ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

លទ្ធផលការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ដែលគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គ.ជ.ប.ជ សម្រេចបានក្នុងរយៈពេល៦ខែឆ្នាំ២០២១

បងប្អូនជនរួមជាតិជាទីគោរព!

ថ្ងៃនេះខ្ញុំសូមជម្រាបជូនបងប្អូនជនរួមជាតិ អំពីលទ្ធផលការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ដែលគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គ.ជ.ប.ជ សម្រេចបានក្នុងរយៈពេល៦ខែឆ្នាំ២០២១។

ចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២១នេះ អគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ បានប្រមូលទិន្នន័យជាប្រចាំរបស់រដ្ឋបាលរាជធានី ខេត្ត នូវចំនួនពលករ វិលត្រឡប់ជារៀងរាល់ថ្ងៃ ក្នុងអំឡុងពេលនៃការរីករាលដាលជម្ងឺកូវីដ ១៩ សរុបប្រមាណ ៦៣.២៦៩នាក់ មានស្រ្តីប្រមាណ ២៧.១៦២នាក់។ ជាមួយគ្នានេះដែរ អគ្គស្នងការដ្ឋាននគរបាលជាតិ បានធ្វើបច្ចុប្បន្នភាពទិន្នន័យប្រចាំខែ ចំពោះពលករចំណាកស្រុក ត្រឡប់មកពីក្រៅប្រទេសវិញ ទាំងស្របច្បាប់ និងមិនស្របច្បាប់ សរុបចំនួន ១៥០.៨៨៥នាក់ ដែលក្នុងនោះមានស្ត្រី៥៤.៥៥៦នាក់ និង អនីតិជន៥៦៤នាក់ មានស្រី១៥៧នាក់។

កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តចំនួន៦ បានធ្វើការងារបង្ការទប់ស្កាត់ពលរដ្ឋខ្មែរ ដែលធ្វើចំណាកស្រុកទៅរកការងារធ្វើនៅក្រៅប្រទេសដោយខុសច្បាប់បានចំនួន៨២លើក មនុស្សចំនួន៥៩៣នាក់មានស្ត្រី១៩៧នាក់ ជាអនីតិជន ៣៤នាក់ ស្រី ០៧នាក់ ក្នុងនោះមាន ខេត្តបាត់ដំបងចំនួន៣០លើក ខេត្តកោះកុងចំនួន២៧លើក បន្ទាយមានជ័យចំនួន៨លើក តាកែវចំនួន៩លើក និងស្វាយរៀងចំនួន៥លើក។ ក្រោយពីបានទទួល និងឃាត់ខ្លួនពលរដ្ឋទាំងនោះ ក៍បានធ្វើកិច្ចសន្យាអប់រំ ណែនាំកុំឲ្យចំណាកស្រុកខុសច្បាប់ទៅក្រៅប្រទេសទៀត។

នៅក្នុងរយៈពេលមួយឆមាសនេះ ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត បានល្បាតឃ្លាំមើលគោលដៅ សង្ស័យមានសកម្មភាពអាជីវកម្មផ្លូវភេទបានចំនួន១.០៧៤លើក លើគោលដៅ៣១៨គោលដៅ មានចំនួនមនុស្សសរុបចំនួន១.២៤៩នាក់ក្នុងនោះមានស្រ្តី ១.០៣៦នាក់ និងបានធ្វើសកម្មភាពបង្ការ ទប់ស្កាត់អំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ តាមគោលដៅបម្រើសេវាកំសាន្ត ដែលអាចបង្កប់សេវាផ្លូវភេទ ដោយចុះធ្វើបច្ចុប្បន្នភាពទិន្នន័យស្ថិតិ និងធ្វើកិច្ចសន្យាហាមឃាត់ ការប្រព្រឹត្តបទល្មើសសញ្ចារកម្ម និងផ្សព្វផ្សាយច្បាប់ស្ដីពី ការបង្រ្កាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ដល់ម្ចាស់អាជីវកម្ម និងបុគ្គលិកធ្វើការក្នុងហាងម៉ាស្សា និងខារ៉ាអូខេ។

ដោយឡែកនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ គឺក្រុមការងារអនុវត្តច្បាប់ នៃច្រកចេញចូលតែមួយ ទទួលបន្ទុកការងារអាពាហ៍ពិពាហ៍រវាងពលរដ្ឋខ្មែរ និងជនបរទេស បានទទួលពាក្យ និងសម្ភាសពលរដ្ឋខ្មែរ និងជនបរទេស សរុបចំនួន ២១១គូ ដែលបានដាក់ពាក្យសុំរៀបអាពាហ៍ពិពាហ៍តាមផ្លូវច្បាប់ ព្រមទាំងបានទំនាក់ទំនងទៅ នារីខ្មែរ ដែលទៅរស់នៅជាមួយស្វាមីនៅក្រៅប្រទេស ក្នុងនោះសាធារណរដ្ឋកូរ៉េ ១៣នាក់ ដើម្បីតាមដានស្ថានភាព ដែលសង្ស័យថាអាចកើតមានការជួញដូរមនុស្ស តាមរយៈការរៀបអាពាហ៍ពិពាហ៍។

នៅក្នុងឆមាសទី១នេះដែរ នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានតាមដានស្រាវជ្រាវ បង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ សរុបបាន ១៩៨ករណីលើ៦៣ករណី កើនឡើងចំនួន ១៣៥ករណី ធៀបនឹងឆ្នាំ២០២០ ឃាត់ខ្លួនជនសង្ស័យបញ្ជូនទៅសាលាដំបូងចំនួន ២៩១នាក់ និងបានសង្រ្គោះជនរងគ្រោះចំនួន ៧២១នាក់ ក្នុងនោះមានៈ អាយុក្រោម១៥ឆ្នាំ ៨៨នាក់ អាយុ១៥-១៧ឆ្នាំ ៦៣នាក់ និងអាយុពី១៨ឆ្នាំឡើង ៥៧០នាក់ ដោយប្រគល់ឱ្យមន្ទីរសង្គមកិច្ច ២៥នាក់ និងប្រគល់ឱ្យគ្រួសារ ៦៩៦នាក់។

