថា នៅក្នុងឆមាសទី១នេះ ការធ្លាក់ចុះអត្រាគ្រោះថ្នាក់ចរាចរណ៍គឺជាមោទកភាពមួយដែលកើតចេញពីកិច្ចខិតខំប្រឹងប្រែងរបស់គ្រប់ភាគី។ សម្ដេចក្រឡាហោមក៏បានគូសបញ្ជាក់អំពីការងារពាក់ព័ន្ធច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិ ក្នុងនោះឆ្លើយតបនឹងការស្នើសុំធ្វើច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកថ្មី សម្ដេចបានផ្ដល់ការណែនាំឱ្យសិក្សារៀបចំត្រឹមតែវិសោធនកម្មបានហើយ ដោយមិនចាំបាច់ធ្វើច្បាប់ថ្មីនោះទេ ចៀសវាងបង្កើតច្បាប់ និងវិសោធនកម្មច្បាប់ញឹកញាប់ពេក។

សម្ដេចក្រឡាហោមបានសម្ដែងការកោតសរសើរមន្រ្តី និងភាគីពាក់ព័ន្ធទាំងអស់ រួមទាំងប្រជាពលរដ្ឋ ដែលបានខិតខំរួមគ្នាជំរុញការអនុវត្តច្បាប់ស្ដីពីចារណ៍ផ្លូវគោក ឱ្យទទួលបានលទ្ធផលល្អប្រសើរជាង៦ខែឆ្នាំ២០២០ ហើយឆ្លើយបប្រកបដោយភាពវិជ្ជមានទៅនឹងគោលបំណង និងសំណូមពរនៃយុទ្ធនាការពង្រឹងការអនុវត្តច្បាប់។ សម្ដេចក៏បានថ្លែងកោតសរសើរ ក្រសួងស្ថាប័ន និងរដ្ឋបាលរាជធានីខេត្ត ដែលទន្ទឹមនឹងការខិតខំដោះស្រាយវិបត្តិការកូវីដ-១៩ ក៏បានខិតខំអនុវត្តយ៉ាងសកម្មក្នុការកសាងផ្លូវ ជួសជុលកែលម្អរផ្លូវជាតិ ផ្លូវរាជធានីខេត្ត បំរើដល់ការធ្វើចរាចរណ៍ប្រកដោយសុវត្ថិភាព និងជួយដល់សេដ្ឋកិច្ចជាតិ។

សម្ដេចក្រឡាហោមក៏បានបង្ហាញការចាប់អារម្មណ៍ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងសាធារណៈការ និងដឹកជញ្ជូន និងអគ្គស្នងការដ្ឋាននគរបាលជាតិ ចំពោះការរៀបចំប្រព័ន្ធដកពន្ទុកបណ្ណបើកបរអ្នកល្មើស ដែលជាវិធានការថ្មី និងងាយស្រួលក្នុងការអនុវត្ត ដើម្បីឱ្យប្រជាពលរដ្ឋអ្នកបើកបរកាន់តែមានការគោរពច្បាប់ចរាចរណ៍ផ្លូវគោក និងសម្រួលដំណើរការបង់ប្រាក់ផាកពិន័យ។ ទន្ទឹមគ្នានេះ សម្ដេចក៏បានណែនាំឱ្យបន្តពង្រឹងវិន័យកងកម្លាំងអនុវត្តច្បាប់ប្រកបដោយក្រមសីលធម៌ វិជ្ជាជីវៈនិងការបែងចែកប្រាក់ផាកពិន័យឱ្យមានតម្លាភាពដើម្បីលើកទឹកចិត្តកងកម្លាំង។

ពាក់ព័ន្ធនឹងមូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍វិញ សម្ដេចក្រឡាហោមបានកត់សម្គាល់ថានៅតែជាបញ្ហាប្រឈម ជាពិសេសអ្នកជិៈម៉ូតូមិនពាក់មួកសុវត្ថិភាព និងអ្នកបើកបរនៅពេលយប់។

សម្ដេចបានគូសបញ្ជាក់អំពីភាពខ្វះខាតនៃការដាក់ស្លាកសញ្ញាចរាចរណ៍ ពិសេសការគូសគំនូសសញ្ញាចរាចរណ៍នៅរាជធានីភ្នំពេញ ដោយសម្ដេចបានណែនាំកុំឱ្យមើលស្រាលបញ្ហានេះ និងបានស្នើឱ្យអភិបាលរាជធានីភ្នំពេញ ដឹកនាំដោះស្រាយបញ្ហាគំនូសចរាចរណ៍នេះឱ្យបាន ពីព្រោះការងារនេះក៏ជាសេវាសាធារណៈចាំបាច់មួយជូនប្រជាពលរដ្ឋដែរ។

