សម្តេចក្រឡាហោម ស ខេង អនុញ្ញាតឱ្យបេក្ខជនជ័យលាភីអាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្សផ្ដល់ដោយប្រទេសជប៉ុន ចំនួន២៦រូប ជួបសម្ដែងការគួរសម តាមប្រព័ន្ធវីដេអូអនឡាញ
នៅរសៀលថ្ងៃពុធ ១០កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតឱ្យបេក្ខជនជ័យលាភីអាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្សផ្ដល់ដោយប្រទេសជប៉ុន ហៅកាត់ថា JDS ចំនួន២៦រូប ជួបសម្ដែងការគួរសម តាមប្រព័ន្ធវីដេអូអនឡាញ។
ជាកិច្ចចាប់ផ្ដើម តំណាងនិស្សិតហារូបករណ៍ បានគោរពថ្លែងអំណរគុណជូនសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី ដែលបានចំណាយពេលវេលាដ៏មានតម្លៃ អនុញ្ញាតឱ្យក្រុមនិស្សិតអាហារូបករណ៍ទាំងអស់ បានជួបសម្ដែងការគួរសម និងទទួលអនុសាសន៍ណែនាំនាឱកាសនេះ មុនពេលចាកចេញពីមាតុប្រទេសឆ្ពោះកាន់ប្រទេសជប៉ុនដើម្បីបន្តការសិក្សា។
អញ្ជើញមានប្រសាសន៍នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី បានសម្ដែងនូវការអបអរសាទរ និងកោតសរសើរចំពោះនិស្សិតជ័យលាភីអាហារូបករណ៍ទាំងអស់ ដែលបានតស៊ូសិក្សារៀនសូត្រយកចំណេះវិជ្ជាក្នុងរយៈពេលកន្លងមករហូតអាចទទួលបានអាហារូបករណ៍ទៅសិក្សានៅប្រទេសជប៉ុន។
សម្ដេចបានចាត់ទុកជោគជ័យនៃការទទួលបានអាហារូបករណ៍នេះថាក៏ជាជោគជ័យសម្រាប់ក្រុមគ្រួសារ សាលារៀន សម្រាប់អង្គភាព ក្រសួងស្ថាប័ន និងសម្រាប់រាជរដ្ឋាភិបាលដែរ។ រាជរដ្ឋាភិបាលដែលសម្ដេចក្រឡាហោមសង្កត់ធ្ងន់ថាបានខិតខំកសាងបរិយាកាសសុខសន្តិភាព ស្ថិរភាព ធ្វើឱ្យប្រជាពលរដ្ឋមានឱកាសគ្រប់ៗគ្នាដើម្បីកសាងជីវភាពរស់នៅបានកាន់តែល្អប្រសើរ រួមទាំងការសិក្សារៀនសូត្រ។
សម្ដេចក្រឡាហោមក៏បានផ្ដល់អនុសាសន៍ឱ្យក្រុមនិស្សិតជ័យលាភីទាំងអស់ ខិតខំកសាងទំនាក់ទំនងល្អជាមួយមិត្តនិស្សិតមកពីបណ្ដាប្រទេសផ្សេងទៀត រួមទាំងនិស្សិតជនជាតិជប៉ុន និងបានបន្ថែមក្នុងន័យដើមថា«ទំនាក់ទំនងល្អមានប្រយោជន៍ច្រើនណាស់ ម្យ៉ាងអាចជាកញ្ចក់ឱ្យគេឆ្លុះឃើញថាគំនិតមារយាទ អកប្បកិរិយារបស់ជនជាតិកម្ពុជាយើង គឺស្លូតបូត សុភាពរាបសា ឧស្សាហ៍ព្យាយាម និងតស៊ូក្នុងជីវិត»។
សម្ដេចក្រឡាហោមឧបនាយករដ្ឋមន្រ្តីបានបន្តថា«ក្រៅពីការសិក្សារៀនសូត្រមុខជំនាញរបស់យើង យើងក៏មានឱកាសបានឃើញស្រុកគេ ហើយត្រូវដាក់សំណួរ និងរកចម្លើយ ថាហេតុអ្វីបានជាប្រទេសជប៉ុន ជនរួមជាតិជប៉ុន អាចធ្វើឱ្យប្រទេសរបស់ខ្លួនរីកចំរើន និងទៅជាមហាអំណាចសេដ្ឋកិច្ច? ដូច្នេះត្រូវតែឆ្លៀតស្វែងរកមូលហេតុ។ ជាការពិតហើយសុខសន្តិភាពវាជារឿងមួយ ប៉ុន្តែមានកត្តាអ្វីផ្សេងទៀត?»។
មុននឹងបញ្ចប់ សម្ដេចក្រឡាហោមបានបង្ហាញសេចក្ដីសង្ឃឹមជឿជាក់ថានិស្សិតទាំងអស់នឹងខិតខំបង្កើនសាមគ្គីភាពទាំងក្នុងចំណោមនិស្សិតខ្មែរ និងជាមួយនិស្សិតបរទេសផ្សេងទៀត ហើយនៅក្នុងឱកាសនោះដែរ សម្ដេចឧបនាយករដ្ឋមន្រ្តី ក៏បានចូលរួមផ្ដល់ថវិកាជូននិស្សិតជ័យលាភីអាហារូបករណ៍ទាំង២៦នាក់ ក្នុងម្នាក់ទទួលបាន៤០០ដុល្លារអាមេរិកផងដែរ ៕