ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

សម្ដេចក្រឡាហោម ស ខេង បានអញ្ជើញជាសហប្រធានដឹកនាំកិច្ចប្រជុំពិនិត្យវាយតម្លៃលទ្ធផលកិច្ចសហប្រតិបត្តិការ និងចុះហត្ថលេខាលើអត្ថបទបំពេញបន្ថែមទៅលើផែនការសហប្រតិបត្តិការឆ្នាំ២០២០

នៅព្រឹកថ្ងៃអង្គារ ១០រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជាសហប្រធានដឹកនាំកិច្ចប្រជុំពិនិត្យវាយតម្លៃលទ្ធផលកិច្ចសហប្រតិបត្តិការ និងចុះហត្ថលេខាលើអត្ថបទបំពេញបន្ថែមទៅលើផែនការសហប្រតិបត្តិការឆ្នាំ២០២០ ជាមួយ ឯកឧត្តម ឧត្តមសេនីយ៍ឯក តូ ឡឹម សមាជិកការិយាល័យនយោបាយ និងជារដ្ឋមន្រ្តីក្រសួងនគរបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម តាមប្រព័ន្ធវីដេអូ។

ស្របតាមស្មារតីនៃទំនាក់ទំនងដ៏ល្អ និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងថ្នាក់ដឹកនាំគ្រប់កម្រិតនៃ ប្រទេសទាំងពីរ កម្ពុជា-វៀតណាម សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និង ឯកឧត្តម ឧត្តមសេនីយ៍ឯក តូ ឡឹម រដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាម បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ ប្រកបដោយលទ្ធផលជាផ្លែផ្កាក្នុងការងារថែរក្សាបានយ៉ាងរឹងមាំនូវសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ និងសុវត្ថិភាពសង្គម ទោះបីស្ថិតក្នុងស្ថានភាពប្រឈមនាពេលបច្ចុប្បន្ន ដែលបង្កឡើងដោយជំងឺកូវីដ-១៩ ។

ភាគីទាំងពីរក៏បានកត់សម្គាល់នូវលទ្ធផល និងសមិទ្ធផលសំខាន់ៗ នៃកិច្ចសហប្រតិបត្តិការ ក្នុងរយៈពេលជាង១ឆ្នាំកន្លងទៅនេះ ក្នុងនោះរួមមាន ការជួយគាំទ្រគ្នាទៅវិញមកក្នុងការប្រយុទ្ធប្រឆាំងការរាតត្បាតនៃជំងឺកូវីដ-១៩ ការជួយឧបត្ថម្ភគាំទ្រផ្នែកសម្ភារបច្ចេកទេស ការងារកសាងសមត្ថភាពកងកម្លាំងការផ្លាស់ប្តូរទស្សនកិច្ចប្រតិភូជំនាញ និងកិច្ចសហការទប់ស្កាត់ និងបង្រ្កាបបទល្មើសឆ្លងដែនគ្រប់ប្រភេទ ជាពិសេស បទល្មើសគ្រឿងញៀន អំពើជួញដូរ និងរត់ពន្ធមនុស្សឆ្លងដែន ។

ទន្ទឹមនេះ សម្តេចក្រឡាហោម ស ខេង និង ឯកឧត្តម ឧត្តមសេនីយ៍ឯក តូ ឡឹម ក៏បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចសហការជិតស្និទ្ធរវាងអាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចនៃបណ្តាខេត្តជាប់ព្រំដែន ដែលតែងជួយឧបត្ថម្ភគាំទ្រគ្នាទៅវិញទៅមក ក្នុងការប្រយុទ្ធប្រឆាំងការរីករាលដាល នៃជំងឺកូវីដ-១៩ និងការថែរក្សាបរិយាកាសសន្តិសុខតាមខ្សែបន្ទាត់ព្រំដែនបានល្អប្រសើរ ដែលរួមចំណែកបង្កលក្ខខណ្ឌសមស្របដល់ការប្រកបជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក៏ដូចជាបម្រើដល់ការអភិវឌ្ឍសង្គមជាតិ និងផលប្រយោជន៍ទៅវិញទៅមក របស់ប្រជាជននៃប្រទេសទាំងពីរ ។