ចំណែកសាលាដំបូងរាជធានី-ខេត្តវិញ ក្នុងរយៈពេលដូចគ្នានេះ បានធ្វើចំណាត់ការលើសំណុំរឿងបទល្មើសក្រោមច្បាប់ ស្ដីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ទទួលបានលទ្ធផលដូចខាងក្រោមនេះ៖

១.ចំណាត់ការរបស់អយ្យការអមសាលាដំបូងរាជធានី-ខេត្ត មានសរុបចំនួន ៤៤១ករណី ជនរងគ្រោះចំនួន ៤៨៦នាក់(ស្រី ២៣៧នាក់) ក្នុងនោះមានអនីតិជន ១៤២នាក់(ស្រី៧៥នាក់) ជនត្រូវចោទមានចំនួន ៤៣៨នាក់(ស្រី ១៦២នាក់) ក្នុងនោះមានអនីតិជន ១៥នាក់(ស្រី ០២នាក់) ហើយបានចំណាត់ការដោយបានបញ្ជូនទៅស៊ើបសួរចំនួន ៣៤៤ករណី តម្កល់ទុកឥតចាត់ការ ១០ករណី បញ្ជូនរឿងទៅជម្រះផ្ទាល់ ០៧ករណី និងកំពុងចាត់ការចំនួន ៨០ករណី។

២. ចំណាត់ការរបស់ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានី-ខេត្ត សរុបមានចំនួន ៣៣២ករណី ជនរងគ្រោះចំនួន ៥៣៤នាក់ (ស្រី ៣០៤នាក់) ក្នុងនោះមានអនីតិជន ១៣៨នាក់(ស្រី ១២៣នាក់) ជនត្រូវចោទមានចំនួន ៥២៩នាក់ (ស្រី ១០២នាក់) ក្នុងនោះមានអនីតិជន ៧៥នាក់ (ស្រី ១០នាក់) ក្នុងនោះបានចំណាត់ការ(បញ្ជូនទៅជម្រះចំនួន ១១៧ករណី លើកលែងចោទ ០៥ករណី និងកំពុងចាត់ការចំនួន ២១០ករណី)។

៣. ដំណាក់កាលចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានី-ខេត្ត សរុបមានចំនួន ២០៤ករណី ជនរងគ្រោះចំនួន ២៧០នាក់(ស្រី ១៥៦នាក់) ក្នុងនោះមានអនីតិជន ៨៣នាក់(ស្រី ៧៥នាក់) ជនជាប់ចោទសរុប ១៩៩នាក់(ស្រី ៨១នាក់) និងប្រភេទចំណាត់ការ(ទោសព្យួរ ០២នាក់ ពិន័យជាប្រាក់ ០១នាក់ រួចផុតពីបទចោទ ០៤នាក់ រំលត់បណ្ដឹងអាជ្ញាគ្មាន ចាត់ការរួច ៦៥ករណី ផ្តន្ទាទោសដាក់ពន្ធនាគារក្នុងឃុំ ៣៧នាក់ និងកំពុងចាត់ការ ១៣៩ករណី)។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ក្នងនាមក្រសួងមហាផ្ទៃ និងក្នងនាមគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គ.ជ.ប.ជ ខ្ញុំសូមវាយតម្លៃ និងកោតសរសើរខ្ពស់ចំពោះថ្នាក់ដឹកនាំ មន្រ្តីរាជការ គ្រប់ក្រសួងស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ចំណុះឱ្យ គ.ជ.ប.ជ ទាំងអស់ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចដោយមិនខ្លាចនឿយហត់ ពិសេសនៅក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ-១៩ដ៏គ្រោះថ្នាក់ទាំងនៅក្នុងប្រទេសកម្ពូជា និងនៅក្រៅប្រទេស ធ្វើឱ្យរាជរដ្ឋាភិបាលកម្ពុជាអាចសម្រេចបាននូវភារកិច្ចបំរើជាតិ និងប្រជាជន លើការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។

ឆ្លៀតនៅក្នុងឱកាសនេះដែរ ខ្ញុំក៏សូមអំពាវនាវបងប្អនជនរួមជាតិបន្តចូលរួមសហការជាមួយអាជ្ញាធរ និងមន្រ្តីពាក់ព័ន្ធទាំងអស់នៅក្នុងការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនេះនៅតាមមូលដ្ឋានរបស់បងប្អូន តាមរយៈការមិនប្រព្រឹត្តអំពើល្មើស ការរាយការណ៍អំពីអំពើល្មើស និងការចូលរួមផ្សព្វផ្សាយ ពន្យល់ អប់រំណែនាំដល់សាច់ញាតិ បងប្អូន អ្នកភូមិផងឱ្យមានការយល់ដឹងពីគ្រោះថ្នាក់នៃអំពើជួញដូរមនុស្ស ដែលស្ដែងឡើងតាមរយៈអាពាហ៍ពិពាហ៍មិនស្របច្បាប់ទៅក្រៅប្រទេស ការធ្វើចំណាកស្រុកខុសច្បាប់ និងការប្រើឧបាយកលទុច្ចរិតអូសទាញ ឃោសនា ក្រោមរូបភាពផ្សេងទៀតរបស់ជនល្មើស ៕

សូមអរគុណ!

អត្ថបទដែលជាប់ទាក់ទង