សម្ដេចក្រឡាហោម ក៏បានលើកយោបល់ឱ្យមានការគិតការគូពិចារណាឈានទៅឯកភាពគ្នា កាត់បន្ថយការបង្កើនកម្លាំងនគរបាលចរាចរណ៍ ដោយជំនួសមកវិញនូវឧបករណ៍ សម្ភារៈ និងបច្ចេកទេស។ សម្ដេចបានបន្តថាបើយើងចំណាយថវិកាដើម្បីបំពាក់ឧបករណ៍សម្ភារៈ និងចំណាយថវិកាលើការបង្កើនកម្លាំងនគរបាល តើមួយណាមានលក្ខណៈយុទ្ធសាស្រ្តជាង ឬមួយណាចំណេញជាង និងបញ្ជាក់ក្នុងន័យដើមថា«និយាយអ៊ីចឹង មិនមែនមានន័យថាលែងឱ្យមានកងកម្លាំងនគរបាលនោះទេ ប៉ុន្តែត្រូវបន្ថយតម្រូវការ ដោយប្រើប្រាស់ប៉ូលីសតិច តែមានប្រសិទ្ធិភាពខ្ពស់ ឬប្រើមនុស្សតិច តែមានប្រសិទ្ធភាពខ្ពស់»។

សម្ដេចក្រឡាហោមក៏បានបន្តមានប្រសាសន៍អំពីបញ្ហាប្រឈមជាសត្យានុម័ត និងអន្តនោម័តមួយចំនួនដែលបាន និងកំពុងកើតមានឡើង ហើយមិនទាន់មានដំណោះស្រាយសមស្រប ដូចជាមូលហេតុនៃគ្រោះថ្នាក់ រួមមានការល្មើសល្បឿនកំណត់ មិនគោរពសិទ្ធិអាទិភាព មិនប្រកាំស្ដាំ ការជិៈម៉ូតូមិនពាក់មួកសុវត្ថុភាព, កត្តាខ្វះខាតស្លាកសញ្ញា គំនូសសញ្ញា, កត្តាយានយន្តដឹកទំនិញ និងដឹកដីមួយចំនួនមិនបានចុះបញ្ជី កែច្នៃខុសបច្ចេកទេស និងបង្កបញ្ហាលើដងផ្លូវ ព្រមកត្តាយានយន្តដឹកជញ្ជូនបែបប្រមូលផ្ដុំ ដូចជារថយន្តដឹកកម្មករ និងកត្តាមួយចំនួនទៀត។

ចំពោះទិសដៅការងារឆមាសទី២វិញ សម្ដេចឧបនាយករដ្ឋមន្រ្តីបានឯកភាព និងបានស្នើយកចិត្តទុកដាក់បន្ថែមលើកិច្ចការមួយចំនួនទៀតដូចជា បំពាក់ភ្លើងស្តុប កាមេរ៉ា ការរឹតបន្តឹងច្បាប់ និងអប់រំ ផ្សព្វផ្សាយ ការលើកកម្ពស់គុណភាព និងសមត្ថភាពមន្រ្តីអនុវត្តច្បាប់ទាំងកម្រិតថ្នាក់ជាតិ និងថ្នាក់រាជធានីខេត្ត ព្រមទាំងជំរុញការផ្សព្វផ្សាយអនុវត្តវិធានការ៣ការពារ និង៣កុំ ដោយសម្ដេចមានសេចក្ដីសង្ឃឹមជឿជាក់ថា ផ្អែកលើបទពិសោធន៍ការងារ និងស្មារតីខិតខំប្រឹងប្រែងទទួលខុសត្រូវពីក្រសួង ស្ថាប័នមានសមត្ថកិច្ច អាជ្ញាធរគ្រប់លំដាប់ថ្នាក់ សម្រេចបានជោគជ័យក្នុងការបង្ការ ទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងរក្សាសណ្ដាប់ធ្នាប់ចរាចរណ៍ឱ្យបានកាន់តែប្រសើរឡើង៕

អត្ថបទដែលជាប់ទាក់ទង