ដើម្បីបន្តអនុវត្តនូវយន្តការសហប្រតិបត្តិការប្រចាំឆ្នាំទ្វេភាគីរវាងក្រសួងទាំងពីរ ដែលបានអាក់ខាន អស់រយៈពេលជាង១ឆ្នាំកន្លងមកនេះ ដោយសារស្ថានភាពប្រឈមដ៏ស្មុគស្មាញបង្កឡើងដោយជំងឺកូវីដ-១៩ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃកម្ពុជា និង ឯកឧត្តម ឧត្តមសេនីយ៍ឯក តូ ឡឹម សមាជិកការិយាល័យនយោបាយ និងជារដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាម បានចុះហត្ថលេខាលើអត្ថបទបំពេញបន្ថែមទៅលើខ្លឹមសារនៃផែនការសហប្រតិបត្តិការឆ្នាំ២០២០ សម្រាប់អនុវត្តបន្តជាផែនការ សហប្រតិបត្តិការឆ្នាំ២០២១ រវាងក្រសួងទាំងពីរ និងបានឯកភាពយកចិត្តទុកដាក់បន្តអនុវត្តកិច្ចការសំខាន់ៗ មួយចំនួនបន្ថែមទៀត រួមមាន បង្កើនកិច្ចសហការធានាសន្តិសុខតាមព្រំដែន តាមរយៈការជំរុញវិធានការបង្ការ និងទប់ស្កាត់ការ ចេញ-ចូលឆ្លងដែនខុសច្បាប់ ព្រមទាំងបន្តកិច្ចសហការរក្សាសណ្ដាប់ធ្នាប់ និងសុវត្ថិភាពតំបន់ព្រំដែន ដើម្បីកសាងខ្សែបន្ទាត់ព្រំដែនសន្តិភាព មិត្តភាព និងការអភិវឌ្ឍ, បង្កើនកិច្ចសហការបង្ការ និងទប់ស្កាត់បទល្មើសឆ្លងដែនគ្រប់ប្រភេទ ប្រព្រឹត្តដោយបុគ្គល ឬបទល្មើសមានអង្គការចាត់តាំង ជាពិសេសបទល្មើសគ្រឿងញៀន និងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ក្នុងដែនសមត្ថកិច្ចរៀងៗខ្លួន ដោយអនុលោមតាមច្បាប់នៃប្រទេសនីមួយៗ និងការបន្តកិច្ចសហការជិតស្និទ្ធ ក្នុងការផ្លាស់ប្តូរបទពិសោធន៍ និងការជួយគាំទ្រគ្នាទៅវិញទៅមក លើការងារថែរក្សាសន្តិសុខ សុវត្ថិភាព បម្រើឲ្យការប្រារព្ធនូវព្រឹត្តការណ៍ជាតិ និងអន្តរជាតិសំខាន់ៗ ដែលប្រទេសទាំងពីរត្រូវរៀបចំ ឬធ្វើជាម្ចាស់ផ្ទះ។

សូមជម្រាបជូនថា ឆ្នាំ២០២១នេះ ក្រសួងមហាផ្ទៃកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះប្តូរវេន រៀបចំកិច្ចប្រជុំ ទ្វេភាគីប្រចាំឆ្នាំ២០២១ ដើម្បីពិនិត្យវាយតម្លៃលទ្ធផលកិច្ចសហប្រតិបត្តិការឆ្នាំ២០២០ រវាងក្រសួងមហាផ្ទៃ កម្ពុជា និងក្រសួងនគរបាលវៀតណាម។ ក៏ប៉ុន្តែ ដោយសារស្ថានភាពប្រឈមនៃជំងឺកូវីដ-១៩ កិច្ចប្រជុំប្រចាំឆ្នាំ២០២១នេះ ត្រូវបានលើកមកប្រារព្ធធ្វើតាមប្រព័ន្ធវីដេអូវិញ ៕

អត្ថបទដែលជាប់ទាក់ទង