សម្ដេចក្រឡាហោម ស ខេង ផ្ញើសារអបអរសាទរ គោរពជូន សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងឱកាស ដែលសម្ដេចអគ្គមហាសេនាបតីតេជោ ទទួលបាន «មេដាយសហប្រធានកិច្ចប្រជុំកំពូលសន្តិភាពពិភពលោក២០២១»
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ផ្ញើសារអបអរសាទរ គោរពជូន សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាស សម្ដេចអគ្គមហាសេនាបតីតេជោ ទទួលបាន «មេដាយសហប្រធានកិច្ចប្រជុំកំពូលសន្តិភាពពិភពលោក២០២១» ពីមហាសន្និបាតនៃក្ដីសង្ឃឹមលើក ទី៧ ក្រោមប្រធានបទស្ដីពី សន្តិភាពនៅតំបន់អាស៊ីប៉ាស៊ីហ្វិក ។
សារអបអរសាទរបានបញ្ជាក់ខ្លឹមសារថា៖
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ជាទីគោរពដ៏ខ្ពង់ខ្ពស់!
តាងនាមថ្នាក់ដឹកនាំ មន្ត្រីនគរបាលជាតិ មន្ត្រីរាជការស៊ីវិល និងមន្ត្រីពន្ធនាគារ នៃក្រសួងមហាផ្ទៃ ខ្ញុំសូម អនុញ្ញាតចូលរួមសម្ដែងអំណរសាទរ ប្រកបដោយ មនោសញ្ចេតនារំភើបរីករាយយ៉ាងក្រៃលែង ជាមួយជនរួមជាតិ កម្ពុជានៅទូទាំងប្រទេស ក្នុងឱកាស សម្ដេចអគ្គមហាសេនាបតីតេជោ ទទួលបាន «មេដាយសហប្រធាន កិច្ចប្រជុំកំពូលសន្តិភាពពិភពលោក២០២១» ពីមហាសន្និបាតនៃក្តីសង្ឃឹម លើកទី៧ ក្រោមប្រធានបទស្តីពី សន្តិភាពនៅតំបន់អាស៊ីប៉ាស៊ីហ្វិក ។
ការទទួលបាននូវគ្រឿងឥស្សរិយយស ប្រកបដោយគុណតម្លៃជាសកល និងពោរពេញដោយអត្ថន័យដ៏ ជ្រាលជ្រៅនេះ ពិតជាសក្តិសមទៅនឹងគុណបំណាច់ដ៏ឧត្តុង្គឧត្តមរបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី ដែល បានតស៊ូប្ដូរផ្តាច់ និងលះបង់កម្លាំងកាយ ព្រមទាំងប្រាជ្ញាស្មារតី ក្នុងបុព្វហេតុជាតិ និងប្រជាជន នាំមកនូវ សុខសន្តិភាពពេញបរិបូរណ៍ ក្រោមគោលនយោបាយ ឈ្នះ-ឈ្នះ ដ៏ស័ក្ដិសិទ្ធិ ។ ខ្ញុំក៏សូមសម្តែងនូវការកោតសរសើរ ដ៏ស្មោះស្ម័គ្រចំពោះគំរូវីរភាពដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ ប្រកបដោយការប្តេជ្ញាចិត្តដ៏អង់អាចមោះមុតរបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី ដែលបានជំនះរាល់ឧបសគ្គ និងការលំបាកគ្រប់បែបយ៉ាង ការពារបាន យ៉ាងរឹងមាំនូវឯកភាពជាតិ អធិបតេយ្យ និងបូរណភាពទឹកដី ព្រមទាំងកសាងនូវទំនាក់ទំនងដ៏ល្អជាមួយបណ្ត ប្រទេសជាមិត្តក្នុងតំបន់ និងលើសកលលោក រួមចំណែកលើកស្ទួយកិត្យានុភាពជាតិកាន់តែលេចធ្លោថែមទៀត លើឆាកអន្តរជាតិ ។
ក្នុងឱកាសដ៏វិសេសវិសាលនេះ តាងនាមថ្នាក់ដឹកនាំ មន្ត្រីនគរបាលជាតិ មន្ត្រីរាជការស៊ីវិល និងមន្ត្រី ពន្ធនាគារ់ នៃក្រសួងមហាផ្ទៃ ខ្ញុំសូមប្រសិទ្ធពរជ័យ សិរីសួស្ដី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរជូនចំពោះ សម្ដេចតេជោ និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារ សូមបានប្រកបដោយពុទ្ធពរទាំងបួន ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងចៀសផុតពីរោគាព្យាធិទាំងឡាយទាំងពួងកុំបីអាក់ខានឡើយ ។
សូម សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា
ទទួលនូវសេចក្តីគោរពដ៏ខ្ពង់ខ្ពស់ពីខ្ញុំ ៕