សម្ដេចក្រឡាហោម ស ខេង បានអញ្ជើញដឹកនាំកិច្ចប្រជុំ ស្ដីពីការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅក្នុងខេត្តបាត់ដំបង និងបញ្ហាប្រឈម
នៅព្រឹកថ្ងៃចន្ទ ១កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តបាត់ដំបង បានអញ្ជើញដឹកនាំកិច្ចប្រជុំ ស្ដីពីការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅក្នុងខេត្តបាត់ដំបង និងបញ្ហាប្រឈម។
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី បានអញ្ជើញដឹកនាំកិច្ចប្រជុំនេះ ពីទីស្ដីការក្រសួងមហាផ្ទៃដោយមានការញ្ជើញចូលរួមផ្ទាល់ពីឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃមួយចំនួនទៀត ចំណែកអភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង និងសមាជិកអង្គប្រជុំមួយចំនួនទៀតបានចូលរួមតាមវីដេអូសន្និសីទZoom។
អញ្ជើញថ្លែងបើកកិច្ចប្រជុំនាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តបាត់ដំបង បានមានប្រសាសន៍ថាកិច្ចប្រជុំនៅថ្ងៃនេះ គឺទាក់ទងនឹងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ពិសេសការដោះស្រាយបញ្ហាប្រឈមនានាបង្កឡើងដោយការរីករាលដាលមេរោគបំប្លែងថ្មី ដែលខេត្តបាត់ដំបងក៏ស្ថិតក្នុងតំបន់ងាយឆ្លងជំងឺនេះ។
សម្ដេចបានគូសបញ្ជាក់ថាខេត្តបាត់ដំបង គឺជាខេត្តមួយជាប់ព្រំដែនជាមួយប្រទេសថៃ ហើយប្រទេសថៃកំពុងស្ថិតក្នុងអត្រាឆ្លងខ្ពស់នៃមេរោគកូវីដ-១៩ ពិសេសមេរោគបំប្លែងថ្មី ដែលធ្វើឱ្យប្រជាពលរដ្ឋខ្មែរ ពិសេសប្រជាពលរដ្ឋក្រុមប្រជាពលជាក្រុមពលករនាំគ្នាធ្វើដំណើរត្រឡប់មកវិញជាបន្តបន្ទាប់ និងបានក្លាយជាបញ្ហាប្រឈមថ្មីមួយដែលទាមទារឱ្យមានការខិតខំដោះស្រាយ។
សម្ដេចក្រឡាហោមបានបន្ថែមថាប្រឈមនឹងបញ្ហានេះ រាជរដ្ឋាភិបាលកម្ពុជានិយាយជារួម និងរដ្ឋបាលខេត្តបាត់ដំបងនិយាយដោយឡែក ក៏បានខិតខំប្រឹងប្រែងអនុវត្តតាមគោលការណ៍នានាប្រកបដោយការទទួលខុសត្រូវខ្ពស់រួចមកហើយដែរ ។ សម្ដេចបានថ្លែងកោតសរសើរចំពោះក្រុមការងារថ្នាក់ជាតិទាំងអស់ ដែលបានជួយជ្រោមជ្រែងដល់រដ្ឋបាលខេត្តបាត់ដំបង ទាំងជំនួយសម្ភារៈ និងស្មារតី។
បន្ទាប់មក ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង ក៏បានអញ្ជើញធ្វើរបាយការណ៍ជូនសម្ដេចក្រឡាហោម ព្រមទាំងអង្គប្រជុំ អំពីសភាពការណ៍ទូទៅនៃការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ក្នុងខេត្តបាត់ដំបង ដែលរួមមានទាំងវឌ្ឍនភាពការងារ និងបញ្ហាប្រឈម ដែលខេត្តកំពុងជួបប្រទះនារយៈពេលចុងក្រោយនេះ។
ក្នុងនាមរដ្ឋបាលខេត្ត ឯកឧត្តម ងួន រតនៈ ក៏បានលើកសំណូមពរជូនឯកឧត្តម លោកជំទាវ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានក្រុង ស្រុក ទាំងអស់ក្នុងខេត្តបាត់ដំបង បន្តជួយគាំទ្រដល់រដ្ឋបាលក្រុង ស្រុក ឱ្យមានលទ្ធភាពកាន់តែច្រើន ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ជាពិសេសនៅក្នុងអំឡុងពេលនៃការធ្វើយុទ្ធនាការចាក់វ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋក្នុងខេត្តបាត់ដំបង ៕