ក្រុមការងារក្រឡាហោមមនុស្សធម៌ បាននាំយកអំណោយសម្ដេចក្រឡាហោម និងលោកជំទាវ ផ្ដល់ជូនប្រជាពលរដ្ឋមានការខ្វះខាតក្នុងជីវភាព និងកំពុងរងផលប៉ះពាល់ដោយជំងឺកូវីដ-១៩ ចំនួន១៥០គ្រួសារ
ប្រតិបត្តិតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចក្រឡាហោម ស ខេង អ្នកតំណាងរាស្ត្រ និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានខេត្តបាត់ដំបង នៅថ្ងៃសៅរ៍ ទី១៨ ខែកញ្ញា ឆ្នាំ២០២១នេះ ក្រុមការងារក្រឡាហោមមនុស្សធម៌ បាននាំយកអំណោយសម្ដេចក្រឡាហោម និងលោកជំទាវ ផ្ដល់ជូនប្រជាពលរដ្ឋមានការខ្វះខាតក្នុងជីវភាព និងកំពុងរងផលប៉ះពាល់ដោយជំងឺកូវីដ-១៩ ចំនួន១៥០គ្រួសារ នៅឃុំរបុស្សមង្គល និងឃុំមោង ស្រុកមោងឬស្សី ខេត្តបាត់ដំបង។
ក្រុមការងារក្រឡាហោមមនុស្សធម៌ ដែលបាននាំយកអំណោយ សម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ ញ៉ែម សាខន ស ខេង ផ្ដល់ជូនពលរដ្ឋនាឱកាសនោះ ដឹកនាំដោយឯកឧត្តម ខាន់ ម៉ាណេរ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ចន្ទ សុផល អ្នកតំណាងរាស្រ្តមណ្ឌលបាត់ដំបង ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងអមដំណើរដោយឯកឧត្តម ព្រួញ រិទ្ធថា ព្រមទាំងសមាជិកក្រុមការងារមួយចំនួនទៀត។
អំណោយសម្ដេចក្រឡាហោម និងលោកជំទាវ ដែលបានផ្ដល់ជូនប្រជាពលរដ្ឋមានបញ្ហាក្នុងជីវភាព និងកំពុងរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ នាឱកាសនោះ រួមមាន អង្ករ មី ត្រីខ ទឹកស៊ីអុីវ ទឹកត្រី ទឹកសុទ្ធ ម៉ាស់និងអាល់កុល ហើយតំណាលគ្នានោះដែរ ក្រុមការងារក៏បានអញ្ជើញទៅពិនិត្យសាលាបឋមសិក្សាកួយជីកដី ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចក្រឡាហោម និងលោកជំទាវផងដែរ។
អញ្ជើញមានប្រសាសន៍សំណេះសំណាលជាមួយប្រជាពលរដ្ឋនាឱកាសនោះ ឯកឧត្តម ខាន់ ម៉ាណេរ បានជម្រាបជូននូវសេចក្ដីផ្ដាំផ្ញើសួរសុខទុក្ខ និងការនឹករលឹកខ្ពស់របស់សម្ដេចក្រឡាហោម និងលោកជំទាវ ចំពោះបងប្អូនប្រជាពលរដ្ឋ និងបានអំពាវនាវប្រជាពលរដ្ឋ ក្មេង ចាស់ ប្រុស ស្រីទាំងអស់ចូលរួមគោរពវិធានការ៣កុំ ៣ការពារ ដើម្បីចៀសផុតពីជំងឺកូវីដ-១៩៕